សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 7, 2014

បក្ស​កាន់​អំណាច​យក​ថ្ងៃ​៧​មករាវាយប្រហារ​លើ​បក្សប្រឆាំង​រឿង​ដឹកនាំ​បាតុកម្ម​​

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងទិវាអបអរសាទរខួបលើក
ទី ៣៥ នៃជ័យជំនះថ្ងៃ៧ មករា (រូបភាពដោយ តាត ឧត្តម)

​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ បាន​វាយប្រហារ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា បាន​នឹង​កំពុង​ញុះញង់​ឲ្យ​ពលរដ្ឋ​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំង លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៥​នេះ ក្នុង​បំណង​ចង់​ដណ្តើម​អំណាច ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។
​ក្នុង​ពិធី​រំលឹក​ថ្ងៃ​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៣៥ នៅ​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេ​ជ្រ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ថ្លែងថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ រាជរដ្ឋាភិបាល​ថ្មី​មួយ​បាន​កើតឡើង ស្រប​តាម​រដ្ឋ ធម្មនុញ្ញ ដែល​មាន​លោក ហ៊ុន សែន ​ជា​នាយករដ្ឋមន្ត្រី។​
​លោក ហេង សំរិន បន្តថា បើទោះបី​យ៉ាងនេះ​ក៏ដោយ គណបក្សប្រឆាំង​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​មួយចំនួន ធ្វើបាតុកម្ម​តាម​ដងផ្លូវ ធ្វើឲ្យ ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ប្រឆាំងនឹង​លទ្ធផល​នេះ ហើយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ចេញពី​តំណែង​ទៀត​ផង​​។ លោក​ហៅ​សកម្មភាព​របស់​បក្ស​ប្រឆាំង​នេះ​ថា ជា​ចេតនា​ចង់​បាន​អំណាច​ខុសច្បាប់<<​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ការពារ​រដ្ឋសភា និង​ការពារ​រាជរដ្ឋាភិបាល ដែល​កើតចេញ​ពី​ការបោះឆ្នោត ការពារ​រដ្ឋធម្មនុញ្ញ ការពារ​លទ្ធិប្រជាធិបតេយ្យ ហើយ​​​​មិន​អនុញ្ញាតឲ្យ​កម្លាំង​នយោបា​យណា​ឬ​មជ្ឈដ្ឋាន​អគតិ​ណា មក​បំផ្លាញដំណើរការ​រីកចម្រើន​ជាតិ និង​រាល់​សមិទ្ធផល​ដែល​ប្រជា​ជន​​​​សម្រេចបាន យ៉ាង​លំបាកលំបិន​បំផុត ក្នុង​រយៈពេល​៣៥​ឆ្នាំ កន្លងមកនេះ​បាន​ឡើយ​>>​។​

ការ​ថ្លែង​របស់លោក ហេង សំរិន ត្រូវបាន​បន្ទរ​ថែម ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ លោកស្រី ម៉ក់ វណ្ណ​ស៊ីថា ដែល​លើកឡើង​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​កម្ពុជា ហើយ​បាន​ចាត់ទុក មនុស្ស​ទាំងឡាយ​ណា ដែល​​មិន​ឲ្យ​តម្លៃ​ថ្ងៃនេះ ថា​ជា​មនុស្ស​មិន​ស្គាល់​បាប​បុណ្យ<<​ឆ្លើយតប​ចំពោះ​សកម្មភាព​ដ៏​ឆ្កួត​លីលា​របស់​ពួក​ប្រឆាំង​នៅពេលនេះ យើងខ្ញុំ​សូម​ឆ្លៀត​បញ្ជាក់ អំពី​ឆន្ទៈ​ដែល​តំណាងប្រជាជន​កម្ពុជា ភាគច្រើន​លើសលប់នៅ​ទូទាំង​ប្រទេស ដូចតទៅ ១. បណ្តា​អ្នក​ទាំងឡាយ​ណា ដែល​បាន​ជេរប្រមាថ តាំងខ្លួន​ជា​សត្រូវ​នឹង​ទិវា​ជ័យ​ជំនះ ៧​មករា គឺ​ដូចជា​កូត​អកតញ្ញូរមឹលគុណ​ចំពោះ ឪពុកម្តាយ ដែល​បាន​បង្កើត​ខ្លួនឯង​ហើយ ហើយ​ដែល​ព្រះ​ប្រោស​ពុំ​រួច​ឡើយ​>>​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នោះ ដោយ​អះអាង​ថា អ្វី​ដែល​គណបក្ស​នេះ​កំពុង​​ធ្វើ​ គឺ​ដើម្បី​ជំរុញ​ឲ្យមាន​អ្នកដឹក​នាំ​មួយ​កើតចេញ​ពី​ឆន្ទៈពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ពិត​ប្រាក​ដ។ ម្យ៉ាងវិញទៀត ​លោក​ចាត់ទុកថា​ថ្ងៃ​៧​មករា ​ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួល​រង​ឥទ្ធិពល​នយោបាយ​ ពី​ប្រទេសជិតខាង​រហូត​បច្ចុប្បន្ន <<​គ្រាន់តែ​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន ត្រឡប់​មក​​ពី​ប្រទេស​វៀតណាម​វិញ អំពើហិង្សា​កើតឡើង​នៅ​ប្រទេស​កម្ពុជា ការ​បង្ហូរឈាម ការបាញ់សម្លាប់ ប្រជា​ពលរដ្ឋ​ខ្មែរ​ គឺ​កើតមាន​ឡើង​>>​។​
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា គណបក្ស​នយោបាយ​តែងតែ​អះអាង​បែបនេះ ប៉ុន្តែ​ធាតុ​ពិត​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ក្រោយ​ការបោះឆ្នោត​នេះ តំណាងរាស្ត្រ​មិន​គ្រប់​១២៣​រូប និង​មាន​តែ​គណបក្ស​មួយ​ក្នុង​រដ្ឋសភា គឺ​ផ្ទុយ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​។ ​ប៉ុន្តែ​លោក​ថា ដំណោះស្រាយ​ដែល​ល្អ​គឺ​គណបក្ស​ដែល​ឈ្នះ​ការបោះ​ឆ្នោត ត្រូវ​វិល​ទៅរក​តុ​ច​រចា ដើម្បី​កុំឲ្យ​នាវា​កម្ពុជា​​វិល​ទៅ​រក​ភាព​វិនាសកម្ម ​ដូចអតីតកាល។​
យ៉ាង​ណា​ក៏​ដោយ​លោក ហេង សំរិន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកទ្វារ​ចំហរ ឲ្យមាន​ជួបច​រចា ​ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​៕

No comments:

Post a Comment

yes