ថ្នាក់ដឹកនាំសហជីពការងារធំៗ ចំនួន១៦ សម្រេចកំណត់យកថ្ងៃទី១២ ខែមីនា ធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើការអំពាវនាវ និងការទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លាររបស់កម្មករ មិនត្រូវបានការឆ្លើយតបជាវិជ្ជមានពីសំណាក់រដ្ឋាភិបាល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ឲ្យដឹងនៅរសៀលថ្ងៃពុធនេះថា កិច្ចប្រជុំរបស់ថ្នាក់ដឹកសហជីពការងារធំៗ ទាំង១៦ បានសម្រេចអនុម័តជាលទ្ធផល ចំនួន៥ចំណុចធំៗ។
លោកថា ចំណុចទី១ អំពាវនាវដល់រដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ និងស្ថានទូតនានា ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាមួយចំនួនដូចជា៖ សុំឲ្យដោះលែងជនជាប់ចោទទាំង២៣នាក់ និងទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងអស់, សុំឲ្យមានការចរចាឡើងវិញលើប្រាក់ឈ្នួលគោល១៦០ដុល្លារក្នុង មួយខែ, ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សានៅមុខរោងចក្រយ៉ាកជីង និងនៅផ្លូវវេងស្រេង ព្រមទាំងផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ជនរងគ្រោះដែលបានរងរបួស និងជនរងគ្រោះដែលកំពុងជាប់ឃុំឃាំង, រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈរបស់ប្រជាពលរដ្ឋចេញវិញ, តំណាងក្រុមហ៊ុនទាំងអស់ត្រូវដកបណ្តឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិត, សុំទទួលយកកម្មករដែលត្រូវបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ ព្រមទាំងផ្តល់ប្រាក់រម្លឹក និងអត្ថប្រយោជន៍ផ្សេងៗ និងត្រូវទូទាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ជូនដល់កម្មករ ដែលនិយោជកបានកាត់ ក្នុងអំឡុងពេលធ្វើកូដកម្ម។
លោកបន្តថា ចំណុចទី២ គឺថ្នាក់ដឹកនាំសហជីព នឹងចាប់ផ្តើមយុទ្ធនាការជួបជុំកម្មករ តាមបណ្តារោងចក្រនៅរាជធានី និងខេត្ត ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីពន្យល់ពីគោលបំណងនៃការធ្វើមហាកូដកម្ម។ ចំណុចទី៣ គឺជំរុញឲ្យកម្មករ ពហិការធ្វើកូដកម្ម ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ។ ចំណុចទី៤ គឺរៀបចំវេទិកាសាធារណៈ ដោយអញ្ជើញតំណាងរដ្ឋាភិបាល និងគណៈកម្មការវាយតម្លៃប្រាក់ឈ្នួល មកបំភ្លឺចំពោះកម្មករ កម្មការិនី នៅថ្ងៃទី៨ ខែកុម្ភៈ។ ចំណែកឯចំណុចទី៥នោះគឺ បើមិនមានដំណោះស្រាយណាមួយចំពោះការទាមទារ គឺសហជីពធំៗ នឹងដឹកនាំកម្មករទូទាំងប្រទេស ធ្វើមហាកូដកម្ម ដាក់សម្ពាធរដ្ឋាភិបាល រកដំណោះស្រាយ។
លោក រ៉ុង ឈុន ក៏អំពាវនាវដល់កម្មករ-កម្មការិនី គ្រប់វិស័យត្រៀមខ្លួនចូលរួមកូដកម្មនេះ ដើម្បីទទួលបានប្រាក់ឈ្នួលសមរម្យផងដែរ៕
No comments:
Post a Comment
yes