លោក រ៉ុង ឈុន ប្រធានសហភាពសហជីបកម្ពុជា នឹងចូលខ្លួនបំភ្លឺ តាមដីកាដោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ក្នុងពេលឆាប់ៗនេះ (រូបភាពដោយ ជន ស្រីណុច)
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ឲ្យដឹងថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមករា ខាងមុខនេះ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក រ៉ុង ឈុន បានដឹកនាំកម្មកររោងចក្រសម្លៀកបំពាក់ និងកាត់ដេរស្បែកជើង ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាល និងភាគីនិយោជក ដំទ្បើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ ពី៨០ដុល្លារអាមេរិក ដល់១៦០ដុល្លារអាមេរិក ក្នុងមួយខែ។
លោក ប្រាប់VODថា លោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ពីព្រោះការធ្វើកូដកម្ម-បាតុកម្ម ជាសិទ្ធិសេរីភាពរបស់កម្មករ ដើម្បីទាមទារការដំទ្បើងប្រាក់ឈ្នួលសមរម្យសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ លោកបន្តថា លោកមិនព្រួយបារម្ភចំពោះចំណាត់ការតុលាការនោះទេ។
ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃអង្គារសប្តាហ៍ក្រោយដែរ ចំពោះករណីដូចគ្នានេះ៕
No comments:
Post a Comment
yes