ប្រជាសហគមន៍មកពីស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាង ៥០នាក់ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ស្ថិតនៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ដើម្បីពិភាក្សាអំពីបញ្ហាដីធ្លីព្រៃឈើ និងបញ្ហាសន្តិសុខសុវត្ថិភាពនៅថ្នាក់ភូមិឃុំ។
ពួកគាត់ចង់ឲ្យរាជរដ្ឋាភិបាល អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ចំពោះបញ្ហាដែលកំពុងតែកើតមាននៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្រុមប្រជាសហគមន៍ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា សកម្មភាពកាប់រានដីព្រៃ កាប់ឈើដុតធ្យូង ឬឧសគីប និងបញ្ហាចោរកម្ម កំពុងកើតមានច្រើននៅតាមឃុំមួយចំនួននៃស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។
ប្រជាសហគមន៍រស់នៅឃុំជៀប ម្នាក់ លោក គង់ ប៊ុនធឿន មានប្រសាសន៍ថា កាលពីខែមករា ឆ្នាំ២០១៤ ប្អូនថ្លៃរបស់លោកបាត់គោចំនួន ៥ក្បាល និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀតក៏បានបាត់ដែរ ហើយកំពុងតែព្រួយបារម្ភពីបញ្ហានេះ។ ចំណែកសកម្មភាពកាប់រានដីព្រៃ និងកាប់ឈើវិញ ក៏កំពុងតែកើតមានច្រើនដែរ ដូចជា នៅចំណុចអូរអន្លង់ជ្រូក ភ្នំសុរិយា ជាងលាង និងចំណុចរលៀសគុយ ជាដើម៖ «ការកាប់បំផ្លាញហ្នឹងមានរណាយន្តអីមានឈ្មួញខ្លះ អ្នកធ្វើផ្ទះសម្បែងខ្លះ ហើយអ្នកកាប់ឧសស្ទែរ (ឧសគីប) វាចន្លោះប្រហោងហ្នឹង ប្រជាពលរដ្ឋខ្លាចរងាណាស់រាល់ថ្ងៃ ដោយសារអី គឺដោយសាររឿងចោរកម្ម ហើយអស់ព្រៃឈើហ្នឹង ហើយខ្លាចអស់ដល់ដីទៀតបាទ»។
ចំណែកតំណាងសហគមន៍ម្នាក់ទៀតមកពីស្រុកសាមគ្គីមានជ័យ លោក ញ៉េប វន បញ្ជាក់ថា សម្រាប់ស្រុករបស់លោក បញ្ហាសន្តិសុខ និងដីធ្លី មិនបានចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺបញ្ហាព្រៃឈើនៅតាមសហគមន៍។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រជាសហគមន៍នេះ អនុប្រធានការិយាល័យបរិស្ថាននៃមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង លោក យឹម ណារិទ្ធិ មានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាសហគមន៍នេះ ក្រុមការងាររបស់លោកបានចុះអង្កេតផ្ទាល់ទៅលើទីតាំងដែលបានរាយការណ៍ទាំងនោះភ្លាម ក៏ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានៅឡើយទេ៖ «កន្លងមកតែងតែឮអ៊ីចឹង។ ដល់ពេលទៅត្រួតពិនិត្យទៅ ភាគច្រើនវានៅតាមដីរបស់គាត់ហ្នឹង ដោយសារគាត់អត់មុខរបរអី គាត់ទៅកាប់អាជិតៗហ្នឹង ហើយដល់ជញ្ជូនអ៊ីចឹងទៅ យើងចេះតែឃើញ ហើយបញ្ហាមួយទៀតបើនៅក្នុងដែន (ដែនជម្រកសត្វព្រៃ) វាអត់មាន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកទឹកផុស លោក សោម វឺន និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហាសន្តិសុខសុវត្ថិភាពភូមិឃុំបានទេ នៅថ្ងៃទី៦ ខែកុម្ភៈ។
មន្ត្រីគម្រោងនៃអង្គការបង្កើនសមត្ថភាពសហគមន៍ ដើម្បីអភិវឌ្ឍន៍ អ្នកស្រី នាង សុភ័ណ្ឌ ថ្លែងថា ការជួបប្រជុំរបស់សហគមន៍នាពេលនេះ គឺជាប្រការមួយល្អក្នុងការដោះស្រាយបញ្ហាដែលកំពុងជួបប្រទះក្នុងសហគមន៍។ អ្នកស្រីបន្តថា តាមការចូលរួមស្ដាប់របស់អ្នកស្រីមួយព្រឹកពេញពីតំណាង និងប្រជាសហគមន៍ផ្ទាល់ ឃើញថា បញ្ហាព្រៃឈើកើតមានស្ទើរគ្រប់ឃុំទាំងអស់នៃស្រុកទាំងពីរ៖ «ឥឡូវហ្នឹងបញ្ហាទាំងអស់ហ្នឹងវាពាក់ព័ន្ធរឿងអាមន្ត្រីបរិស្ថានហ្នឹងខ្លាំងមែនទែន ហើយអ៊ីចឹងបានខាងអនុប្រធានគេមកចូលរួមទៅ ដូចថា គេផ្ដល់យោបល់ឲ្យពួកគាត់ អ៊ីចឹងមានន័យថា ឥឡូវហ្នឹងគេដាក់វិធានការខ្លាំងទៅលើមន្ត្រីរបស់គេហ្នឹង។ ឥឡូវឮថា មានមន្ត្រីខ្លះហ្នឹងកំពុងដាក់ពាក្យឈប់ហើយ»។
កន្លងមក មានប្រជាសហគមន៍ជាច្រើនបានផ្ដល់ព័ត៌មានទាក់ទងនឹងបញ្ហាដីធ្លី ជាពិសេសព្រៃឈើ នៅស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ក៏ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញ តែងតែច្រានចោលនូវការលើកឡើងរបស់ប្រជាសហគមន៍នេះ៕
No comments:
Post a Comment
yes