សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 9, 2014

អ្នក​ជំនាញ​ខាងបោះឆ្នោត​​បង្ហាញ​​វិធី​ចុះ​ឈ្មោះ​បោះឆ្នោត​មានភាព​សុក្រិត្យ

ក្រុម​បាតុករ​​កាន់​បដា​​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣។
ក្រុម​បាតុករ​​កាន់​បដា​​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រព័ន្ធ​​បោះ
ឆ្នោត​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣

បញ្ហា​បញ្ជី​ឈ្មោះ ​និង​បញ្ហា​ចុះឈ្មោះ​បោះឆ្នោត​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស់​ មួយ​យ៉ាង​សំខាន់​ដែល​កើត​ឡើង​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃទី​២៨​ខែ កក្កដា​ឆ្នាំ​២០១៣។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា ​ប្រព័ន្ធ​ធ្វើ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​នេះ​ ចាំបាច់​ត្រូវមាន​ការ​ផ្លាស់​ប្តូរ​សម្រាប់​ការ​បោះ​ឆ្នោតជាតិ ​ពេល​ខាង​មុខ។​

បញ្ហា​ចម្រូង​ចម្រាស​ទាំង​នោះ​កើតឡើង​ក្រោយ​ពេល​ពលរដ្ឋ​រក​ឈ្មោះ​មិន​ឃើញ​ បញ្ជី​ឈ្មោះ​ប៉ោង​ ឈ្មោះ​ស្ទួន​ ការបាត់​ឈ្មោះ​១​លាន​២សែន​នាក់​ ដែល​រឿង​នេះ​ ហើយ​ធ្វើឲ្យ​មាន​ការ​តវ៉ា​អំពី​លទ្ធផល​បោះឆ្នោត​ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​ ចប់​នៅ​ឡើយ​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកសម រង្ស៉ី ​និង​លោក ​កឹម សុខា។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ឈ្មោះ​ខុម​ហ្រ្វែល ​បាន​អះអាង​ថា៖​

«ក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ​ត្រូវតែ​ពិនិត្យ​មើល​ក្នុង​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ចុះ​ឈ្មោះ​ បោះឆ្នោត​ហ្នឹង​ បញ្ជី​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ថា​ បើ​ទុក​ប្រព័ន្ធ​សព្វ​ថ្ងៃ​ហ្នឹង​ វា​មាន​បញ្ហា​ស្មុគស្មាញ​ត្រង់​ថា ​បញ្ជី​យើង​ហ្នឹង​វា​អត់​មាន​គុណភាព​សោះ​ វា​មាន​ឈ្មោះ​ស្ទួន​ក៏ច្រើន​ ហើយ​អ្នក​ដែល​ខុស​ឈ្មោះ​នោះ​ក៏​ច្រើន​ អាច​បាត់បង់​សិទ្ធិ​បោះឆ្នោត​នោះ​ក៏ច្រើន។​ អញ្ចឹង​មាន​បញ្ហា​បញ្ជី​ហ្នឹង។ ​ហើយ​កាលណា​ដែល​យើង​មាន​បញ្ហា​កម្រិត​ដល់​ប៉ុណ្ណឹង​ វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សុចរិត​ភាព​លើ​ការ​បោះឆ្នោត​ ​ដែល​អាច​ធ្វើឲ្យ​មាន​បញ្ហា​នោះ​ គឺ​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​ការ​ចាត់ចែង​ការ​បោះ​ឆ្នោត ​ដែល​មាន​ទំនាស់​មក​ដល់​សព្វថ្ងៃ​នេះ»។​

លោក​អះអាង​ថា​ គេ​អាច​មាន​របៀប​កែប្រែ​ច្រើន​យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ការ​ចុះ​ឈ្មោះ​ បោះឆ្នោត​ ការ​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ ដែល​គ្មាន​ការ​បន្លំ​បាន។ ​នោះ​គឺ​ការ​បញ្ចូល​ទិន្នន័យ​ទាំងអស់​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។
«ជម្រើស​ទី១​គេ​អាច​ប្រើប្រព័ន្ធ​ការ​ចុះ​ឈ្មោះ​ហ្នឹង​ដោយ​មាន​ដាក់​រូបថត ​ផ្តិត​យក​ ខ្ចៅ​ដៃ​ទៅ​ក្នុង​ម៉ាស៊ីន​ស្កែន​ ដើម្បី​គេ​ពិនិត្យ​មើល​ទិន្នន័យ​ គេហៅ​ថា ​ទិន្នន័យ​ជីវ សាស្ត្រ​ហ្នឹង​ ហើយ​បូក​ជាមួយ​ទិន្នន័យ​ឈ្មោះ​ ទិន្នន័យ​ថ្ងៃខែ​ឆ្នាំ​កំណើត​ទាំងអស់​ ហ្នឹង។​ អញ្ចឹង​គេអាច​ត្រួត​ពិនិត្យ​បាន​មនុស្ស​ម្នាក់​ហ្នឹង​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បាន​ តែ​ម្នាក់​ទេ»។​

លោក​ថ្លែង​ថា​ ប្រព័ន្ធ​ទី២​គឺធ្វើ​តាម​ការ​ដែល​ប្រើ​ប្រព័ន្ធ​ទិន្នន័យ​ ការ​ធ្វើ​អត្តសញ្ញាណ​បណ្ណ​ និង​អត្រានុកូលដ្ឋាន​ ដែល​គ.ជ.ប.អាចយក​មក​ប្រើ​ប្រាស់​ ដើម្បី​ផ្តល់​សុពល​ភាព​បញ្ជី​បោះឆ្នោត​ ផ្ទៀង​ផ្ទាត់​អ្នក​បាត់​សិទ្ធិ​បោះឆ្នោត​ អ្នក​ស្លាប់ ​អ្នក​ផ្លាស់​ប្តូរ​ទីលំនៅ ​និង​កែ​សម្រួល​តិចតួច​ដោយ​មិន​ចាំបាច់​ឲ្យ​អ្នក​បោះឆ្នោត​ទៅ​ចុះ​ឈ្មោះ​ច្រើន​ដង​ទេ។​

លោកបណ្ឌិត​ ពុទ្ធា ​ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ ទៀត​ឈ្មោះ​និចហ្វិច​បាន​អះអាង​ថា​ ដើម្បី​កែទម្រង់​ការ​បោះឆ្នោត ​បញ្ហា​មួយ​ដែល​គេគួរ​ចាប់​ផ្តើម​គឺ​ការ​ចុះឈ្មោះ​បោះឆ្នោត​ និង​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​លោក​សង្កត់​ធ្ងន់​ថា​ គេគួរ​ធ្វើ​ឡើង​វិញ។​

«ការ​ធ្វើ​បញ្ជី​ឈ្មោះ​ត្រូវ​មាន​គោល​ការណ៍​ពីរ។​ ទី១​ អ្នក​ដែល​មាន​អត្ត​សញ្ញាណ​បណ្ណ​ សញ្ជាតិ​ខ្មែរ​រួច​ហើយ។​ ហើយ​ទី២​ អ្នក​ដែល​មិនទាន់​ទទួល​បាន​អត្ត​សញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ។​ ប៉ុន្តែ​ក្រុម​ការងារ​ហ្នឹង​ត្រូវតែ​ជា​ក្រុម​ការងារ​ដែល​ជំនាញ​ធ្វើ​ការងារ​ចុះឈ្មោះ​តែម្តង​គឺត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​គ្រួសារ ​ក្នុង​ភូមិ ​អ្នកដែល​គ្រប់​អាយុ​ ហើយ​ត្រូវ​រៀបចំ​ការ​ចុះ​ឈ្មោះ​ជាថ្មី​ ហើយ​ការ​ចុះ​ឈ្មោះ​នេះទៀត​សោត​ត្រូវ​តែ​ធ្វើបណ្ណ​សម្រាប់​បោះឆ្នោត ​ដូចជា​សម័យ​អ៊ុនតាក់​តែ​ម្តង។ ​នេះខ្ញុំ​គិត​ថា​ អាច​នឹង​កាត់បន្ថយ​នូវភាព​មិនប្រក្រតី​ទាំងឡាយ​ដែល​កន្លង​មក​ រាល់​ការបោះ​ឆ្នោត​មិន​ដែល​មាន​ពេលណា​ធ្វើ​បាន​ល្អ​ទេ»។​

ក្រុម​ការងារ​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ចរចា​គ្នា​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​នយោ បាយ​បន្ទាប់ពី​ការ​បោះឆ្នោត។​ បញ្ហា​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​និងចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ជា​រឿង​មួយ​ដែល​មិនទាន់​មាន​ការ​យល់​ព្រមគ្នា​ជា​គោល​ការណ៍​នៅ​ឡើយ​ក្នុង​កិច្ច​ចរចា​គ្នា​ប៉ុន្មាន​លើក ​ក្រោយ​ពី​ខកខាន​ជា​ច្រើន​ខែ​មក​នេះ។​

ទោះជា​គណបក្ស​នយោបាយ​ទាំងពីរ​មិនទាន់​ឈាន​ដល់​កិច្ចព្រម​ព្រៀង​លើ​ចំណុច​លម្អិត​នានា​មែន​ តែ​លោក​ទេព នីថា​ អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​អះអាង​ថា​ គ.ជ.ប.នៅតែ​ធ្វើការ​កែទម្រង់​ការ​បោះ​ឆ្នោត​ជា​រៀង​រាល់ពេល​ ក្រោយ​ពីការ​បោះឆ្នោត​ម្តងៗ​ដែល​ខ្លួន​បាន​ទទួល​បទ​ ពិសោធន៍។​

អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយ​រូប​គឺ​លោក​ផៃ ស៊ីផាន​វិញ​បាន​អះអាង​ថា​ ការ​ លើក​អំពី​កំណែ​ទម្រង់​ការ​បោះឆ្នោត​ផ្សេងៗ​គ្នា​ជា​គំនិត​ល្អ​ តែ​ការ​កែ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ត្រូវ​ការ​ពេល​វេលា​ និង​វាយ​តម្លៃ​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា។​

«បញ្ហា​នេះ​ជា​បញ្ហា​បច្ចេកទេស​ ហើយ​នឹង​ធនធាន។​ អាស្រ័យ​ដូច្នេះ​ហើយ​បាន​ ជា​សម្តេច​អគ្គសេនា​បតី​តេជោ​ហ៊ុន សែន​ស្នើសុំ​ឲ្យ​ជប៉ុន​ជួយ​ទាំង​រៀបចំ​ការ​បោះឆ្នោត ​និង​សម្ភារៈ​នៅ​ក្នុង​ការ​រៀបចំ​តាម​បច្ចេក​វិជ្ជា​ក្នុង​ការ​ធានា​ឲ្យ​បាន​សម ស្រប​ណាមួយ​ដែល​កម្ពុជា​អាច​ទទួល​យក​បាន​គឺបញ្ជៀស​ពី​ជម្លោះ​ក្នុង​ការ​តតាំង​ គ្នា​ទៅ​វិញ​ទៅ​មក»។​

ក៏​ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ពុំ​មាន​ឆន្ទៈ​ក្នុងការ​ធ្វើឲ្យ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​តាម​បទដ្ឋាន​មួយ​ទេ​កន្លង​មក។​ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​ផ្នែក​បោះឆ្នោត​ជាច្រើនបាន​ខកចិត្ត​ដោយ​មិន​បញ្ជូន​អ្នក​ សង្កេត​ការណ៍​មកចូល​រួម​ត្រួត​ពិនិត្យ​មើល​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​ដោយ​សារ​តែ​អនុសាសន៍​ដែល​គេ​ផ្តល់​មក​នោះ​មិនត្រូវ​បាន​ទទួល​យក។

គណបក្ស​គ្រប់គ្រង​ប្រទេស​ត្រូវគេ​មើល​ឃើញ​ថា​ មាន​ការ​ពេញចិត្ត​និង​ប្រព័ន្ធ​បោះ​ឆ្នោត​បច្ចុប្បន្ន ​នេះ​ដោយ​ព្រោះ​ប្រព័ន្ធនេះ​អាចជួយ​ឲ្យគេ​ឈ្នះ​ឆ្នោត​រាល់​ ពេល​ ទោះ​ជា​សហគមន៍​អន្តរជាតិ​មិន​អាច​ទទួល​យក​បាន​ក្តី។​

លោក​យ៉ង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ បាន​យល់​ស្រដៀង​គ្នា​ទៅ​នឹង​អ្នក​ជំនាញ​ផ្នែក​បោះឆ្នោត​ទាំង​ពីរ​គឺ​លោក​ ពុទ្ធា ហង្ស ​និង​គល់ បញ្ញា​ដែរ។​ លោក​ថ្លែង​ថា​ បញ្ហា​បញ្ជី​ឈ្មោះ​នេះ​គួរ​បញ្ឈប់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​អំពី​ការ​បន្លំ​ និង​ការ​ធុញ​ថប់​របស់​មនុស្ស​គ្រប់​គ្នា​ នៅ​ពេល​ ដែល​កម្ពុជា​មាន​លទ្ធភាព​អាច​កែ​ទម្រង់​ដើម្បី​ឲ្យ​មាន​ការ​ទទួល​យក​បាន​ទាំងអស់ ​គ្នា​នោះ។​

«បើ​កាល​ណា​យើង​មាន​បញ្ជី​ដែល​ល្អ​ ទី១​ ​វា​អាច​កាត់​បន្ថយ​ការ​ចោទ​ប្រកាន់​ ឬ​ក៏ ជម្លោះ​ខាង​នយោបាយ​ ក្រោយ​ពេល​បោះឆ្នោត។​ ទី២​គឺ​បាន​ការពារ​សិទ្ធិ​អ្នក​បោះ ឆ្នោត។ ​ទី៣ ​គឺ​ជួយ​លើក​កម្ពស់​ភាព​សេរី​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នេះ​ដែរ។ ហើយ​មួយ​ទៀត​គឺ​ធ្វើ​ឲ្យ​ស្ថាប័ន​បោះឆ្នោត​នេះ​បន្សល់​ទុក​មរតក៌​សម្រាប់​អ្នក ជំនាន់​ក្រោយ​ទៀត»។​

ក្រុម​មន្ត្រី​សង្កេត​ការណ៍​បោះឆ្នោត​រំពឹង​ថា ​កម្ពុជា​អាច​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះ ឆ្នោត​ថ្មី​ យន្តការ​ចុះឈ្មោះ​ថ្មី ​ដោយ​ប្រើ​រយៈពេល​តែ​១​ឆ្នាំ​ទៅ​២​ឆ្នាំ​ដែល​សហគមន៍​អន្តរជាតិ​រំពឹង​ថា​ នឹងផ្តល់​ជំនួយ​រឿង​នេះ​បាន​ ក្នុង​កម្រិត​ដែល​គេ​បាន់​ប្រមាណ​ថា​ ប្រហែល​ជា​ចំណាយ​១០​លាន​ដុល្លារ​ស.រ.អា.​នោះ។​ ក្រៅពី​នេះ​ពួក​គេ​បាន​លើក​យក​បទ​ពិសោធន៍​នានា​ដែល​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ល្អ​នៅ​ប្រទេស​ជាច្រើន​ រួមទាំង​ប្រទេស​ហ្វ៊ីលីពីន​ ប្រទេស​ឥណ្ឌូនេស៊ី​ និង​អ៊ីស្តទីម័រ​ ដែល​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​ក្នុង​កំណែ​ទម្រង់​របស់​ខ្លួន៕

No comments:

Post a Comment

yes