លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
(រូបភាព៖ ណាត សុភាព)
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅថ្ងៃអង្គារនេះថ្លែងថា សមាជិកសភា ព្រឹទ្ធសភា របស់គណបក្សប្រជាជនទាំងអស់ មិនត្រូវសួររដ្ឋាភិបាល ខុសសាច់រឿង ដូចគណបក្សប្រឆាំងនោះទេ ព្រោះខ្លាចអ្នកដទៃរិះគន់ គណបក្សកាន់អំណាចមួយនេះ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រអគ្គិសនី ដោយប្រើថាមពលធ្យូងថ្ម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន សមាជិកសភា ព្រឹទ្ធសភាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រយ័ត្ននូវសំណួរណា ដែលសួរដេញដោលលោក មិនចំគោលដៅ និងខុសសាច់រឿង ដើម្បីកុំឲ្យអ្នកដទៃរិះគន់ «សូមឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា យោគយល់ តែដល់ពេលដេញដោល កុំដេញដោលខុសរឿង ខុសរឿងដូចអ្នកប្រឆាំង។ នោះដល់ពេលហ្នឹងត្រូវនិយាយគ្នា ពេលដល់សមាជិករដ្ឋសភា ព្រឹទ្ធសភាជាបក្សកាន់អំណាច មកដេញដោលខុសរឿង គេថាយើងល្ងង់»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ កត់សម្គាល់ថា នេះជាទម្លាប់របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រើវិធីបំបិទមាត់បែបនេះ «តាំងតែពីដើមមក នៅប្រទេសកម្ពុជា អ្នកណាក៏ដឹងដែរថា អំណាចស្ថិតនៅលើតែគណបក្សប្រជាជន ស្ថិតនៅលើតែមនុស្សម្នាក់ ពីរនាក់តែប៉ុណ្ណឹង សភាគ្មានអំណាច សភាប្រថាប់ត្រាតាំងពីដើមមក អ្នកណាក៏ដឹងឮរឿងហ្នឹងដែរ អ៊ីចឹងហើយ គណបក្សសង្គ្រោះជាតិ កំពុងតែតស៊ូក្នុងការកែទម្រង់នេះ»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ(និចហ្វិច) លោក ហង្ស ពុទ្ធា យល់ថា ក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋ តំណាងរាស្ត្រ មានសិទ្ធិសួរដេញដោលស្មើគ្នាចំពោះមុខច្បាប់។ លោកបញ្ជាក់ថា ប្រសិនបើ រដ្ឋាភិបាលព្រមានសមាជិកសភា ព្រឹទ្ធសភា មិនឲ្យសួរដេញដោល ខុសពីនីតិវិធីរបស់ច្បាប់ «កម្ពុជា បើប្រកាន់ និងសរសេរសារ ក្នុងរដ្ឋធម្មនុញ្ញថា ជាសង្គមប្រជាធិបតេយ្យហើយ ក្នុងនោះការដេញដោល ការសាកសួរ ឬក៏ការពិភាក្សាគ្នា នោះគឺជាសិទ្ធិស្របច្បាប់ របស់ពលរដ្ឋគ្រប់រូប ទោះជាតំណាងរាស្ត្រ ប្រជាពលរដ្ឋក៏ដោយ។ ផ្ទុយទៅវិញប្រសិនជា បញ្ហាពិគ្រោះយោបល់ ឬក៏សាកសួរមិនត្រូវបាន អស់ចិត្ត ពីអ្នកឆ្ងល់ អ្នកសួរ ពលរដ្ឋ ឬតំណាងរាស្ត្រទេ ខ្ញុំគិតថា នេះវាអាចដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា»។
កន្លងមក រដ្ឋសភា និងព្រឹទ្ធសភា រងការរិះគន់ ពីគណបក្សប្រឆាំង និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថា ស្ថាប័នកំពូលទាំងពីរនេះ ជាឧបករណ៍របស់គណបក្សកាន់អំណាច៕
No comments:
Post a Comment
yes