លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ
នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រូបថតពី៖ CLC)
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ត្រូវបានក្រុមប្រឹក្សាក្រុង Ghent នៃប្រទេសប៊ែលហ្សិក ជ្រើសរើសសម្រាប់ផ្តល់ពានរង្វាន់អ្នកដែលតស៊ូដើម្បីយុត្តិធម៌សង្គម។
ប្រធានប្រតិបត្តិសហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានឲ្យដឹងថា ពេលនេះ ក្រុមការងារផ្តល់ពានរង្វាន់កំពុងទំនាក់ទំនង សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមគ្រួសាររបស់លោកវន់ ពៅ ដើម្បីឲ្យទៅទទួលពាន់រង្វាន់។
លោក វន់ ពៅ ជាបុគ្គលមួយរូបក្នុងចំណោម៦រូប ដែល ក្រុមប្រឹក្សាទីក្រុង Ghent ដើម្បីប្រគល់ពានរង្វាន់កិត្តិយស ដល់អ្នកដែលបានតស៊ូ ប្រយុទ្ធប្រឆាំងដើម្បីយុត្តិធម៌សង្គម។
លោក វន់ ពៅ ត្រូវសមត្ថកិច្ចចាប់ខ្លួន និងវាយដំក្នុងពេលដែលចូលរួមតវ៉ាជាមួយកម្មករ នៅក្បែររោងចក្រយ៉ាកជីងកាលពីថ្ងៃទី០២ ខែកមរា ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្រោមបទចោទថា បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និង ញុះញង់ឲ្យមានអំពើហិង្សា។ លោក វន់ ពៅ ក្រៅពីធ្វើជាមួយអ្នកប្រកបរបរក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប អ្នកបើករ៉ឺម៉កកង់បី ឬអ្នកលក់ដូរតាមផ្លូវ លោកក៏តែងចេញមុខយ៉ាងសកម្មចូលរួមតវ៉ាទាមទារសិទ្ធិសេរីភាព ដល់អ្នករងគ្រោះដោយសារជម្លោះដីធ្លី និងកម្មកររោងចក្រកាត់ដេរផងដែរ៕
No comments:
Post a Comment
yes