ប័ណ្ណប្រកាសរបស់សហជីពពិភពលោក
សហជីពពិភពលោកកំពុងធ្វើសកម្មភាពដើម្បីទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករសរុប២៣នាក់ ដែលអាជ្ញាធរកំពុងឃុំខ្លួន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម។ សហជីពពិភពលោកបានអំពាវនាវឲ្យកម្មករនិយោជិតទាំងអស់ក្នុងពិភពលោកជួបជុំគ្នាធ្វើបាតុកម្មតវ៉ានៅពីមុខស្ថានទូតខ្មែរនានានៅឯបរទេស នាថ្ងៃចន្ទ ទី១០ កុម្ភៈ ដើមសប្តាហ៍ក្រោយនេះ។
ក្រុមសកម្មជនសហជីពនិងកម្មករនិយោជិតក្នុងពិភពលោកត្រូវបានអំពាវនាវឲ្យរួមគ្នាដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជនសិទ្ធិមនុស្សនិងកម្មករខ្មែរ ២៣ នាក់ដែលកំពុងជាប់ពន្ធនាគារ។ ការអំពាវនាវនេះបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃសុក្រ។ ការទាមទារឲ្យដោះលែងសកម្មជននិងកម្មករទាំងនោះត្រូវគេគ្រោងធ្វើឡើងនៅពីមុខស្ថានទូតខ្មែរនៅឯបរទេសនៅថ្ងៃចន្ទទី១១កុម្ភៈដើមសប្តាហ៍ក្រោយ។ ញត្តិទាមទារនឹងត្រូវគេដាក់ជូនទៅឯកអគ្គរាជទូតខ្មែរប្រចាំស្ថានទូតនានាទាំងនោះផងដែរ។
ការផ្តើមធ្វើសកម្មភាពរបស់សហជីពពិភពលោកបានកើតឡើងបន្ទាប់ពីក្រុមសហជីពនិងអង្គការសង្គមស៊ីវិលក្នុងស្រុកជាច្រើនបានជួបជុំធ្វើបាតុកម្ម និងដាក់ញត្តិជូនស្ថានទូតបរទេសនានាប្រចាំទីក្រុងភ្នំពេញដើម្បីសុំអន្តរជាតិជួយឲ្យអាជ្ញាធរកម្ពុជាដោះលែងសកម្មជននិងកម្មករដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំង។
គួរបញ្ជាក់ថា សកម្មជនសិទ្ធិមនុស្សនិងកម្មករទាំង ២៣ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃទី ២និងទី៣ មករា នៅក្នុងបាតុកម្មកម្មករដើម្បីទាមទារដំឡើងប្រាក់ខែ១៦០ដុល្លា។ ក្នុងអំពើហិង្សារហូតដល់សមត្ថកិច្ចប្រើអាវុធនោះមានមនុស្ស៤នាក់ស្លាប់ ៣៩ នាក់រងរបួស និង ២៣ នាក់ត្រូវបានចាប់ខ្លួន។ កាលពីថ្ងៃសុក្រ ក្រុមសកម្មជនសិទ្ធិមនុស្សនិងសង្គមស៊ីវិលក៏បានដុតធូបបួងសួងនៅឯព្រះអង្គដងកើ មុខព្រះបរមរាជវាំងដើម្បីសេរីភាពរបស់អ្នកទាំងនោះផងដែរ។
ការទាមទារទាំងនោះទំនងជាមិនឥតប្រយោជនទេ។ យ៉ាងហោចណាស់មនុស្ស២នាក់ក្នុងចំណោម ២៣ នាក់ត្រូវបានតុលាការសម្រេចកាលពីថ្ងៃសុក្រថានឹងដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ប៉ុន្តែ មិនមែនលោក វន់ ពៅ ដែលជាសកម្មជនលេចធ្លោជាងគេនោះឡើយ។ ការទាមទាររបស់សហជីពពិភពលោកនៅពេលនេះគឺជាប្រតិកម្មថ្មីទៀតរបស់អន្តរជាតិដើម្បីសេរីភាពរបស់សកម្មជនសិទ្ធិមនុស្សនិងសហជីពខ្មែរ៕

No comments:
Post a Comment
yes