គំនូរត្លុកកំប្លែងមួយរបស់លោក អ៊ឹង ប៊ុនហ៊ាង នៅពេលថ្មីៗនេះអំពី
ការគ្មានអ្នកទោសនយោបាយនៅប្រទេសកម្ពុជា (Credit: ABC)
ABC RADIO Australia
ដើម្បីជាការរំលឹកដល់ស្នាដៃរបស់លោក អ៊ឹង ប៊ុនហ៊ាង ដែលបានរួមចំណែកយ៉ាងខ្លាំងនៅក្នុងវិស័យវិចិត្រសិល្បៈតាមរយៈសកម្មភាពគូររូបត្លុកកំប្លែងផ្នែកនយោបាយរបស់លោកទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសអូស្រ្ដាលី វិទ្យុអូស្រ្ដាលីសូមដាក់ជូនឡើងវិញនូវបទសន្ទនាមួយរវាងលោក ឃុន អាឡិច និងលោក អ៊ឹង ប៊ុនហ៊ាង កាលលោកនៅមានជីវិតនៅឡើយកាលពីចុងឆ្នាំ២០១២។
លោក អ៊ឹង ប៊ុនហ៊ាង គឺវិចិត្រករគំនូរត្លុកកំប្លែងជើងចាស់ម្នាក់ដែលជាជនភៀសខ្លួនរត់ ចេញពីរបបប៉ុលពតមកតាំងទីលំនៅថ្មីនៅទឹកដីអូស្រ្ដាលីនៅក្នុងទសវត្សរ៍១៩៨០។ ស្នាដៃគំនូររបស់លោកបានការទទួលស្គាល់ជាច្រើន ហើយលោកបានធ្វើការឲ្យក្រុមហ៊ុនជាតិ និងអន្ដរជាតិនៅក្នុងប្រទេសអូស្រ្ដាលី រហូតបានទទួលរង្វាន់ល្អៗ និងល្បីៗផងដែរ។
លោក អ៊ឹង ប៊ុនហ៊ាង គឺជាវិចិត្រករត្លុកកំប្លែងដ៏ចំណានម្នាក់ដែលបានរិះគន់ឥតសំចៃលើស្ថានភាពនយោបាយដែលបានកើតឡើងហូរហែនៅកម្ពុជា។ ក្រោមរបបនយោបាយជាច្រើនដែលលោកបានឆ្លងកាត់សឹងថា គ្មានអ្នកនយោបាយណាដែលរត់រួចពីទឹកដៃគំនូររបស់លោកឡើយ រួមទាំងថ្នាក់ដឹកនាំរដ្ឋាភិបាល, បក្សប្រឆាំង និងបញ្ហាសង្គម, សេដ្ឋកិច្ចនានា។
មុនពេលលាចាកលោកនេះទៅ លោក អ៊ឹង ប៊ុនហ៊ាង បាននៅតែបន្ដគូររូបត្លុកកំប្លែងជាប្រចាំ ហើយស្នាដៃរបស់លោកត្រូវបានដាក់ផ្សាយនៅលើ Blog មួយដែលមានឈ្មោះថា សកវាទិ៍ ឬ Sacravatoons ដែលលោកបានគូររូបត្លុកកំប្លែងជាច្រើនដាក់នៅលើ Blog នោះជាប្រចាំ ហើយមកទល់វេលានេះ គំនូរត្លុកកំប្លែងរបស់លោកគឺបានគូរចំនួន២៣៨៤ហើយ។
ក្រៅពីនេះ លោកក៏បានបរិច្ចាគគំនូរត្លុកកំប្លែងរបស់លោកចំនួន៨៨ ដែលលោកបានគូរកាលពីទសវត្សរ៍១៩៨០ទៅឲ្យសកលវិទ្យាល័យជាតិអូស្រ្ដាលីផងដែរ នៅពេលលោកទើបមកដល់អូស្រ្ដាលីដើម្បីជាអនុស្សាវរីយ៍ និងដើម្បីឲ្យមានការថែរក្សាគំនូរទាំងនោះសម្រាប់មនុស្សជំនាន់ក្រោយ។

No comments:
Post a Comment
yes