លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ រិះគន់ការសន្យារបស់គណបក្សប្រឆាំង ដោយចាត់ទុកជាការសន្យា«ខ្យល់ និងមិនអាចទៅរួច»។
នេះជាការថ្លែងមួយទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋនឹកដល់ពេលយុទ្ធនាការបោះឆ្នោតមុនថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣។ ក្នុងពិធីសម្ពោធរោងចក្រអគ្គិសនីប្រើដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ លោក ហ៊ុន សែន មានប្រសាសន៍ដោយមិនបញ្ចេញឈ្មោះ ក្រុមដែលរិះគន់ ដោយគ្រាន់តែលើកឡើងថា អ្នកខ្លះ បានសន្យាបញ្ចុះតម្លៃភ្លើងអគ្គិសនី ដែលនេះជាការសន្យាឥតន័យ ការសន្យាខ្យល់ និងមិនអាចធ្វើទៅរួច។ លោកបន្តថា រាជរដ្ឋាភិបាល ដែលជាអ្នកធ្វើតែងតែមានកំហុស តែអ្នកដែលសន្យាខ្យល់ តែងតែទទួលបានគុណសម្បត្តិ «យើងប្រឹងច្រើនណាស់ ប៉ុន្តែអ្នកប្រឹងនេះ បែរជាទទួលកំហុស ត្រូវមានកំហុស។ អ្នកដើរសន្យាឲ្យថ្លៃភ្លើង ទៅជាអ្នកមានគុនសម្បត្តិ។ ប៉ុន្តែពេលអនុវត្តជាក់ស្តែង មិនអាចអនុវត្តទៅរួចទេ»។
លោក ហ៊ុន សែន ក៏បានរំឭកដល់កម្មករ កម្មការិនី ដែលចេញមុខតវ៉ាតាមការញុះញង់របស់ក្រុមណាមួយ ប្រយ័ត្នក្នុងការបាត់បង់ការងារ នៅពេលរោងចក្របិទទ្វារ។ លោករំឭក ឲ្យកម្មករទាំងនោះ ទៅរកអ្នកដែលញុះញង់មកធ្វើបាតុកម្ម ពេលបាត់បង់ការងារ។ លោកបញ្ជាក់ថា រដ្ឋាភិបាល តែងតែចង់ឲ្យតម្លៃអគ្គិសនី និងតម្លៃទំនិញផ្សេងៗទៀត មានតម្លៃទាបសម្រាប់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនខ្វល់នឹងការរិះគន់របស់លោក ហ៊ុន សែន ទេ ហើយមានតែប្រជាពលរដ្ឋទេ ដែលអាចវាយតម្លៃគណបក្សសង្គ្រោះជាតិបាន «អ្វីដែលយើងសន្យា យើងសុទ្ធតែមានការវិភាគ ការថ្លឹងថ្លែង ការពិចារណា ហើយយើងធ្វើការវិភាគ យកនូវមតិយោបល់របស់អ្នកជំនាញ ហើយយើងនឹងធ្វើកើត ហើយបើយើងចង់ដឹងថាធ្វើបានមិនបាន ទាល់តែធ្វើសិន បើឥឡូវមិនឲ្យធ្វើផង ម៉េចដឹងថាបានឬមិនបាន»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង មានប្រសាសន៍ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គ្រាន់តែភាសានយោបាយប៉ុណ្ណោះ តែអ្វីដែលសំខាន់ គឺគោលនយោបាយរបស់បក្សណាមួយ អាចធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត និងចង់បាន «ការដណ្តើមយកជោគជ័យ នៅក្នុងការបោះឆ្នោតមួយៗ ជាធម្មតាតែងតែមានយុទ្ធសាស្រ្ត រឿងៗខ្លួនក្នុងការដាក់ចេញ ហើយយុទ្ធសាស្ត្រដែលដាក់ចេញ ទៅនោះ គឺសំខាន់អាចត្រូវទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយគេដើរមើលឃើញពី លទ្ធភាព ភាពដែលអាចធ្វើទៅដែរ។ អ៊ីចឹងហើយ សន្ទុះនៃការផ្តល់ក្តីសង្ឃឹម ជាមួយនិងប្រាក់ខែដែលកំពុងតិចនេះ ជាធម្មតា វាធ្វើឲ្យមានការរំជួលចិត្តហើយ ជាពិសេស ដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ ការដែលថាខ្លួននឹងដំឡើងប្រាក់ខែអីហូរហែរហ្នឹង»។
គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោត កាលពីឆ្នាំ២០១៣ មានចំនួន៧ចំណុច រួមមានការបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់ ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជំងឺដោយឥតយកប្រាក់ កសិករទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត១០០០រ/kg) មន្ត្រីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ និងកម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែជាដើម។
កន្លងទៅគណបក្សសង្គ្រោះជាតិ បានប្រកាសថា ប្រសិនបើរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេស មិនមានសមត្ថភាពក្នុងការដំឡើងប្រាក់ខែ ដល់មន្ត្រីរាជការ កម្មករ និងបញ្ចុះតម្លៃប្រេងសាំង អគ្គិសនី ថ្នាក់ដឹកនាំប្រទេស គួរតែចុះចេញពីតំណែង៕
No comments:
Post a Comment
yes