ព្រះសង្ឃនិមន្តចូលរួមបាតុកម្ម របស់គណបក្សសង្គ្រោះជាតិ
នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
ព្រះសង្ឃប្រមាណ ១០ព្រះអង្គ ត្រូវចៅអធិការវត្តបណ្ដេញចេញពីវត្ត ដោយចោទប្រកាន់ថា មាននិន្នាការនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
ព្រះសង្ឃព្រះនាម ពត ជីវ័ន ដែលជាគ្រូបង្រៀនភាសាអង់គ្លេស ដល់ព្រះសង្ឃផ្សេងៗទៀត នៅក្នុងវត្តដំណាក់ បេង ឃុំប៊ួ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានសង្ឃដីកាឲ្យ VOD ដឹងថា ដើមហេតុដំបូងនៃទំនាស់ គឺដោយសារមានអ្នកណាម្នាក់ធ្វើឲ្យបាក់របងអាស្រមដូនសម ដែលនៅក្នុងបរិវេណវត្តនោះ ហើយត្រូវព្រះគ្រូចៅអធិការវត្តព្រះនាម សន ពៅ ហៅបៀន ជេររាលដាលប៉ាតណាប៉ាតណីប៉ះពាល់ដល់ព្រះអង្គដែរ។
ដោយមិនពេញព្រះទ័យនឹងការជេររាលដាលនោះ ព្រះអង្គបានបោះបង់ការបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃផ្សេងទៀត ដើម្បីទាមទារឲ្យមានដំណោះស្រាយជម្លោះនោះ។ ពេលដែលរឿងរ៉ាវនោះ ដឹងឮដល់អនុគណស្រុក លោកក៏យករឿងនេះទៅដោះស្រាយ តែដោយសារការជជែកគ្នាមិនត្រូវរូវគ្នា អនុគណស្រុកមានដីកាថា បើព្រះអង្គមិនអាចនៅបានទេ មានតែចេញ។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោកហេង សាយហុង ឲ្យ VOD ដឹងថា មូលហេតុនៃទំនាស់នោះ បណ្ដាលពីរឿងតូចតាច ដែលកើតឡើង កាលពីថ្ងៃទី៤ ខែមីនា។ លោកបញ្ជាក់ ព្រះសង្ឃទាំងដប់ព្រះអង្គ ដែលត្រូវបណ្ដេញចេញពីវត្តនោះ មិនមានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ។
VOD មិនអាចទាក់ទងសុំអត្ថាធិប្បាយពីព្រះគ្រូចៅអធិការវត្ត ព្រះនាម សម ពៅ និងអនុគណស្រុកភ្នំព្រឹកបានទេនៅល្ងាចថ្ងៃសៅរ៍នេះ៕
No comments:
Post a Comment
yes