សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

សហជីព​៖​កម្មករ​យ៉ាង​តិច​២០​ម៉ឺន​នាក់​នឹងចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​២១​នាក់​​

មេដឹកនាំ​សហជីព​ធំៗ និង​សមាគម​ចំនួន​១៦ ដែល​គ្រោង​នឹង​ធ្វើ​កូដកម្ម​ទូទាំងប្រទេស ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​មាន​កម្មករ​ចូលរួម​ធ្វើកូដកម្ម​នាពេល​ខាងមុខ​នេះ​ច្រើន​ម៉ឺន​នាក់​។​
សហជីព​ធំៗ និង​សមាគម​ចំនួន​១៦ នឹង​ចាប់ផ្តើម​ចែក​ខិត្តប័ណ្ណ​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដល់​កម្មករ-កម្មការិនី ឲ្យចូល​រួម​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ទាំង​២១​នាក់ ។​
ក្នុង​ខិត្តប័ណ្ណ​ដែល​សហជីព​គ្រោង​ចែក​នោះ មានបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​និយោជក​ដោះស្រាយ​បញ្ហា​ចំនួន​៧​ចំណុច រួមមាន ១.​សុំឲ្យ​ដោះលែង​ជនជាប់ចោ​ទទាំង​២១​នាក់ និង​ទម្លាក់ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​លើ​អ្នក​ទាំង​២៣​នាក់ ២.​សុំឲ្យ​មាន​ការចរចា​ឡើងវិញ​លើ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ​ក្នុង​មួយខែ ៣.​ត្រូវ​ដាក់ទោស​ដល់​ជនល្មើស​ដែល​បាន​ប្រើ​ហិង្សា​និង​សម្លាប់​កម្មករ ព្រមទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត រងរបួស និង​ជាប់​ឃុំឃាំង ៤.​រដ្ឋាភិបាល​ត្រូវ​ដក​បម្រាម​នៃ​ការជួបជុំ​ជា​សាធារណៈ​របស់​ប្រជាពលរដ្ឋ ចេញ​វិញ និង​លុបចោល​ការព្យួរ​ការចុះបញ្ជី​ការ​អង្គការ​វិជ្ជាជីវៈ​ពី​ក្រសួង​ការងារ ៥.​តំណាង​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ដក​បណ្តឹង​ដែល​ប្រឆាំង​សហជីព និង​កម្មករ​និយោជិត ៦.​សុំឲ្យ​ទទួលយកក​ម្មក​រ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​ឲ្យចូល​ធ្វើការ​វិញ ព្រមទាំង​ផ្តល់​ប្រាក់​រម្លឹក និង​អត្ថប្រយោជន៍​ផ្សេងៗ និង​ចំនុច​ទី​៧ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ទៀងទាត់​ជូន​ដល់​កម្មករ ដែល​និយោជក​បាន​កាត់ ក្នុង​អំឡុងពេល​ធ្វើ​កូដកម្ម​។​

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា បាតុកម្ម​ដែល​សហជីព​គ្រោង​នឹង​ធ្វើ​នៅពេល​ខាងមុខ​នេះ នឹង​មាន​កម្មករ-កម្មការិនី​យ៉ាងតិច​​ ២០​ម៉ឺន​នាក់​ចូលរួម ព្រោះ​កិច្ចការ​ទាំងនេះ គឺ​ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​ពួកគេ​ច្រើន ជាពិសេស​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​បាន​ល្អ​ជា​ង​មុន​។ លោក ​រ៉ុង ឈុន បន្តថា ប្រសិនបើ​មាន​អាជ្ញាធរ​ណាមួយ​ចេញមុខ​មក​រារាំង​ការចែក​ខិត្តប័ណ្ណ​នោះ ក៏​សហជីព​មិន​រាថយ ព្រោះ​រឿង​នេះ​មិន​ទាក់ទង​នឹង​រឿង​នយោបាយ​នោះ​ទេ  «​ខ្ញុំ​គិតថា ជា​ផលប្រយោជន៍​ពួកគាត់ កម្មករ កម្មការិនី នឹងចូលរួម​ច្រើន​ហើយ ព្រោះ​ជា​ប្រយោជន៍​ផ្ទាល់ មិនមែន​ប្រយោជន៍​របស់​អ្នកណា​ទេ អញ្ចឹង​សូម​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​ហ្នឹង កុំ​មើលបំណាំ​គ្នា ត្រូវតែ​ចូលរួម​សហការ​គ្នា ទាំងអស់គ្នា ឲ្យបាន​សស្រាកសស្រាំ នេះ​ហើយ​ដែល​យើង​ទទួលបាន​ដំណោះស្រាយ ហើយ​ប្រសិន​យើង​ធ្វើ​ហើយ មើលបំណាំ​គ្នា នោះ​វា​មិន​បាន​ជោគជ័យ​ទេ​»​។​
ប្រធាន​សហព័ន្ធ​សហជីព​ជាតិ ​នៃ​ឧស្សាហកម្ម​វាយណភ័ណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី ​ម៉ម ញឹម មានប្រសាសន៍ថា ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា នៅតែ​មិន​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​១៦០​ដុល្លារ ពួកគេ​បាន​និយាយ​ដូចៗ​គ្នា គឺ​មិន​ពេញចិត្ត​នឹង​ប្រាក់​ឈ្នួល​ប៉ុណ្ណឹង​នោះទេ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល​បាន​បំបិទ​សិទ្ធិ​បញ្ចេញមតិ ប្រជាពលរដ្ឋ​។ អ្នកស្រី​បន្ត​ថា នៅពេល​ដែល​អ្នកស្រី​ទៅ​ជួប​ជាមួយ​កម្មករ ពួកគេ​តែងតែ​ទទូច​ឲ្យ​សហជីព​ដឹកនាំ​ធ្វើកូដកម្ម​ ទ្រង់ទ្រាយ​ធំ ។​
​ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មានប្រសាសន៍ថា ប្រសិនបើ​ការធ្វើ​កូដកម្ម​នេះ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ សហព័ន្ធ​សហជីព សមាគម និង​កម្មករ​និយោជិត​គ្រប់​វិស័យ ព្រមាន​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ដោយ​កម្មករនិយោជិត និង​មន្ត្រីរាជការ នឹង​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើការ​។ ហើយ​នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា កម្មករនិយោជិត​នឹង​ទៅ​កន្លែង​ធ្វើការ តែ​មិន​បំពេញការងារ​៕

No comments:

Post a Comment

yes