សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 26, 2014

សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​ការ​​កាត់​ក្ដី​អ្នក​ជាប់​គុក​ត្រពាំង​ផ្លុង២១​នាក់

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ​​ក្រុម​សង្គម​ស៊ីវិល តវ៉ា​ខាង​មុខ​តុលាការ​កំពូល​ទាមទារ​​ឲ្យ​ដោះលែង​មនុស្ស ២១​នាក់​ជាប់​ឃុំ​នៅ​គុក​ត្រពាំងផ្លុង នៅ​ព្រឹក​ថ្ងៃ​២៥ កុម្ភៈ ឆ្នាំ​២០១៤

ពលរដ្ឋ​មក​ពី​សហគមន៍​មាន​បញ្ហា​ដីធ្លី ព្រះសង្ឃ សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​មន្ត្រី​អង្គការ​សមាគម​មួយ​ចំនួន សរុប​ប្រមាណ ១០០​នាក់ ហែ​ក្បួន​ជុំវិញ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ និង​បាន​ដាក់​ញត្តិ​ស្នើសុំ​ស្ថាប័ន​នេះ អោយ​ឆាប់​បើក​សវនាការ​សំណុំ​រឿង​សកម្ម​ជន​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២១​នាក់ ដែល​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ។
ស្រប​ពេល​នៃ​ការ​តវ៉ា​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​កំពូល​នោះ​ថា គណបក្ស​នេះ​ប្រកាន់​ជំហរ​ការពារ​សិទ្ធិ​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ទាមទារ​អោយ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ។
ក្រុម​អ្នក​ហែ​ក្បួន ដែល​ក្នុង​ដៃ​កាន់​ផ្កា​ឈូក រូប​ថត លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ច័ន្ទ ពុទ្ធិសក្តិ រួម​នឹង​បដា​មួយ​ចំនួន បាន​ស្រែក​ប្រកូកប្រកាស​លាន់​ឮ​កង​រំពង​នៅ​តាម​ផ្លូវ ព័ទ្ធ​ជុំវិញ​តំបន់​ដែល​តុលាការ​កំពូល​តាំង​នៅ។ ចំណុច​សំខាន់ គឺ​ពួក​គេ​ចង់​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល៖«យុត្តិធម៌ ២១​នាក់! ដោះ​លែង ២១​នាក់! ដោះ​លែង ២១​នាក់! សេរី​ភាព ២១​នាក់! ដោះ​លែង​វីរ​កម្មករ ២១​នាក់»

បន្ទាប់​ពី​ហែ​ក្បួន​បាន ៣​ជុំ តំណាង​អ្នក​តវ៉ា ៤​រូប បាន​ចូល​យក​ញត្តិ​ទៅ​ជូន​មន្ត្រី​នៃ​តុលាការ​កំពូល។ តំណាង​ប្រជាពលរដ្ឋ​បឹង​កក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ក្រោយ​ដាក់​ញត្តិ​ថា អ្នកស្រី​សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ពិចារណា​តាម​សំណើ​ក្នុង​ញត្តិ៖ «យើង​មិន​ត្រឹម​តែ​អោយ​គាត់​ហ្នឹង​បាន​នៅ​ក្រៅ​ឃុំ​ទេ គឺ​សុំ​អោយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដាក់​ទោស​ទៅ​លើ​ពួក​គាត់​ហ្នឹង​ចោល​ទាំង​ស្រុង​តែ​ម្តង ព្រោះ​អី​ពួក​គាត់​ជា​ជន​រងគ្រោះ មិន​មែន​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ទេ។ អ៊ីចឹង​យើង​ទាំងអស់​គ្នា ត្រូវ​តែ​ពន្លឿន​ដាច់​ខាត​អោយ​តុលាការ​កំពូល​ហ្នឹង​ឆាប់​បើក​សវនាការ​កាត់​ក្តី​ពួក​គាត់​ទាំង​២១ អោយ​បាន​ឆាប់ ជាពិសេស​យើង​សុំ​អោយ​ផ្តល់​យុត្តិធម៌​អោយ​ពិត​ប្រាកដ»
ញត្តិ​ទាមទារ​នោះ​បាន​បញ្ជាក់​ថា សកម្មជន​សិទ្ធិ​មនុស្ស​ទាំង ៣​នាក់ គឺ​ជា​អ្នក​ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ពេល​មាន​បាតុកម្ម​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​រោងចក្រ យ៉ាក ជីន (Yak Jin)។ ពួក​គេ​ត្រូវ​កម្លាំង​ពិសេស​ទ័ព​ឆត្រ​យោង នៅ​ក្រោម​ការ​ដឹក​នាំ​របស់ លោក ចាប ភក្តី ចាប់​ខ្លួន។
ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​ចូល​រួម​ហែ​ក្បួន​ថ្លែង​ថា លោក​ស្នើ​អោយ​អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អោយ​បាន​ត្រឹម​ត្រូវ ចៀសវាង​ចាប់​ខ្លួន​អ្នក​ស្លូត​ត្រង់​ដាក់​ពន្ធនាគារ៖ «ក្នុង​នាម​ពូ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ជាប់​គុក​ដោយ​អយុត្តិធម៌​ជា​ទី​បំផុត មិន​មែន​តែ​ពូ​ទេ ដូច​អ្នក ២១​នាក់ និង​អ្នក​ដទៃ​ទៀត។ ហើយ​ផ្ទុយ​ទៅ​វិញ អ្នក​រងគ្រោះ​គេ​ចាប់​ឡើង​តុលាការ ហើយ​ពេជ្ឈឃាត​នៅ​ដើរ​ច្រៀង​ខារ៉ាអូខេ»
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​ទៅ​រក​ក្រុម​អ្នក​តវ៉ា បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​កំពូល​ថា អាជ្ញាធរ​ត្រូវ​វែក​មុខ​អ្នក​បាញ់​សម្លាប់​កម្មករ និង​ត្រូវ​ដោះ​លែង​អ្នក​ដែល​គ្មាន​កំហុស​ដោយ​គ្មាន​លក្ខខណ្ឌ៖ «ក្នុង​ខណៈ​ដែល​យើង​កំពុង​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​នេះ ត្រូវ​តែ​បញ្ឈប់​រាល់​អំពើ​ហិង្សា ត្រូវ​តែ​ដោះ​លែង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ឃាំង ហើយ​ត្រូវ​តែ​ស្រាវជ្រាវ​វែក​មុខ​អ្នក​ដែល​បាន​បញ្ជា​អោយ​សម្លាប់​ប្រជាពលរដ្ឋ ជាពិសេស​សម្លាប់​កម្មករ»
កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ មេធាវី​ការពារ​បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ជំទាស់​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង។
ឆ្លើយ​តប​នឹង​ការ​ទាមទារ​នេះ នាយក​ក្រឡា​បញ្ជី​នៃ​តុលាការ​កំពូល លោក សុខ ផល្លី បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា សំណើ​របស់​ពលរដ្ឋ លោក​បាន​ដាក់​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ពិចារណា។ លោក​សង្ឃឹម​ថា អាច​នឹង​មាន​សវនាការ​ឆាប់ៗ៖ «ដល់​ដៃ​ប្រធាន​ហើយ ទៅ​តាម​នីតិវិធី​គេ​បង។ មិន​ដឹង​ថា​យ៉ាង​ម៉េច ប៉ុន្តែ​យ៉ាង​ម៉េច​ក៏​ត្រូវ​តែ​លឿន។ ល្បឿន​វា​ហ្នឹង​ត្រូវ​តែ​លឿន»
ភរិយា លោក វន់ ពៅ អ្នកស្រី ប្រាក់ សុវណ្ណារី ថ្លែង​ថា ពេល​នេះ​សុខភាព​ប្ដី​គាត់ គឺ​កាន់​តែ​ទ្រុឌទ្រោម ដែល​ទាមទារ​ការ​ព្យាបាល​ដិតដល់៖ «យើង​ចង់​អោយ​គាត់​ហ្នឹង​ធានា​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​យក​ខ្លួន​ប្រាណ​របស់​គាត់​ហ្នឹង​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ»
ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ដើម​ខែ​មករា មនុស្ស ២៣​នាក់ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ថា​មាន​ចេតនា​ប្រើ​ហិង្សា ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ ប៉ះពាល់​សណ្ដាប់​ធ្នាប់​ចរាចរណ៍ និង​ប្រមាថ​មន្ត្រី​សាធារណៈ។ ក្នុង​នោះ មនុស្ស ២​នាក់ ត្រូវ​ដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ដើម​ខែ​កុម្ភៈ៕

No comments:

Post a Comment

yes