បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ(CNRP) និងក្រុមគ្រួសារ ដែលធ្វើដំណើរទៅសួរសុខទុក្ខអ្នកកំពុងជាប់ឃុំទាំង២៣នាក់ នៅពន្ធនាគារត្រពាំងផ្លុង សម្តែងការខកចិត្ត បន្ទាប់ពីប្រធានពន្ធនាគារមិនអនុញ្ញាត ឲ្យចូលជួបសាច់ញាតិរបស់ខ្លួន។
អ្នកដែលបានទៅសួរសុខទុក្ខអ្នកទាំង២៣នាក់ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម នៅថ្ងៃអង្គារនេះរួមមាន សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី ៦រូប បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ១០រូប និងក្រុមគ្រួសារអ្នកជាប់ឃុំប្រមាណ ៥០នាក់។
ជាមួយគ្នានោះដែរ គេសង្កេតឃើញមាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងទាហាន រាប់សិបនាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខយ៉ាងតឹងរឹង នៅមុខពន្ធនាគារត្រពាំងថ្លុង និងតាមដងផ្លូវទៅកាន់ទីនោះ។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ក្នុងនាមតំណាងឲ្យពលរដ្ឋម្ចាស់ឆ្នោត និងក្រុមគ្រួសារអ្នកជាប់ឃុំ មានបំណងចង់ចូលសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់អ្នកទាំង ២៣នាក់ ក្នុងពន្ធនាគារតែប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវមន្ត្រីពន្ធនាគាររារាំងទៅវិញ។ លោក សុន ឆ័យ បានចាត់ទុកការរារាំងនេះជាភាពមិនប្រក្រតីមួយ ដែលមិនគួរឲ្យកើតមានឡើយ «គ្រាន់តែមកសុំជួបគ្រួសារ ហើយធ្លាប់ឲ្យជួបសោះ ហើយគ្រាន់បើថាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ថាមិនទាន់គ្រប់លលក្ខណៈ រើសអើងបក្សអីអានោះយើងថា តែព្រឹទ្ធសភាមានពាក់ស្លាកល្អណាស់មកជាមួយ តែមិនឲ្យចូលដែរ បានន័យថាក្នុងពញរឹទ្ធសភាមានខុសបក្សដែរ ហើយខ្ញុំមិនជឿថាគ្រាន់តែព្រឹទ្ធសភាចូលជួបមន្ត្រីពន្ធនាគារហ្នឹងក៏មិនឲ្យចូលដែរ ហ៊ុំព័ន្ធរបងពីនេះទៅហើយ ចឹងខ្ញុំថាភាពមិនប្រក្រតី ភាពអសកម្មហ្នឹងមិនគួរមានសោះ»។
ភរិយាលោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ប្រាប់ VOD ថា អ្នកស្រីមានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលអ្នកស្រីខំធ្វើដំណើរទៅតាំងពីព្រឹក ដើម្បីជួបស្វាមី និងលើកទឹកចិត្ត ខណៈដែលស្វាមីរបស់អ្នកស្រីកំពុងមានជំងឺធ្ងន់ ប៉ុន្តែត្រូវបានមន្ត្រីពន្ធនាគារបដិសេធទៅវិញ «សម្តីរបស់តំណាងរាស្ត្រគេថា គេនឹងអនុញ្ញាតឲ្យចូលទៅជួបប្រសិនបើតំណាងរាស្ត្រអត់នៅ ចឹងខ្ញុំនៅរងចាំតទៅទៀត ព្រោះខ្ញុំចង់ជួបស្វាមីរបស់ខ្ញុំ ដោយសារតែស្វាមីនាងខ្ញុំមិនមានអាហារបរិភោគគ្រប់គ្រាន់ ហើយសុខភាពរបស់គាត់ក៏មិនល្អទៅទៀត ហើយគាត់ក៏ត្រូវការកម្លាំងចិត្តខ្លាំងបំផុតពីភរិយារបស់គាត់ផងដែរ»។
ជាមួយគ្នានោះដែរ ប្អូនស្រីរបស់អ្នកកំពុងជាប់ឃុំម្នាក់ទៀត អ្នកស្រី ប៉ាង សំណាង បានសម្តែងការខកចិត្តដូចគ្នានេះដែរ ដែលមិនបានជួបមុខបងប្រុស។ អ្នកស្រី អំពាវនាវដល់អង្គការសង្គមស៊ីវិល រួមនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ជួយអន្តរាគមន៍ឲ្យអ្នកជាប់ឃុំទាំង២៣នាក់នោះ បានស្ថិតនៅក្រៅឃុំផង «មានអារម្មណ៍ថាអស់សង្ឈឹមក្នុងចិត្តនៅពេលដែលមកហើយគេមិនឲ្យចូល ព្រោះអីផ្លូវដែលពួកខ្ញុំមកហ្នឹងគឺឆ្ងាយណាស់»។
អ្នកទាំង២៣នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងនោះ មានលោក វន់ ពៅ ប្រធានសមាគម IDEA លោក ចាន់ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ និងកម្មករចំនួន២០នាក់ទៀត។ ពួកគាត់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅពេលដែលពួកគាត់ចូលរួមតវ៉ា ជាមួយកម្មករទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ ក្នុងមួយខែ នៅមុខរោងចក្រយ៉ាកជីង និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។
ប្រធានពន្ធនាគារត្រពាំងផ្លុង លោក គា សុវណ្ណា មានប្រសាសន៍ថា ការមិនអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខអ្នកទាំង២៣នាក់នេះ ដោយសារលោកខ្លាចមានភាពមិនប្រក្រតីណាមួយកើតឡើង។ លោកថា ការអនុញ្ញាតឲ្យមានចូលជួបណាមួយ លុះណាតែមានលិខិតអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃជាមុនសិន «ព្រឹទ្ធសភាក៏ដោយរ ដ្ឋសភាក៏ដោយ ធ្វើសេចក្តីជម្រាបទៅក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ ឥ្យមាការជម្រាបមក ខ្ញុំអនុវត្តទៅតាមបទបញ្ជារបស់អគ្គពន្ធនាគារ គឺឲ្យចូល គឺខ្ញុំឲ្យចូល»។
VOD មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង បានទេ នៅរសៀលថ្ងៃអង្គារនេះ។
ប្រធានកម្មវិធីសិទ្ធិទទួលបានយុត្តិធម៌នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក ឡាយ សុវត្ថារ៉ា មានប្រសាសន៍ថា ការរារាំងមិនឲ្យសាច់ញាតិចូលជួបសួរសុខទុក្ខ អ្នកដែលកំពុងជាប់ពន្ធនាគារនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋ និងមិនត្រឹមត្រូវតាមច្បាប់នោះទេ «នេះជាសិទ្ធិរបស់ពលរដ្ឋទូទៅ ដែលមានសិទ្ធិ ទាំងមេធាវីក៏អាចជួបនឹងកូនក្តី ទាំងក្រុមគ្រួសារក៏អាចជួប និងមិត្តភក្តិដែលមានប្រយោជន៍ជួយអ្នកដែលជាប់ចោទ ឬអ្នកដែលជាប់ទោសហ្នឹងមានសេរីភាពក្នុងការពិភាក្សាគ្នាបាន ហើយការដែលមិនអនុញ្ញាតសោះ អាហ្នឹងខ្ញុំគិតថាជាការដែលមិនត្រឹមត្រូវ ហើយជាការរំលោភសិទ្ធិរបស់ពលរដ្ឋ»។
កាលពីថ្ងៃទី២៨ ខែមករា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានដាក់លិខិតស្នើសុំទៅប្រធានសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសុំជួបអ្នកជាប់ឃុំទាំង២៣នាក់នោះ ប៉ុន្តែរហូតមកពេលនេះ នៅមិនទាន់មានការឆ្លើយតបនៅឡើយទេ។ គណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានដាក់លិខិតស្នើសុំជួបសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ ម្តងរួចមកហើយ កាលពីពាក់កណ្តាលខែមករា ប៉ុន្តែត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានភ្នំពេញ បដិសេធ៕
No comments:
Post a Comment
yes