លោក សម រង្ស៊ី កាលពីពេលកន្លងទៅ (រូបថត តាំង វីដា)
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងវិលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែកុម្ភៈនេះ ដោយនាំយកលទ្ធផលនៃនយោបាយការទូតនៅក្រៅប្រទេស មកជម្រាបជូនអ្នកគាំទ្ររបស់ខ្លួន។
កាលពីថ្ងៃទី២៣ ខែមករា លោក សម រង្ស៊ី បានធ្វើដំណើរទៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងស្តាប់របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្រោយមក លោក បានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក និងបារាំង ដើម្បីជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនោះ ពិភាក្សានយោបាយការទូត អស់ពេលជាងមួយសប្តាហ៍។
អ្នកនាំគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់VOD ឲ្យដឹងនៅរសៀលនេះថា ក្រោយពីធ្វើទស្សនកិច្ចនៅប្រទេសប៉ែកអ៊ឺរ៉ុបនេះ លោក សម រង្ស៊ី នឹងបន្តដំណើរទៅកាន់ប្រទេសកូរ៉េ នៅថ្ងៃទី៨ និង៩ខែស្អែកនេះ ហើយលោក នឹងត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ។ លោកបន្ត ក្រោយត្រលប់មកវិញ ថ្នាក់ដឹកនាំគណបក្សនេះ នឹងធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួន ជួបសួរទុក្ខ និងថ្លែងសារនយោបាយកាន់អ្នកគាំទ្រខ្លួន។
លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងទៀតថា ចំពោះបញ្ហាជាប់គាំងនយោបាយវិញ គឺគណបក្ស សង្គ្រោះជាតិ សង្ឃឹមថា នឹងមានការចរចាដោះស្រាយនៅពេលឆាប់ៗនេះ ដោយសន្តិវិធី អហិង្សា។
អំឡុងដែលលោក សម រង្ស៊ី កំពុងបំពេញកិច្ចការនយោបាយនៅក្រៅប្រទេស ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏បានរៀបចំវេទិកាចុះសួរសុខទុក្ខអ្នកគាំទ្របក្ស និងបានពិភាក្សាបញ្ហាសិទ្ធិមនុស្ស ភាពមិនប្រក្រតីនៃការបោះឆ្នោត និងបញ្ហាជាប់គាំងនយោបាយ ជាមួយឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Scot Marciel និង អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក Hon Hugo Swire ផងដែរ៕
No comments:
Post a Comment
yes