សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 28, 2014

អ្នក​វិភាគ​រិះគន់​យុទ្ធសាស្ត្រ"យក​បន្លា​ជួស​បន្លា"របស់​លោកហ៊ុនសែន

សកម្មជន​បក្ស​ប្រជាជន​ព័ទ្ធ កឹម សុខា កំពង់ចាម ៦១០
សកម្មភាព​សកម្មជន​បក្ស​ប្រជាជន ព័ទ្ធ​សណ្ឋាគារ លាភ វិរៈសារ ដែល 
លោក កឹម សុខា ស្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​២៦ មករា ២០១៤

សកម្មភាព​យក​បន្លា​ជួស​បន្លា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​ជា​រូបរាង​ហើយ បន្ទាប់​ពី លោក ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ថា គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ក៏​មាន​អ្នក​គាំទ្រ​ធ្វើ​បាតុកម្ម​ប្រឆាំង​វិញ​ដែរ​នោះ។
គណបក្ស​ប្រឆាំង​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្វើ​ការ​រំខាន​ដល់​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពួក​គេ​គ្រាន់​តែ​ធ្វើ​ការ​ជួប​ជុំ មិន​មែន​ធ្វើ​បាតុកម្ម​ផង​នោះ។ បញ្ហា​ទាំង​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា ដើម្បី​ជៀសវាង​នូវ​អំពើ​ហិង្សា និង​បញ្ចប់​ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​តែ​ងាក​មក​រក​តុ​ចរចា​វិញ។
ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​ឮ​កង​រំពង បាន​កើត​មាន​នៅ​ទី​រួម​ខេត្ត​កំពង់ចាម នៅ​មុខ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ មករា នៅ​ខណៈ​ដែល​គណបក្ស​នេះ​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន។
គណបក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​ដូច​កាល​ពី​មុន​ទៀត​ទេ ទោះ​បី​ជា​មិន​មែន​ជា​ទ្រង់ទ្រាយ​ធ្វើ​បាតុកម្ម​ក្ដី ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​យក​បន្លា​ជួស​បន្លា។

«សំឡេង»
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ៣​ពាន់​នាក់ ដែល​ពាក់​មួក និង​អាវ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ខុស​ពី​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ​ទេ គឺ​ហែ​ក្បួន​រថយន្ត​តាម​ផ្លូវ​មួយ​ចំនួន និង​ហែ​ឆ្ពោះ​ទៅ​កាន់​មុខ​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៧។
គណបក្ស​សង្រ្គោះ​ជាតិ មិន​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​គ្នា​ដូច​ការ​គ្រោង​ទុក​នោះ​ទេ កាល​ពី​ថ្ងៃ​ទី​២៦ មករា ដោយសារ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូល​ទៅ​យាយី​រំខាន ហើយ​ធ្វើ​ការ​ឡោមព័ទ្ធ​មិន​ឲ្យ លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​កាន់​វេទិកា។
នៅ​ទី​បំផុត លោក សុន ឆ័យ បេក្ខជន​ជាប់​ឆ្នោត​មណ្ឌល​ភ្នំពេញ បាន​ទៅ​កាន់​វេទិកា​ដោយ​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​ពី​ស្នង​ការ​ខេត្ត​កំពង់ចាម ផ្ទាល់ ដើម្បី​បញ្ចៀស​ផ្លូវ​ឲ្យ​លោក និង​បេក្ខជន​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត​ទៅ​ចូល​កាន់​វេទិកា​បាន ពីព្រោះ​ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជេរ​ប្រមាថ និង​ចង់​ប្រើ​អំពើ​ហិង្សា​ដាក់ លោក សុន ឆ័យ ជាដើម។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សុន ឆ័យ បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ធ្វើ​វេទិកា​ជួប​ជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដដែល។ លោក សុន ឆ័យ បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ។
«សំឡេង»
ឡាន​ធំៗ​ជាច្រើន​គ្រឿង​ដឹក​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បំពាក់​ដោយ​ឧគ្ឃោសនស័ព្ទ​គ្រប់​ឡាន និង​ចង​បដា​សរសេរ​ថា ជយោ​លទ្ធិប្រជាធិបតេយ្យ ការ​ថ្ងៃ​បោះ​ឆ្នោត ២៨ កក្កដា ឆ្នាំ​២០១៣ ការពារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ល។ ស្ថានភាព​នៅ​ថ្ងៃ​ទី​២៦ មករា ស្ថិត​ក្នុង​ភាព​ច្របូកច្របល់ ហើយ​ភាព​ផុយ​ស្រួយ​នៃ​អំពើ​ហិង្សា នឹង​អាច​កើត​មាន​គ្រប់​ពេល ប្រសិន​អាជ្ញាធរ​មិន​បាន​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​ទេ​នោះ។ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៦ ដដែល​នោះ ពួក​គេ​បាន​ទៅ​ព័ទ្ធ​សណ្ឋាគារ​ដែល លោក កឹម សុខា ស្នាក់​នៅ​ក្បែរ​ស្ពាន​គីស៊ូណា នោះ។
ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចុះ​ទៅ​បញ្ជា​ផ្ទាល់​នៅ​ពេល​នោះ ដោយ​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល និង​កង​រាជ​អាវុធហត្ថ​ឈរ​កាន់​ដៃ​គ្នា​ជា​ពីរ​ជួរ ឈរ​បាំង​មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​ចូល​ទៅ​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏ប៉ុន្តែ ក្រុម​យុវជន​ដែល​ឈរ​ជួរ​មុខ​ក្បួន​រថយន្ត​ប្រមាណ ២០​នាក់ បាន​កាន់​សុទ្ធ​តែ​ដំបង ដែល​ដំបង​នោះ​គេ​ចង​ទង់ជាតិ និង​បដា។
ក៏ប៉ុន្តែ នៅ​ខណៈ​ដែល​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឡោមព័ទ្ធ និង​នៅ​មុខ​វេទិកា​នោះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ឲ្យ​នៅ​ស្ងៀមស្ងាត់ រក្សា​របៀប​រៀបរយ និង​ហាម​មិន​ឲ្យ​ប្រើ​អំពើ​ហិង្សា ប្រកាន់​នូវ​ធម៌​អហិង្សា​ជាដើម។
«សំឡេង»
សកម្មភាព​បន្លា​ជួស​បន្លា​បាន​កើត​មាន​ឡើង​នេះ បាន​កើត​មាន​នៅ​បន្ទាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ព្រមាន​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី​១៨ មករា នៅ​ឯ​ខេត្ត​ក្រចេះ ថា ការ​ធ្វើ​បាតុកម្ម​នេះ​លោក​ក៏​មាន​អ្នក​គាំទ្រ​ធ្វើ​បាតុកម្ម​ប្រឆាំង​វិញ​ដែរ ឬ​ហៅ​ថា​បន្លា​ជួស​បន្លា។
«សំឡេង»
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទៅ​ហែ​ក្បួន​ប្រឆាំង​នឹង​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ខុសៗ​គ្នា មួយ​ចំនួន​ប្រាប់​ថា ពួក​គាត់​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត។ មួយ​ចំនួន​ទៀត បាន​ឆ្លើយ​ថា ពួក​គាត់​មក​តាម​គេ ពីព្រោះ​មេ​ភូមិ​ប្រាប់​ថា​ឲ្យ​មក​ប្រជុំ​នៅ​ខេត្ត ហើយ​ពេល​ទៅ​ផ្ទះ​វិញ គេ​សន្យា​ថា​ឲ្យ​លុយ​ជាដើម។
«សំឡេង»
ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មក​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ឈ្មោះ សារ៉េត មក​ពី​ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មក​ចូល​រួម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​វេទិកា​នៅ​កំពង់ចាម នេះ គឺ​មក​តាម​បញ្ជា​មេ​ភូមិ ហើយ​គេ​រៀប​ចំ​ឡាន​ឲ្យ​ជិះ និង​មាន​បាយ​ទឹក​ហូប​ជាដើម។ លោក​បញ្ជាក់​ថា លោក​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត និង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
«សំឡេង»
ដោយ​ឡែក អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​ទៀត​បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​រៀប​ចំ​របស់​អាជ្ញាធរ​ភូមិ​ឃុំ ដែល​ដឹក​ពួក​គាត់​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ នេះ ទៅ​វិញ។ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រៀប​រាប់​ថា បើ​ពួក​គាត់​ដឹង​ថា មក​ធ្វើ​បាតុកម្ម​ប្រឆាំង​គ្នា​បែប​នេះ ពួក​គាត់​មិន​មក​ចូល​រួម​ទេ ពីព្រោះ​ពួក​គាត់​មិន​ចង់​ឲ្យ​មាន​អំពើ​ហិង្សា​ជាមួយ​ខ្មែរ​គ្នា​ឯង​កើត​ឡើង។
«សំឡេង»
ក្រុម​ការពារ​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ការ​ដឹក​នាំ​ប្រជាពលរដ្ឋ​យក​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​គ្នា​បែប​នេះ។ អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​នៅ​ខេត្ត​កំពង់ចាម នេះ ជា​ការ​រំលោភ​សិទ្ធិ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​រំខាន និង​យាយី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ស្នាក់​ការ​គណបក្ស​នោះ។ មន្ត្រី​សិទ្ធិ​មនុស្ស ក៏​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​កើត​ឡើង​ដែរ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បន្ត​ធ្វើ​ដូច្នេះ​នោះ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា គណបក្ស​ទាំង​ពីរ​កំពុង​បង្ហាញ​ថា មាន​អ្នក​គាំទ្រ​រៀងៗ​ខ្លួន ដូច​ជា​សកម្មភាព​យក​បន្លា​ជួស​បន្លា​ជាដើម។ នៅ​ត្រង់​ចំណុច​នេះ លោក សុខ ទូច លើក​ឡើង​ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​មាន​អ្នក​គាំទ្រ​រៀងៗ​ខ្លួន​នោះ ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ធ្វើ​ប្រជា​មតិ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ?
«សំឡេង»
អ្នក​វិភាគ​នយោបាយ​អះអាង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ អ្នក​នយោបាយ​ត្រូវ​តែ​ងាក​មក​តុ​ចរចា​វិញ ប្រសិន​បើ​អ្នក​នយោបាយ​គិត​ប្រជាពលរដ្ឋ​ជា​ធំ ពីព្រោះ​ថា​វិបត្តិ​នយោបាយ​ជាប់​គាំង​នេះ អ្នក​ដែល​ខាត​បង់​នោះ គឺ​ប្រជាពលរដ្ឋ។ ម្យ៉ាង​វិញ​ទៀត អ្នក​វិនិយោគ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា គេ​ចង់​ឲ្យ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ និង​ជា​ប្រទេស​គោរព​ច្បាប់​ជា​ធំ។
អ្នក​វិភាគ​បន្ថែម​ថា សកម្មភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ជា​យុទ្ធសាស្ត្រ​មួយ​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​មក​តុ​ចរចា ហើយ​ឈប់​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ពីព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​បាតុកម្ម ឬ​ការ​ជួប​ជុំ​គ្នា ដូច​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លុប​ចោល​គម្រោង​ជួប​ជុំ​គ្នា​នៅ​ខេត្ត​កណ្ដាល កាល​ពី​សប្ដាហ៍​មុន ដោយសារ​ខ្លាច​បញ្ហា​សុវត្ថិភាព​ប្រជាពលរដ្ឋ ដោយ​ខ្លាច​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋាភិបាល ឬ​ការ​ផ្ទុះ​អំពើ​ហិង្សា​ណា​មួយ​ជាដើម៕

No comments:

Post a Comment

yes