សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 9, 2014

លោកសមរង្ស៊ីប្រតិកម្ម​ចំពោះ​ការ​ស្ដី​បន្ទោស​ជុំវិញ​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វ៉េងស្រេង

១៦-មករា-១០១៤៖ ពលរដ្ឋ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ឧទិស​កុសល​ដល់​អ្នក​ស្លាប់ 
៤​នាក់ ដោយសារ​ការ​បង្ក្រាប​របស់​កម្លាំង​អាជ្ញាធរ​នៅ​ផ្លូវ​វ៉េងស្រេង

ខណៈ​ដែល​កម្មករ ៤​ស្លាប់ និង​ម្នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយ​ក្នុង​ព្រឹត្តិការណ៍​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចេញ​បង្ក្រាប​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង រក​អ្នក​ទទួល​ខុស​ត្រូវ​មិន​ទាន់​ឃើញ​នោះ អ្នក​នយោបាយ​បាន​ព្យាយាម​ដាក់​បន្ទុក ឬ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ជុំវិញ​ហេតុការណ៍​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​នេះ។ ចំណែក​សង្គម​ស៊ីវិល​វិញ អំពាវនាវ​កុំ​ឲ្យ​អ្នក​នយោបាយ​យក​អាយុ​ជីវិត​មនុស្ស​ធ្វើ​ជា​ឧបករណ៍ ដោះស្រាយ​ជម្លោះ​នយោបាយ ដើម្បី​បំពេញ​ផល​ប្រយោជន៍​តែ​រៀងៗ​ខ្លួន​នោះ។
មេ​ដឹក​នាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រតិកម្ម​តប​ចំពោះ​ការ​ស្តី​បន្ទោស​លោក​ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ជុំវិញ​ការ​ស្លាប់ និង​របួស​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ មីនា ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នក​ដែល​ត្រូវ​ស្តី​បន្ទោស​ចំពោះ​ការ​ស្លាប់​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​ការ​តវ៉ា​កាល​ពី​ដើម​ខែ​មករា នោះ។ លោក​ថា ដោយសារ​តែ លោក សម រង្ស៊ី ទើប​ធ្វើ​ឲ្យ​ការ​តវ៉ា​នោះ​ឈាន​ទៅ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា ហើយ​អំពើ​ហិង្សា​នោះ បាន​ធ្វើ​ឲ្យ​របួស​នគរបាល​ជាតិ កង​រាជ​អាវុធហត្ថ ហើយ​មនុស្ស ៤​នាក់​បាត់​បង់​ជីវិត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មីនា ថា លោក​មិន​ចង់​ប្រតិកម្ម​តប​អ្វី​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ប្រទេស ក្រៅ​ប្រទេស សហគមន៍​ជាតិ និង​អន្តរជាតិ គេ​បាន​ដឹង​ច្បាស់​ណាស់​ពី​បញ្ហា​នេះ​អស់​ហើយ ប៉ុន្តែ​លោក​បញ្ជាក់​ខ្លី​ថា ការ​ថ្លែង​របស់ លោក ស ខេង នេះ ជា​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ណាស់​មក​លើ​រូប​លោក និង​បង្ហាញ​ពី​ការ​ចង់​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។
លោក សម រង្ស៊ី៖ «ខ្ញុំ​គ្រាន់​តែ​ចែក​រំលែក​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ឲ្យ​គេ​បាន​ឮ​ថា រដ្ឋាភិបាល លោក ហ៊ុន សែន ដូច​ជា​ក្រពុល​មុខ ឥឡូវ​នេះ​ដូច​ជា​និយាយ​លាប​ពណ៌​ប៉ាត​ណា​ប៉ាត​ណី ឆ្លើយ​ដាក់​អ្នក​នេះ​ដាក់​អ្នក​នោះ ប៉ុន្តែ​អា​ការ​ទទួល​ត្រូវ​ផ្ទាល់ គឺ​អ្នក​កេះកៃ​កាំភ្លើង បញ្ជា​ឲ្យ​បាញ់​សម្លាប់​កម្មករ​នេះ​ហើយ ត្រូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​យក​អ្នក​បញ្ជា​ឲ្យ​សម្លាប់​គេ​នេះ យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់»
ស្រប​ពេល​គ្នា​នេះ​ដែរ មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ នៅ​ថ្ងៃ​សៅរ៍ ទី​៨ មីនា បាន​គាំទ្រ​ចំពោះ​ការ​ថ្លែង​របស់ លោក ស ខេង ដោយ​លោក​អត្ថាធិប្បាយ​ថា ដើម​ចម​ដំបូង គឺ​បាតុកម្ម​ដែល​ពុំ​មាន​គោលដៅ​ច្បាស់​លាស់​របស់​បក្ស​ប្រឆាំង បាន​ទាញ​ទៅ​រក​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល៖«អ៊ីចឹង​ហើយ​បាន​ថា បើ​គ្មាន​ការ​ដឹក​នាំ​បាតុកម្ម ក៏​អត់​មាន​ការ​ញុះញង់​អី​ទេ វា​អត់​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ»
ចំណែក​សង្គម​ស៊ីវិល​វិញ មិន​ចង់​ឃើញ​មាន​ការ​ឆ្លង​ឆ្លើយ​ណា​មួយ​ពី​សំណាក់​អ្នក​នយោបាយ ដោយ​គេចវេស​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ស្លាប់ និង​រង​របួស​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត សង្គម​ស៊ីវិល​វិញ ក៏​មិន​ឃើញ​អ្នក​នយោបាយ​យក​អាយុ​ជីវិត​មនុស្ស ធ្វើ​ជា​ឧបករណ៍​នយោបាយ ដោះស្រាយ​ជម្លោះ​ដើម្បី​បំពេញ​ផល​ប្រយោជន៍​បុគ្គល​តែ​រៀងៗ​ខ្លួន​នោះ​ដែរ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ គួរ​តែ​មាន​ក្រុម​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ ហើយ​ជន​ដៃ​ដល់​ត្រូវ​តែ​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់៖ «ហើយ​បើ​មាន​ព្រឹត្តិការណ៍​កើត​ឡើង ហើយ​មាន​មនុស្ស​ស្លាប់​រង​របួស ហើយ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ អំពើ​ហិង្សា​រឹត​តែ​រីក​រាល​ដាល​ថែម​ទៀត ពីព្រោះ​អ្នក​ប្រព្រឹត្តិ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ហើយ​មិន​ត្រូវ​បាន​ចាប់​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​នោះ»
លោក​បន្ត​ថា ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​មាន ៣​ករណី​ធំៗ ដែល​សមត្ថកិច្ច​បង្ក្រាប​ការ​តវ៉ា​របស់​មហា​ជន បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ក្នុង​នោះ​មាន​កម្មករ​ប្រជាពលរដ្ឋ រួម​មាន​សមត្ថកិច្ច​ផង។
ដូច​ជា ព្រឹត្តិការណ៍​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ មាន​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់។ ទី​២ គឺ​ព្រឹត្តិការណ៍​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់ ហើយ និង​ព្រឹត្តិការណ៍​ទី​៣ ចុង​ក្រោយ គឺ​នៅ​លើ​ផ្លូវ​វ៉េងស្រេង គឺ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ បាន​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​បាត់​បង់​ជីវិត និង​ម្នាក់​ទៀត​បាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ និង​រង​របួស​ជាច្រើន​នាក់​ដែរ។
ព្រឹត្តិការណ៍​ទាំង​នេះ សុទ្ធតែ​បាន​កើត​ឡើង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច កង​កម្លាំង​ប្រដាប់​អាវុធ និង​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ប៉ុន្តែ ជន​រងគ្រោះ​ធ្ងន់ធ្ងរ​ឃើញ​មាន​តែ​ខាង​ពលរដ្ឋ ហើយ​មិន​មាន​ភាគី​ណា ស្ថាប័ន​ណា ឬ​បុគ្គល​ណា​មួយ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ៕

No comments:

Post a Comment

yes