សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 4, 2014

យុវជន​១​ក្រុម​ប្តឹង​ចោទ​លោក​ហ៊ុន​សែនឲ្យ​​​កោះ​ត្រល់​​ទៅ​​វៀតណាម

140204_05
លោក​​ហ៊ុន សែន ​​នៅ​ក្នុ​ង​ពិធី​មួយ​កាល​ពី​ខែ​មុន​​​​
 រូបថត ហេង ជីវ័ន
ក្រុម​យុវជន​ដែល​មាន​សម្ព័ន្ធ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា មេ​ដឹក​នាំ​ប្រទេស​យូរ​អង្វែង​រូប​នេះ បាន​ប្រគល់​កោះ ត្រល់ និង​កោះ ក្រចក​សេះ ទៅ​ឲ្យ វៀតណាម កាល​ពី​ក្នុង​អំឡុង​ទស្សវត្សរ៍ ទី៨០។
ពាក្យ​បណ្តឹង​ដែល​ដាក់​ទៅ​សាលា​ដំបូង​រាជធានី កាល​ពី​ម្សិលមិញ ដោយ​លោក នាង សុខុម អាយុ ២៥ឆ្នាំ ជា​ប្រធាន​សហព័ន្ធ​យុវជន​ខ្មែរ​ស្នេហា​ជាតិ ផ្អែក​លើ​ផែនទី​ឯកសារ​ដទៃ​ទៀត និង​មាត្រា ២ មាត្រា ៥៥ នៃ​រដ្ឋ​ធម្មនុញ្ញ មាត្រា ១ និង ៤ នៃ​សន្ធិ​សញ្ញា និង​មាត្រា ៤៤០ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ ពាក្យ​បណ្តឹង​ក៏​បាន​អះអាង​ថា កម្ពុជា​ឥឡូវ​នេះ បាន​បាត់បង់​បូរណភាព​ទឹក​ដី រាប់​ទាំង​កោះ ត្រល់ កោះ ក្រចក​សេះ និង​តំបន់​សមុទ្រ​ដទៃ​ទៀត។
នៅ​ពេល​ដើរ​ចេញ​ពី​តុលាការ​កាល​ពី​ម្សិលមិញ លោក នាង សុខុម បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មន្រ្តី​តុលាការ​បាន​សម្តែង​ការ​ភ័យ​ខ្លាច ពេល​ពួកគេ​បាន​មើល​ឃើញ​ពាក្យ​បណ្តឹង​ប្តឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ដោយ​បន្ថែម​ថា អ្នក​ទទួល​ពាក្យ​បណ្តឹង មិន​បាន​ប្រាប់​ឈ្មោះ​លោក​ទេ ពេល​លោក​សួរ​ឈ្មោះ ប៉ុន្តែ​ថា មន្រ្តី​នោះ បាន​សន្យា​ទូរស័ព្ទ​ប្រាប់​លោក ប្រសិន​បើ​ពាក្យ​បណ្តឹង​ដំណើរការ។

លោក នាង សុខុម បន្ត​ថា៖ «ខ្ញុំ​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ដាក់​បន្ទុក​ចោទ​ប្រកាន់​លោក ហ៊ុន សែន ដែល​ហ៊ាន​ប្រព្រឹត្ត​ខុស​ច្បាប់​ធ្ងន់ធ្ងរ។ ខ្ញុំ​មាន​ឯកសារ​មួយ​ចំនួន​ដែល​លោក ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី [វៀតណាម] ក្នុង​ឆ្នាំ ១៩៨២»។
លោក នាង សុខុម បាន​អះអាង​ថា ពាក្យ​បណ្តឹង​របស់​លោក បាន​ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​ខ្មែរ​ជាច្រើន ប៉ុន្តែ យុវជន​ដទៃ​ទៀត​មិន​បញ្ចេញ​ឈ្មោះ​ទេ ប៉ុន្តែ គេ​បាន​លើក​ទឹក​ចិត្ត និង​គាំទ្រ​លោក​ឲ្យ​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​លោក ហ៊ុន សែន។
លោក នាង សុខុម ក៏​បាន​ព្រមាន​ដែរ​ថា ប្រសិន​បើ​តុលាការ​មិន​ចាត់​ការ​លើ​ពាក្យ​បណ្តឹង​របស់​លោក លោក​នឹង​ដឹក​នាំ​យុវជន​ខ្មែរ ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​តុលាការ។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី បាន​ហៅ​ពាក្យ​បណ្តឹង​នេះ​ថា ជា​ពាក្យ​បណ្តឹង​គ្មាន​ន័យ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ក្រុម​យុវជន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​លោក ហ៊ុន សែន គឺជា​សិទិ្ធ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។
លោក ផៃ ស៊ីផាន បន្ត​ថា៖ «រាជ​រដ្ឋាភិបាល បាន​ធ្វើ​តាម​ការ​កំណត់​របស់​ច្បាប់ និង​អ្វី​គ្រប់​យ៉ាង ដែល​ជា​កិច្ចការ​ទាក់ទង​នឹង​ច្បាប់​អន្តរជាតិ និង​សន្ធិ​សញ្ញា​អន្តរជាតិ»។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​មិន​មាន​ផែនការ​ប្តឹង​តប​លោក នាង សុខុម ទេ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច។
ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​របស់​សម្តេច​ឪ នរោត្តម សីហនុ ដែល​ធ្លាប់​បាន​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន និង​កោះ​រវាង កម្ពុជា និង វៀតណាម បាន​មាន​បន្ទូល​ថា ការ​ដាក់​ពាក្យ​ប្តឹង​លោក ហ៊ុន សែន មិន​អាច​ធ្វើ​ទៅ​បាន​ទេ។
ព្រះអង្គ​បន្ត​ថា៖ «ប៉ុន្តែ​យើង​មាន​លទ្ធភាព​តែ​មួយ​គត់ ដើម្បី​ដោះស្រាយ​បញ្ហា​កោះ ត្រល់ និង​កោះ ក្រចក​សេះ គឺ​ទុក​ឲ្យ​សភា​អនុម័ត​ច្បាប់​លុប​ចោល​សន្ធិសញ្ញា ដែល​ចុះ​ហត្ថលេខា​ពី​ឆ្នាំ ១៩៧៩ រហូត​ដល់​ឆ្នាំ ១៩៨៩ ដែល​យើង​អាច​ទាមទារ​កោះ ត្រល់ និង​កោះ ក្រចក​សេះ មក​វិញ»។
លោក ប្រាក់ សាវុធ នាយក​ក្រឡា​បញ្ជី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ពាក្យ​បណ្តឹង​របស់​លោក នាង សុខុម បាន​ចុះ​ក្នុង​សៀវភៅ​ហើយ ហើយ​ប៉ុន្មាន​ថ្ងៃ​ទៀត ពាក្យ​បណ្តឹង​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះ​រាជអាជ្ញា​ដើម្បី​ពិនិត្យ។ ប៉ុន្តែ លោក​បាន​ថ្លែង​ថា លោក​មិន​ដឹង​ទេ​ថា តើ​ព្រះ​រាជអាជ្ញា​ណា​ដែល​ត្រូវ​ចាត់​ឲ្យ​ពិនិត្យ​លើ​រឿង​ក្តី​នេះ៕ 

No comments:

Post a Comment

yes