សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 18, 2014

​អាជ្ញាធរ​បណ្តេញ​ពលរដ្ឋមិន​ឲ្យ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តពោធិ៍សាត់​​

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បណ្តេញ​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត ទាមទារ​រក​ដំណោះស្រាយ និង​យុត្តិធម៌​ពី​ការរុះរើ និង​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពួកគាត់​កាលពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​។​
​លោក ស៊ិម វណ្ណី ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ដុត​ផ្ទះ​ដើម្បី​បណ្តេញចេញ ប្រាប់​វី​អូ​ឌី​ថា នៅ​ម៉ោង​ប្រហែលជា​៥​ភ្លឺ​ព្រឹក​មិញ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា ប្រមាណ​ជា​ជិត​១០០​នាក់ បាន​ចុះ​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ និង​ដោះស្រាយ​លើ​បញ្ហា​ដែល​អាជ្ញាធរ​បាន​រុះរើ​កម្ទេច និង​ដុត​ផ្ទះ​របស់​ពួកគាត់​អស់​ជាង​១០០​ខ្នង កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កន្លងទៅ​។
​លោក​បន្ថែមថា បើទោះជា​មាន​ការ​បណ្តេញ​មិន​ឲ្យ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត ប៉ុន្តែ​រូប​លោក​រួម​នឹង​ពលរដ្ឋ​ផ្សេងទៀត នឹង​ឡើង​ទៅ​តវ៉ា​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃស្អែក​ទៀត ដើម្បី​បន្ត​ទាមទារ​រក​យុត្តិធម៌ ។​
​ពលរដ្ឋ​ដែល​រងគ្រោះ​ម្នាក់ទៀត អ្នកស្រី ប៉ាល់ វីន លើកឡើងថា ពួគគាត់​ជា​ប្រជាជន​ក្រីក្រ ការទាមទារ​របស់​គាត់​គ្រាន់តែ​ចង់​បាន​ផ្ទះ​មក​វិញ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ហើយ​កូនៗ​ពួកគាត់​បាន​ទៅ​រៀន​ដូច​ពីមុន​។​

VOD មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា បានទេ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ តែ​កាលពី​ល្ងាចម្សិលមិញ លោក ខូ​យ សុខា បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំងនោះ បាន​ទៅ​រុករាន​ដីព្រៃ​ដើម្បី​ធ្វើ​លំនៅឋាន ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិនបើ​ពលរដ្ឋ​នៅ​តែ​បន្ត​តវ៉ា​ទៀត​នោះ​។​

អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុន​ហាន មានប្រសាសន៍ថា សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ មិន​ឲ្យ​តវ៉ា​បន្តទៀត ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន ខ្យល់គរ មាន​ខ្លះ​សន្លប់ ដោយសារ​តែ​រន្ធត់ និង​អស់កម្លាំង​។ លោក​បន្ថែមថា ការបណ្តេញ​មិន​ឲ្យ​ពលរដ្ឋ​តវ៉ា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ទេ ព្រោះ​ពលរដ្ឋ​គ្រាន់តែ​ទាមទារ​ឲ្យមាន​ការទទួលខុសត្រូវ លើ​ការបំផ្លាញ​ផ្ទះសម្បែង​របស់​ពួកគាត់​ប៉ុណ្ណោះ​។
​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង​៨០​នាក់ បាន​ឡើង​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​ចោទ​ថា​បាន​ប្តឹង​ឲ្យមាន​អន្តរាគមន៍ និង​ផ្តល់​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​ខេត្ត លោក ប៉ង់ ចាន់​សុ​យុទ្ធា​រ៉ា ចុះ​ទៅ​រុះរើ និង​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ យ៉ាងហោច​ណាស់​ជាង​១០០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កន្លងមក ក្រោម​ហេតុផល​ថា ជា​តំបន់​ការពារ​ព្រៃឈើ​នោះ​៕

No comments:

Post a Comment

yes