អ្នកស្រី ហាស សុខចិន្តា អ្នកមានរបួសធ្ងន់ដោយសារត្រូវសមត្ថកិច្ច
វាយត្រូវនឹងដំបង (រូបថត៖ ញឹម សុខន)
ស្ត្រីមានផ្ទៃពោះម្នាក់ នៅសហគមន៍បុរីកីឡា អះអាងនៅថ្ងៃអាទិត្យនេះថា រូបគាត់កំពុងប្រឈមនឹងការវះកាត់ ដើម្បីសង្គ្រោះទារកក្នុងផ្ទៃ បន្ទាប់ពីអាជ្ញាធរ ខណ្ឌ៧មករា រាជធានីភ្នំពេញ វាយឲ្យរបួសធ្ងន់ កាលពីសប្តាហ៍មុន រឿងជម្លោះដីធ្លី ជាមួយក្រុមហ៊ុនផានអ៊ីមិច។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ មានស្ត្រីនៅសហគមន៍បុរីកីឡា៨នាក់ និងយុវជនមា្នក់ បានរងរបួសដោយសារកម្លាំងចម្រុះចុះអនុវត្តសេចក្តីជូនដំណឹង របស់អភិបាលខណ្ឌ៧មករា រឿងជម្លោះដីធ្លីនេះ។
អ្នកស្រី ហាស សុខចិន្តា ដែលអះអាងថា បានរងរបួសធ្ងន់នៅគ្រានោះ ប្រាប់VODថា អាជ្ញាធរ ដែលការពារក្រុមហ៊ុនផានអ៊ីមិច បានវាយគាត់ត្រូវគល់ត្រកៀកចំនួនពីរដំបង និងជាន់ចំពោះ ខណៈគាត់ មានទម្ងន់ជិត៨ខែ។
ស្ត្រីរូបនោះឲ្យដឹងទៀតថា ក្រោយពីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សលីកាដូ ដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រូបគាត់មានអាការចុកពោះស្ទើររាល់ថ្ងៃ ហើយគ្រូពេទ្យប្រាប់ថា សុខភាពកូនក្នុងផ្ទៃ បានថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃដែរ។
ស្ត្រីរងគ្រោះរូបនោះបញ្ជាក់ថា គ្រូពេទ្យ បានរំឭកថា បើយប់នេះអាការៈចុកចាប់ក្នុងពោះ មិនធូរស្រាលទេ ថ្ងៃចន្ទស្អែក នឹងត្រូវវះកាត់ ដើម្បីសង្គ្រោះទារកនៅក្នុងផ្ទៃ។
VOD មិនអាចសុំបំភ្លឺពីគ្រូពេទ្យ ដែលថែទាំសុខភាព ជុំវិញការអះអាងរបស់ស្រ្តីរងគ្រោះនេះបាននៅឡើយទេ។
ទោះបីជាសាលារាជធានីកំពុងព្យាយាមដោះស្រាយដើម្បីពន្លត់ កំដៅតវ៉ានេះ ប៉ុន្តែអ្នករងគ្រោះមិនមានជំនឿលើចំណាត់ការរបស់សាលាក្រុងនោះទេ។
ជម្លោះដីធ្លីនៅសហគមន៍បុរីកីឡា បានអូសបន្លាយតាំងពីឆ្នាំ២០១២ បើទោះបី ពលរដ្ឋ រងគ្រោះបានដាក់ពាក្យបណ្តឹង ប្តឹង ក្រុមហ៊ុនផានអ៊ីមិច ពីបទឧក្រិដ្ឋរឿងប្រើប្រាស់កម្លាំងប្រដាប់អាវុធបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំក៏ដោ ប៉ុន្តែ តុលាការមិនទាន់ដោះស្រាយ ករណីនេះនៅឡើយទេ ដែលនាំឲ្យជម្លោះអូសបន្លាយរហូតសព្វថ្ងៃនេះ៕
No comments:
Post a Comment
yes