ក្រុមបាតុករប្រឆាំងរដ្ឋភិបាលលោកស្រី យីង ឡាក់ ប្រមូលផ្តុំគ្នា
នៅតំបន់ Chinatown ក្នុងក្រុងបាងកក (រូបថត៖ AFP)
មេដឹកនាំបាតុករនៅទីក្រុងបាងកកម្នាក់ ត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួន នៅថ្ងៃចន្ទម្សិលមិញ ដោយចោទថា បានរំលោភបំពានច្បាប់ បន្ទាប់ពីមានការប្រមូលផ្តុំនៅទីក្រុងបាងកកជាងបីខែមកនេះ ដើម្បីបណ្តេញលោកស្រី យីង ឡាក់ ចេញពីតំណែង។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា មេដឹកនាំបាតុករដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ Sontiyan Cheunruethainaitham គឺចាប់នៅពេលព្រឹកក្នុងសណ្ឋាគារដែលលោកស្នាក់នៅ ក្នុងទីក្រុងបាងកក។ ដីកាចាប់ខ្លួនមេដឹកនាំបាតុកររូបនោះ ដោយចោទថា បានរំលោភច្បាប់ និងបម្រាមប្រកាសអាសន្នរបស់រដ្ឋាភិបាល ដោយលោកនៅតែថ្លែងសន្ទរកថារាល់ថ្ងៃទៅកាន់បាតុករ ដឹកនាំការប្រមូលផ្តុំ បិទផ្លូវ និងចូលកាន់កាប់អគារវិមានរដ្ឋាភិបាល ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកស្រី យីង ឡាក់។
ប្រធាននាយកដ្ឋានស៊ើបអង្កេតពិសេសលោក Tarit Pengdith ថ្លែងថា ការចាប់ខ្លួនធ្វើឡើងដោយសារមេដឹកនាំបាតុកររូបនោះ បានបង្កចលាចលក្នុងសង្គម។
ការប្រមូលផ្តុំតវ៉ានៅទីក្រុងបាងកក នៅតែបន្តកើតមានបើទោះជា រដ្ឋាភិបាលប្រកាសដាក់រដ្ឋក្នុងសភាពអាសន្ន កាលពីមុនថ្ងៃបោះឆ្នោតមុនអាណត្តិកាល ពីថ្ងៃទី២ ខែកុម្ភៈក៏ដោយ។ កន្លែងបោះឆ្នោតច្រើនកន្លែង ត្រូវក្រុមប្រឆាំងរារាំងដូចជានៅទីក្រុងបាងកក និងនៅខេត្តភាគខាងត្បូង។
ការចាប់ខ្លួនមេដឹកនាំបាតុករនេះ អាជ្ញាធរក៏មានភាពស្ទាក់ស្ទើរដែរ ព្រោះខ្លាចក្រែង មានកំហឹងពីក្រុមបាតុករ ហើយកើតមានផ្ទុះការតវ៉ាកាន់តែធំ ដែលជាគន្លឹះថ្មីមួយដែលបាតុករអាចបិទទីក្រុងបាងកក។ ក្នុងពេលតវ៉ារយៈពេលជាង បីខែមកនេះ នគរបាលមានការប្រុងប្រយ័ត្នសម្របតាមបាតុករ កុំឲ្យកើតមានចលាចល ឬហិង្សាកើតឡើង ដែលជាហេតុអាចនាំឲ្យយោធាធ្វើអន្តរាគមន៍ដោយរដ្ឋប្រហារ៕
No comments:
Post a Comment
yes