សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 23, 2014

បុគ្គលិក​សណ្ឋាគារ​ឋានសួគ៌​បូកគោ​ជាង​២០​នាក់​ត្រូវ​បញ្ឈប់​ពី​ការងារ

សណ្ឋាគារ​ឋានសួគ៌​បូកគោ​

បុគ្គលិក​ផ្នែក​ចុងភៅ និង​ផ្នែក​លាង​ចាន​ជាង ២០​នាក់ នៅ​សណ្ឋាគារ​ឋានសួគ៌​បូកគោ ក្នុង​ខេត្ត​កំពត ត្រូវ​គេ​បញ្ឈប់​ពី​ការងារ។ ការ​បញ្ឈប់​នេះ ត្រូវ​បាន​ពួកគេ​ចាត់​ទុក​ថា ធ្វើ​ឡើង​​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ការងារ និង​ផ្ទុយ​ពី​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រុមហ៊ុន។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​របស់​ឋាន​សួគ៌​បូកគោ​បដិសេធ​ថា បុគ្គលិក​ទាំង​នេះ​មិន​ទាន់​បាន​បញ្ឈប់​នៅ​ឡើយ​ទេ។
បុគ្គលិក​ដែល​បម្រើការ​ផ្នែក​ចុងភៅ និង​លាងចាន​ក្នុង​ក្រុមហ៊ុន​របស់​លោក សុខ គង់ ដែល​វិនិយោគ​នៅ​លើ​ភ្នំ​បូកគោ ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​នេះ ពន្យល់​ពី​មូលហេតុ​នៃ​ការ​បញ្ឈប់​ពួក​គេ​ឲ្យ​បាន​ច្បាស់លាស់ និង​គប្បី​អនុវត្ត​តាម​ច្បាប់​ការងារ​មុន​នឹង​បណ្ដេញ​ពួក​ចេញ។
ប្រធាន​ផ្នែក​ចុងភៅ​នៅ​លើ​ភ្នំ​បូកគោ លោក គុយ សុខគង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ថា បុគ្គលិក​ដែល​មាន​ផ្នែក​ខុសៗ​គ្នា ដូច​ជា​ផ្នែក​លាង​ចាន និង​ផ្នែក​ចុងភៅ ត្រូវ​បាន​ផ្នែក​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​ឋានសួគ៌​បូកគោ​បញ្ឈប់​ដោយ​ឆៅៗ ហើយ​ពុំ​មាន​សំណង​ណា​មួយ​ឡើយ។
លោក គុយ សុខគង់ ធ្លាប់​បម្រើការ​ជា​ចុងភៅ​ឲ្យ​ក្រុមហ៊ុន​របស់​លោក សុខ គង់ អស់​រយៈពេល​ជាង ២​ឆ្នាំ​កន្លង​មក​ហើយ។ លោក​បន្ត​ថា ពួក​លោក​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ត្រូវ​បង្ហាញ​ពី​ផ្លូវ​ច្បាប់​ដោយ​តម្លាភាព​ចំពោះ​ការ​បញ្ឈប់​ដែល​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ក្រុមហ៊ុន។

បុគ្គលិក​ជាង ២០​នាក់ ទាំង​ផ្នែក​លាង​ចាន និង​ចុងភៅ​នេះ ត្រូវ​បាន​ភាគី​ក្រុមហ៊ុន​បញ្ឈប់​ភ្លាមៗ​ជា​បន្តបន្ទាប់។ មូលហេតុ​ដែល​ឈាន​ដល់​ការ​បញ្ឈប់​នេះ ក្រោយ​ពី​គ្រូពេទ្យ​ប្រចាំ​សណ្ឋាគារ​ឋានសួគ៌​បូកគោ​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា ពួក​គេ​​មាន​មេរោគ​ថ្លើម កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ។
ចំណែក​បុគ្គលិក​ម្នាក់​ទៀត ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​គេ​បញ្ឈប់​ដែរ​នោះ លោក យ៉េង នុត ចាត់​ទុក​ថា ការ​បញ្ឈប់​នេះ​ធ្វើ​ឡើង​ដោយ​តក់​ក្រហល់ និង​ពុំ​បាន​អនុវត្ត​តាម​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន​ម្ដង​ណា​ឡើយ។ ហេតុ​នេះ ពួក​គេ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​របស់​លោក សុខ គង់ គប្បី​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។
លក្ខន្តិកៈ​របស់​​សណ្ឋាគារ​ឋានសួគ៌​បូកគោ បាន​ចែង​ថា ក្រោយ​ពេល​កម្មករ​និយោជិក​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​សណ្ឋាគារ ដែល​មាន​រយៈពេល​ខ្លី អាច​មាន​សិទ្ធិ​ឈប់​សម្រាក​ព្យាបាល​ជំងឺ​រយៈពេល ៧​ថ្ងៃ​ដោយ​មាន​ប្រាក់​ឈ្នួល តែ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ដែល​តែងតាំង​ពី​សណ្ឋាគារ។ លើស​ពី​នេះ ច្បាប់​សម្រាក​រយៈពេល​យូរ​ថ្ងៃ​វិញ បាន​កំណត់​ថា បុគ្គលិក​អាច​មាន​សិទ្ធិ​ឈប់​រយៈពេល ១​ខែ ចំពោះ​ច្បាប់​ឈឺ​ដែល​មាន​លិខិត​អនុញ្ញាត​ពី​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ដែល​តែង​តាំង​របស់​សណ្ឋាគារ ហើយ​ស្ថាប័ន​នឹង​បើក​ប្រាក់​ខែ​រយៈពេល ១​ខែ​ពេញ សម្រាប់​ខែ​ទី​មួយ។ ចំណែក​ខែ​ទី​ពីរ និង​ខែ​ទី​បី​វិញ បើក​ជូន ៦០​ភាគរយ​នៃ​ប្រាក់​ខែ​របស់​បុគ្គលិក។ ចំពោះ​ខែ​ទី​បួន ដល់​ខែ​ទី​ប្រាំមួយ ឈប់​បើក​ឲ្យ ប៉ុន្តែ​នៅ​ជា​បុគ្គលិក។ លើស​ពី​នេះ បើ​សិន​បុគ្គលិក​ឈប់​សម្រាក​ព្យាបាល​ជំងឺ​រយៈពេល​លើស​ពី ៦​ខែ សណ្ឋាគារ​មាន​សិទ្ធិ​បញ្ឈប់​បុគ្គលិក​នោះ​ស្រប​តាម​ច្បាប់​ការងារ។
ចំណែក​បុគ្គលិក​ផ្នែក​ធនធាន​មនុស្ស​របស់​សណ្ឋាគារ​ឋានសួគ៌​បូកគោ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ដោយ​អះអាង​ថា ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​ជាមុន​សិន។
យ៉ាង​ណា​បុគ្គលិក​ដែល​ត្រូវ​បញ្ឈប់​មួយ​ចំនួន​ថ្លែង​ថា ក្នុង​ចំណោម​បុគ្គលិក​ជាង ១​ពាន់​នាក់​ទៀត ក៏​នឹង​ត្រូវ​ប្រឈម​ការ​បញ្ឈប់​ទៀត​ដែរ ព្រោះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​ឈាម​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ ហើយ​ការ​​បញ្ឈប់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង បើ​សិន​ជា​ត្រូវ​គេ​​រក​ឃើញ​ថា មាន​មេរោគ​ថ្លើម​ដែរ​នោះ។
លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ចាត់​ទុក​ថា ប្រសិន​បើ​ការ​បញ្ឈប់​នោះ​ស្ថិត​ក្រោម​ហេតុផល​បុគ្គលិក​មាន​កំហុស​ធ្ងន់ធ្ងរ ឬ​ថា ស្ថាប័ន​ក្ស័យធន​ហើយ​ពុំ​មាន​លទ្ធភាព​ផ្តក់​ការងារ​ឲ្យ​កម្មករ​និយោជិក​បាន នោះ​ការ​បញ្ឈប់​ដោយ​ប្រការ​ណា​មួយ​ក្នុង​ចំណោម​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ។ ប៉ុន្តែ​បើ​ការ​អនុវត្ត​នេះ ផ្ទុយ​ពី​លក្ខខណ្ឌ​ទាំង​នេះ លោក​ចាត់​ទុក​ថា គឺ​ជា​ការ​រំលោភ​ច្បាប់។
លោក មឿន តុលា បន្ត​ថា ហេតុ​នេះ​បើ​កម្មករ​​និយោជិក​កើត​ទុក​មិន​សុខចិត្ត​អាច​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​សេចក្ដី​សម្រេច​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​បាន។
មាត្រា ២១ ស្ដីពី​ច្បាប់​ការងារ​ចែង​ថា នៅ​រាល់​ពេល​ដែល​ទទួល​ឱ្យ​ធ្វើ​ការ ឬ​បញ្ឈប់​កម្មករ​និយោជិក​ណា​ម្នាក់ និយោជក​ត្រូវ​ធ្វើ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ទៅ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ ហើយ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​នេះ ត្រូវ​តែ​ធ្វើ​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ​យ៉ាង​យូរ បន្ទាប់​ពី​ទទួល​ឱ្យ​ធ្វើ​ការ ឬ​បញ្ឈប់​លែង​ឱ្យ​​ធ្វើការ។ ចំណែក​រយៈ​ពេល​នេះ ត្រូវ​កំណត់​ឱ្យ​ដល់ ៣០​ថ្ងៃ​ ចំពោះ​សហគ្រាស​កសិកម្ម៕

No comments:

Post a Comment

yes