ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃពុធ បង្កើតការស្ទង់មតិប្រជាពលរដ្ឋនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយផ្តោតទៅលើការបោះឆ្នោតឡើងវិញ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ដោយសារទំព័រ Facebook របស់ខ្ញុំ មានការតាមដានច្រើនជាងគេបង្អស់នៅប្រទេសកម្ពុជា ខ្ញុំអាចរៀបចំការស្ទង់មតិ លើបញ្ហាជាតិផ្សេងៗ ដើម្បីបង្ហាញពីមតិប្រជាពលរដ្ឋ តាមវិធីបច្ចេកទេសស្ទង់មតិ ដូចដែលគេតែងតែរៀបចំធ្វើក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿន»។លោកបន្តថា ប្រជាពលរដ្ឋម្នាក់ៗ អាចសម្តែងមតិរបស់ខ្លួនតាមប្រព័ន្ធ Internet / Facebook ដោយសេរី ហើយលទ្ធផលនៃការស្ទង់មតិនេះ នឹងយកមកផ្សព្វផ្សាយជាបណ្តើរៗជាសាធារណៈ រហូតដល់កាលបរិច្ឆេទបញ្ចប់។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា បញ្ហាទីមួយ ដែលលើកឡើងនៅពេលនេះ គឺទាក់ទងនឹងការបោះឆ្នោតនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣។ សំណួរសម្រាប់ការស្ទង់មតិនោះ គឺ«តើលទ្ធផលនៃការបោះឆ្នោត ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៣ ដែលប្រកាសដោយ គ.ជ.ប. ត្រឹមត្រូវតាមឆន្ទៈប្រជារាស្ត្រម្ចាស់ឆ្នោត ឬទេ»?ជម្រើសចំនួនពីរ ត្រូវបានដាក់ឲ្យអ្នកលេងហ្វេសប៊ុកជ្រើសរើស គឺទី១- ត្រឹមត្រូវតាមឆន្ទៈប្រជារាស្ត្រ ហើយមិនចាំបាច់បោះឆ្នោតឡើងវិញទេ និងទី២-មិនត្រឹមត្រូវតាមឆន្ទៈប្រជារាស្ត្រទេ ហើយត្រូវតែបោះឆ្នោតឡើងវិញ។
គួរបញ្ជាក់ថា ចំនួនអ្នកចុច'Like' នៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី មានទៅដល់ជាង៤២ម៉ឺននាក់។ កាលពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង៣២០០០០០ និងគណបក្សសង្រ្គោះជាតិ ទទួលបានសំឡេងជាង២៩០០០០០៕

No comments:
Post a Comment
yes