កូដកម្មរបស់កម្មករសុំដំឡើងប្រាក់ខែគោល១៦០ដុល្លារ
នាពេលកន្លងមក (រូបថត៖ ញឹម សុខន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន កាលពីថ្ងៃអង្គារម្សិលមិញថា កម្មកររោងចក្រ អាចប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើពួកគេ ចូលរួមធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ តាមការអូសទាញ របស់សហជីពមួយចំនួននោះ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីសហព័ន្ធសហជីព និងសមាគម១៨ ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅពាក់កណ្តាលខែក្រោយនេះ (ខែមីនាឆ្នាំ២០១៤) បើភាគីរោងចក្រនិងរដ្ឋាភិបាល មិនដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់១៦០ដុល្លារ និងដោះលែងមនុស្ស២១នាក់ទេ។
ថ្លែងពីខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្យាករថាការចូលរួមធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួល តាមការញុះញង់របស់មនុស្សមួយក្រុមនោះ នឹងមិនទទួលបានជោគជ័យទេ។ លោកថា ទីបំផុតពួកគេនឹងអាចប្រឈម នឹងការអត់ការងារធ្វើ នៅពេលថៅកែរោងចក្របិទទ្វារ ដោយគ្មានលទ្ធិភាពដំឡើងឲ្យតាមការទាមទារនោះ «បាតុកម្ម ឬកូដកម្ម ដំឡើងប្រាក់ខែ ដល់ពេលគេបិទរោងចក្រ សូមអញ្ជើញកម្មករ កម្មការិនី មេត្តាធ្វើបាតុកម្មទៅទាមទារឲ្យអ្នកដែលញុះញង់ហ្នឹង រកការងារឲ្យធ្វើទៅ រឿងវាអ៊ីចឹង អាហ្នឹងគឺតំរិះជិះកឯង ពេលហ្នឹងត្រូវលេងគ្នាម្តងហើយ មកពីអ្នកណាបាត់បង់ការងារធ្វើ ឲ្យគេបិទរោងចក្រ»។
ការអះអាងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ដូចគ្នាទៅនឹងការអះអាង របស់ប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន ស៊ុយអៀង កាលពីសប្តាហ៍មុនថា រោងចក្រប្រមាណជា៨០ភាគរយ នឹងបិទទ្វារ ដោយសារការទាមទារនេះ។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធនេះ សហជីពគាំទ្ររដ្ឋាភិបាល បានរៀបចំសន្និសីទកាសែត អំពីការរៀបចំទប់ស្កាត់ការចែកខិត្តប័ណ្ណរបស់សហជីព និងសមាគមទាំង១៨ ដែលវាបង្កើននូវការព្រួយបារម្ភពីលទ្ធភាពនៃការប៉ះទង្គិចគ្នា។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា ការធ្វើបាតុកម្ម ឬកូដកម្ម ជាការសម្រេចចិត្តផ្ទាល់ របស់កម្មករ ប៉ុន្តែលោកថា ដរាបណារដ្ឋាភិបាលមិនបានដោះស្រាយ ប្រាក់ឈ្នួល ឲ្យកម្មករ អាចរស់នៅ សមរម្យបានទេនោះ កម្មករទំនងជាមិននៅស្ងៀមទេ «យល់ល្អរដ្ឋាភិបាល គួរតែដោះស្រាយឲ្យបានលឿន ខ្ញុំគិតថាវារៀងល្អវិញ ព្រោះមិនដោះស្រាយផង ហើយមិនឲ្យគ្នាធ្វើទៀត អ៊ីចឹងវានាំតែឲ្យពិបាកដល់កម្មករ គ្នាមិនដឹងមានជម្រើសអ្វី»។
ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បង្ហាញការសោកស្តាយនូវការព្រមាន របស់លោកនាយករដ្ឋមន្ត្រីនេះ ប៉ុន្តែលោកយល់ថា តាមការសន្យារបស់ អ្នកបញ្ជាទិញ នឹងមិនធ្វើឲ្យរោងចក្របិទទ្វារដោយសារការដំឡើងប្រាក់ឈ្នួលដល់កម្មករបាន១៦០ដុល្លារនេះទេ «ចំនួន១៦០ដុល្លារនោះគឺមិនមែនជា តួលេខសម្លាប់អាជីវកម្មទេ គឺអ្នកបញ្ជាទិញទាំងអស់នោះ គាត់មិនមានបញ្ហាអ្វីជាមួយតួលេខហ្នឹង គាត់អាច រហូតដល់បើដាក់១៦០$នេះ គាត់នៅតែបន្តរកស៊ីស្រុកខ្មែរហ្នឹងដែរ»។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ឈ្នួលគោលកម្មករនៅកម្ពុជាត្រឹម១០០ដុល្លារនេះ លើសប្រាក់ឈ្នួល កម្មករប្រទេសនានាដូចជាប្រទេស ឡាវ ប៉ង់ក្លាដេស ឥណ្ឌា នេប៉ាល់ និងបណ្តាប្រទេសមួយចំនួនទៀត ប៉ុន្តែលលោកមិនបានបង្ហាញប្រាក់ឈ្នួលកម្មករនៅប្រទេសថៃដែលជាប់កម្ពុជាមានតម្លៃខ្ពស់ជាងទេ៕
No comments:
Post a Comment
yes