សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 17, 2014

វិភាគ៖ហេតុអ្វី​បានជា​តុលាការ​មិន​ចាត់ការ​បណ្ដឹង​ប្រឆាំង​លោកនាយក​រដ្ឋមន្ត្រីហ៊ុនសែន​​

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
 (រូបថត៖ តាត ឧត្តម)

VOD

យ៉ាងតិចណាស់​បណ្ដឹង​ចំនួន​៤ ត្រូវ​បាន​ប្ដឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង​ផ្សេងៗ​គ្នា ហើយ​ក្នុងនោះ​សំណុំរឿង​ចំនួន​៣​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រទេស​ជាតិ​។

នៅ​ក្នុង​បណ្ដឹង​ទាំង​៤​នោះ រួម​មាន​បណ្ដឹង​របស់​លោក​សួង សុភ័ណ្ឌ អតីត​ប្រធាន​យុវជន​គណបក្ស​សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ប៉ៃលិន ប្ដឹង​ចំនួន​២​ករណី ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនោះ​មាន​ករណី​ការស្លាប់​មនុស្ស​លើ​ស្ពាន​កោះ​ពេជ្រ និង​ករណី​មួយទៀត ប្ដឹង​ពី​បទ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនជាតិ​វៀតណាម​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​។​

ចំណែក បណ្ដឹង​របស់​លោកស្រី មួ​រ សុខ​ហួរ កាលពី​ឆ្នាំ​២០០៩ ប្ដឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ករណី​បរិហារកេរ្តិ៍ ទីបំផុត​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ប្ដឹង​បក​វិញ តាមរយៈ​មេធាវី​រដ្ឋាភិបាល​។

​ហើយ​នៅ​ចុងក្រោយ​នេះ គឺ​បណ្ដឹង​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ជា​បណ្ដាញ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ប្ដឹង​លោក​នាយករដ្ឋមន្ត្រី​ពី​បទ​កាត់​ទឹកដី​កោះត្រល់ និង​កោះ​ក្រចកសេះ​ទៅ​ឲ្យ​វៀតណាម​។ ប៉ុន្តែ​បណ្ដឹង​ចុងក្រោយ​នេះ កំពុងស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​។​


​ទោះយ៉ាងណា បណ្ដឹង​របស់​លោក​សួង សុភ័ណ្ឌ ដែល​ជា​បណ្ដឹង​ថ្នាក់ជាតិ មិន​ត្រូវបាន​សាលា​ឧទ្ធរណ៍ ទទួលយក​ទេ ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​តម្កល់ទុក​មិន​ចាត់ការ​។ សំណួរ​សួរថា ហេតុ​អី​បានជា​សាលាឧទ្ធរណ៍​មិន​ទទួល​បណ្ដឹង​របស់​យុវជន​ខាងលើនេះ​?

ចំពោះ​ករណី​ព្រំដែន រឿង​កាត់​កោះត្រល់ កោះ​ក្រចកសេះ​ឲ្យទៅ​វៀតណាម វា​ជា​រឿង​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ផង និង​នយោបាយ​ផង ដែល​អាច​លំបាក​ដល់​វិជ្ជាជីវៈ​ចៅក្រម​ស្រុក​ខ្មែរ ដែល​ចៅក្រម​ខ្លះ​ត្រូវ​គេ​មើលឃើញថា មិន​មាន​ជំនាញ​ខាង​បញ្ហា​នេះ ធ្វើ​ឲ្យ​តុលាការ​មិន​មាន​សមត្ថ​កិច្ច​ក្នុងករណីនេះ​។ តើ​ករណី​នេះ​គួរតែ​ខាង​ណា​វិញ​ជា​អ្នកដោះស្រាយ​?

អ្នកស្រាវជ្រាវ​បញ្ហា​ព្រំដែន​សមុទ្រ លោក ហុង សុខ​ហូ មានប្រសាសន៍ថា កោះត្រល់​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចុះ​ហត្ថលេខា​ឲ្យទៅ​វៀតណាម​នៅ​ឆ្នាំ​១៩៨២ នៅពេល​ដែល​ខ្មែរ​នៅក្រោម​ការត្រួតត្រា​របស់​វៀតណាម ដូច្នេះ​ការ​បាត់​កោះ​នេះ គឺជា​រឿង​នយោបាយ​។ លោក​មានប្រសាសន៍​បន្ថែ​ម​ថា សន្ធិសញ្ញា​នៅ​ឆ្នាំ​១៩៨២​នោះ​គ្មាន​ស្ថាប័ន​ណា​ទទួល​ស្គាល់​ទេ វា​ជា​សន្ធិសញ្ញា​ខុសច្បាប់ ប៉ុន្តែ​សន្ធិសញ្ញា​បំពេញបន្ថែម នៅ​ឆ្នាំ​២០០៥ ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​នៅ​ឆ្នាំ​១៩៧៩ សន្ធិសញ្ញា​ឆ្នាំ​១៩៨២ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​។

​លោក​ហុង សុខ​ហូ យល់ថា ខ្មែរ​យើង​នៅ​មាន​លទ្ធភាព​អាច​ទាមទារ​កោះត្រល់​មកវិញ​បាន ដោយ​ផ្អែក​ទៅលើ​ច្បាប់​ពីរ​ «​ទី​១ ច្បាប់​ស្ដី​អំពី​សមុទ្រ ដែល​ចុះហត្ថលេខា​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៨២ គេ​ចែង​ច្បាស់​ណាស់ កោះ​ណា​ដែល​នៅ​ជាប់​ជិត​ប្រទេស ដូច​ជា​កោះ​ត្រល់ ដែល​មាន​ចម្ងាយ​តែ​១៥ គីឡូម៉ែត្រ​ពី​ប្រទេស​កម្ពុជា នៅលើ​ច្បាប់​ហ្នឹង​វា​អត់​មាន​អី​ត្រូវ​បកស្រាយ​ច្រើន​ទេ អត់​មាន​ឆ្ងល់ អត់​មាន​មន្ទិលសង្ស័យ​ទេ គឺជា​កោះ​របស់​ប្រទេស​កម្ពុជា​ហើយ ពីព្រោះ​វា​នៅ​ជិត ហើយ​ទ​២​ទៀត យើង​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង ក៏​គេ​បាន​ចែង​ដែរ ថា​សន្ធិសញ្ញា​ទាំងឡាយណា ដែល​ផ្ទុយ​អំពី​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ​កម្ពុជា​យើង គឺ​យើង​មាន​សិទ្ធិ​លុបចោល ដើម្បីឲ្យ​--​កុំឲ្យ​សន្ធិសញ្ញា​ហ្នឹង វា​មាន​ឥទ្ធិពល​លើ​ការបាត់បង់​ទឹកដី​»។​

​ចំណែក​លោក​សួង សុភ័ណ្ឌ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ប៉ៃលិន ដែលជា​អ្នក​ប្ដឹង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចំនួន​២​ករណី បានឲ្យ​VOD ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ថា លោក​នឹង​មិន​ដក​ពាក្យបណ្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទេ ហើយ​ពាក្យបណ្ដឹង​របស់​លោក​ជា​បណ្ដឹង​ព្រហ្មទណ្ឌ ដូច្នេះ​គ្មាន​នរណា​ម្នាក់​អាច​ដក​បាន​ឡើយ​ «​ហើយ​ពាក្យបណ្តឹង​ដែល​ខ្ញុំ​ប្តឹង​ទាំង​ពីរ​លើក ខ្ញុំ​បាន​ដាក់​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​សាលាឧទ្ធរណ៍ មិន​បាន​ទទួល​នូវ​អ្វី​ដែល​ខ្ញុំ​ដាក់​ពាក្យបណ្តឹង ប្តឹង​ឡើង​ទៅ​សាលាឧទ្ធរណ៍​នោះទេ តែ​បែរជា​រុញច្រាន​ទៅវិញទៅមក រវាង​សាលា​ឧទ្ធរណ៍​នឹង​សាលាដំបូង ខ្ញុំ​មាន​ការ​លោក​ស្តាយ ហើយ​ក្នុង​ពេលខាងមុខ​នេះ ខ្ញុំ​បាន​សម្រេចចិត្ត​ច្បាស់​ហើយ​ថា ខ្ញុំ​នឹង​ប្តឹងទៅ ICC (International Criminal Court) តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​ខ្ញុំ​នឹង​កំណត់​ថា​ថ្ងៃ​ណា ទើប​ខ្ញុំ​ប្តឹង ប៉ុន្តែ​ខ្ញុំ​បាន​សម្រេចចិត្តថា នឹង​ប្តឹង​រួចទៅហើយ​»​។​

​ទាក់ទង​ទៅនឹង​បណ្ដឹង​របស់​លោក សួង សុភ័ណ្ឌ​នេះ ប្រធាន​អង្គការ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី​សុក សំអឿន មានប្រសាសន៍ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិន​ជម្រះ​សេចក្ដី​ករណី​ព្រហ្មទណ្ឌ​ធម្មតា​នោះទេ «​មិន​អាច​ទេ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​តែ​បទ​ល្មើស​អន្តរជាតិ​ទេ​»​។​

​ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​អង្គការ​អាដហុក លោក​មេធាវី នី ចរិយា ពន្យល់​ពី​ករណី​បណ្ដឹង​របស់​លោក​សួង សុភ័ណ្ឌ​ថា ប្រហែល​បណ្ដឹង​នោះ​ខុស បាន​ជា​តុលាការ​តម្កល់ទុក​មិន​ចាត់ការ ព្រោះ​ករណី​សិទ្ធិ​បោះឆ្នោត គឺ​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នកចេញ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​ជនជាតិ​វៀតណាម​ប្រើប្រាស់ ហើយ​ការ​បណ្ដឹង​នោះ​ដូច​ជា​លក្ខណៈ​ទូទៅ​ពេក ដូច្នេះ​លោក​សូម​មិន​អត្ថាធិប្បាយ ព្រោះ​មិន​ដឹង​ថា​ការប្ដឹង​នោះ​ឈរ​លើ​មូលដ្ឋាន​អ្វី​។ ចំពោះ​បណ្ដឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ករណី​ស្លាប់​នៅ​កោះ​ពេជ្រ​វិញ លោក​ថា ក្រែងលោ​បណ្ដឹង​នោះ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ បាន​ជា​តុលាការ​តម្កល់ទុក​មិន​ចាត់ការ ម្យ៉ាង​លោក​មិន​យល់​ពី​ការប្ដឹង​នោះ​ផង មិនដឹង​ជា​មាន​ភស្តុតាង​អ្វីខ្លះ​សម្រាប់​ការប្ដឹង​នោះ​។ លោក​នី ចរិយា ក៏​សូម​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ផង​ដែរ ព្រោះ​លោក​ដឹង​រឿង​មិន​ច្បាស់​។

​ប៉ុន្តែ​ទាក់ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​រវាង​លោកស្រី​មួរ សុខ​ហួរ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឯណោះ​វិញ លោក​យល់ថា រឿង​នោះ​វា​បង្ហាញ​ពី​ភាព​មិន​ឯករាជ្យ​របស់​តុលាការ​ច្បាស់​ណាស់ ដោយសារ​តែ​ករណី​នេះ ជា​ករណី​តែមួយ ហើយ​តុលាការ​បាន​ចាត់ការ​តែ​ទៅលើ​ភាគី​មួយ ប៉ុន្តែ​ភាគី​ដទៃ​ទៀត តុលាការ​មិន​ព្រម​ចាត់ការ ហើយ​មាន​ភស្តុតាង​ជាក់ស្ដែង «​ទាំង​កាសែត​ក៏​បាន​ចុះ ហើយ​ម្យ៉ាងវិញទៀត យើង​ឃើញថា ករណីនេះ ក៏​ខាង​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​ក្រុង​ហ្នឹង ក៏បាន​ចាត់វិធានការ​ផ្ដន្ទាទោស​ទៅលើ​អ្នក​ដែល​បាន​ទៅ​រារាំង​លោកជំទាវ មួ​រ សុខ​ហួរ ដែល​ធ្វើឲ្យ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស ឬ​កេរ្តិ៍ឈ្មោះ​របស់​លោកជំទាវ មួ​រ សុខ​ហួរ​។ បានន័យថា ករណី​ហ្នឹង​បាន​កើតឡើង​ហើយ ក៏ប៉ុន្តែ បែរ​ជា​តុលាការ​មិន​ព្រម​ចាត់វិធានការ​»។​

​ចំពោះ​ករណី​បណ្ដឹង​របស់​យុវជន​នាង សុ​ឃុន ឯណោះ​វិញ គេ​នៅ​មិនទាន់​ដឹង​ថា តើ​លោក​មាន​ភស្តុតាង​អ្វីខ្លះ​ក្នុងការ​ប្ដឹង​នោះ​ទេ​។ ទោះយ៉ាងណា ក្រុមអ្នកច្បាប់​មានប្រសាសន៍ថា បើ​គ្មាន​ឯកសារ​ភស្តុតាង​គ្រប់គ្រាន់​ទេ នោះ​តុលាការ​អាច​ចេញ​ដីកា​តម្កល់​រឿង​ទុក​មិន​ចាត់ការ ដូច​ករណី​បណ្ដឹង​ផ្សេងៗ​ទៀត​ផង​ដែរ ដោយ​គ្រាន់តែ​ជូនដំណឹង​ដល់​ម្ចាស់​បណ្ដឹង​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes