សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 11, 2014

ជនជាតិ​វៀតណាម​រស់​នៅ​លើ​បឹង​ទន្លេសាប​ស្នើ​រដ្ឋាភិបាល​ជួយ​ផ្តល់​ដី​មក​រស់​លើ​ដី​គោក

បុរស​ជនជាតិ​វៀតណាម ឈ្មោះ ជួន អុំទី រស់​នៅ​លើ​បឹង​ទន្លេសាប នា​ខេត្ត​
កំពង់ឆ្នាំង ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៤

គ្រួសារ​ជនជាតិ​វៀតណាម រស់​នៅ​លើ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង មួយ​ចំនួន​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ចង់​ប្ដូរ​ទីលំនៅ​ទៅ​នៅ​លើ​ដី​គោក ដោយ​ចង់​ឲ្យ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ឬ​អាជ្ញាធរ។ តើ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​ជំហរ​បែប​ណា​ជុំវិញ​បញ្ហា​នេះ?
បញ្ហា​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា គឺ​ជា​ចំណុច​រសើប​របស់​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គណបក្ស​ប្រឆាំង​វាយ​ប្រហារ​គ្មាន​ញញើត​មាត់។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ របស់​ខ្លួន​ក៏ដោយ ក៏​គេ​ឃើញ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​នៅ​លើ​គោក និង​លើ​ទឹក ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ពី​សេចក្ដី​ថ្លៃថ្នូរ​នៃ​ការ​រស់​នៅ​ក្នុង​ ភាព​ជា​មនុស្ស។
បុរស​ជនជាតិ​វៀតណាម ម្នាក់ លោក ជួន អុំទី មាន​ប្រសាសន៍​ថា លោក និង​ក្រុម​គ្រួសារ​បាន​មក​តាំង​ទី​លំនៅ​លើ​ទឹក​ទន្លេ​ផ្សារក្រោម ម្ដុំ​ទំនប់​តាម៉ៅ​ជាង ២០​ឆ្នាំ ហើយ​ការ​រស់​នៅ​ក្នុង​ផ្ទះ​តូច​ចង្អៀត និង​ការ​លំបាក​យ៉ាង​ណា​នោះ ក៏​គ្រួសារ​របស់​លោក​មាន​ភាព​ស៊ាំ​ទៅ​ហើយ​ដែរ។ លោក​ចង់​ឡើង​ទៅ​រស់​នៅ​លើ​គោក​ដែរ ក៏ប៉ុន្តែ​ខ្លាច​មាន​ការ​លំបាក ដោយសារ​តែ​លោក​មិន​អាច​រក​ស៊ី​អ្វី​បាន​ក្រៅ​ពី​មុខ​របរ​នេសាទ។

បើ​និយាយ​ពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ និង​បញ្ហា​សុខភាព​វិញ លោក ជួន អុំទី រាង​តម្អក់​បន្តិច រួច​ពោល​មួយៗ​ថា គ្រួសារ​លោក និង​អ្នក​រស់​នៅ​ក្បែរ​ខាង ភាគ​ច្រើន​បាន​ប្រើ​ទឹក​ទន្លេ​ផ្ទាល់​ជំនួស​ទឹក​ស្អាត ដើម្បី​ដាំ​ស្ល និង​ទទួល​ទាន ដោយ​គ្រាន់​តែ​ដង​ទឹក​ពី​ទន្លេ​មក​ដាក់​ក្នុង​អុង ឬ​ពាង រួច​ដាក់​កូរ​សាច់ជូរស​ជា​ការ​ស្រេច។ លោក​បន្ត​ថា កូន​ប្រុស​លោក​អាយុ​ជាង ៤​ឆ្នាំ​ម្នាក់​មាន​ជំងឺ​ជា​ញឹកញយ ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា​បណ្ដាល​មក​ពី​បញ្ហា​ទឹក ឬ​យ៉ាង​ណា​នោះ​ទេ៖ «ដាំ ​បាយ​អី​យក​ទឹក​ហ្នឹង​មក​ប្រើ​ដែរ? បាទ! យក​មក​ប្រើ​ទាំងអស់​ហ្នឹង។ អត់​ហ៊ាន​ទេ ដូច​បង្គន់​យើង អ៊ីចឹង​ទៅ​ដង​ទឹក​កណ្ដាល​ទន្លេ​យើង​ឯណោះ»
ចំណែក​គ្រួសារ​ជនជាតិ​វៀតណាម ម្នាក់​អ្នកស្រី ហេន ភ័ស មាន​ប្រសាសន៍​ថា អ្នកស្រី និង​គ្រួសារ​ចង់​ទៅ​រស់​នៅ​លើ​ដី​គោក ពីព្រោះ​នៅ​លើ​ទឹក​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ដូច​ជា ព្យុះ​ភ្លៀង​បក់​បោក​នៅ​រដូវ​វស្សា និង​បញ្ហា​សុខភាព ជាដើម។ អ្នកស្រី​បន្ត​ថា បើ​ទោះ​បី​ជា​ស្វាមី​របស់​អ្នកស្រី​ពុំ​មាន​ជំនាញ​រក​ស៊ី​អ្វី​នៅ​លើ​គោក ក៏ប៉ុន្តែ​អ្នកស្រី​សុខ​ចិត្ត​រស់​នៅ​ដោយ​ប្រកប​មុខ​របរ​អ្វី​បន្តិចបន្តួច​ ក៏​បាន៖ «ខ្ញុំ​ចង់​មាន​ដី​មួយ​កន្លែង​នៅ​អ៊ីចឹង​ទៅ​ណា! ធ្វើ​ផ្ទះ​ធ្វើ​អី​ឲ្យ​ត្រឹមត្រូវ ហើយ​ខ្ញុំ​អត់​ចង់​នៅ​ផ្ទះ​ទឹក​ទេ និយាយ​ទៅ​ឲ្យ​តែ​មាន​ដី​ទៅ យើង​ធ្វើ​នេះ​ធ្វើ​នោះ​ទៅ​រក​ការងារ​អី​ធ្វើ​ទៅ»
ផ្ទះ​ជនជាតិ​វៀតណាម បឹង​ទន្លេសាប កំពង់ឆ្នាំង ៦១០
៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha
 
ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ែន ធឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​វិធាន​ការ​ជាក់​លាក់​ណា​មួយ ក្នុង​ការ​នាំ​យក​គ្រួសារ​ជនជាតិ​វៀតណាម ទាំង​នោះ​ចេញ​ពី​លើ​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ឡើយ ក៏ប៉ុន្តែ​ជា​គោលការណ៍ ការ​រស់​នៅ​បែប​នេះ​ត្រូវ​បាន​ហាម​ឃាត់។ លោក​បញ្ជាក់​ថា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​អាជ្ញាធរ​ធ្វើ​ការ​ណែនាំ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រស់​នៅ​លើ​ទឹក តែ​បែរ​ជា​មាន​មនុស្ស​កាន់​តែ​ច្រើន​ឡើង ចូល​ទៅ​តាំង​ទីលំនៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប៖ «យើង​សព្វថ្ងៃ​កំពុង​តែ​បំផុស ​ឲ្យ​គាត់​ឡើង​គោក​រក​ដី​រក​ធ្លី​ជាក់ស្ដែង ប៉ុន្តែ​អា​រឿង​នេះ គឺ​យើង​មិន​អាច​ធ្វើ​បាន​ទេ ប៉ុន្មាន​អាណត្តិ​មក​ហើយ ខ្ញុំ​ថា​ទាល់​តែ​ថ្នាក់​ជាតិ​ជួយ អា​ហ្នឹង​បាន​ជា​ទៅ​រួច បើ​ត្រឹម​ថ្នាក់​ខេត្ត​ទេ មិន​ដឹង​ជា​ធ្វើ​យ៉ាង​ម៉េច​ទេ។ យើង​ដេញ​គាត់​ប្រើ​អំពើ​ហិង្សា​ខ្លាំង វា​មិន​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស»
លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ជនជាតិ​វៀតណាម រស់​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ភាព​ស្រប​ច្បាប់ និង​ខ្លះ​បាន​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៧៩ មក។ អ្នក​ទាំង​នោះ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន។ ចំពោះ​ការ​សិក្សា​របស់​កូនៗ​ពួក​គាត់​វិញ គឺ​សិក្សា​ជា​ភាសា​ខ្មែរ។
ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន ថ្លែង​ថា សកម្មភាព​រស់​នៅ​លើ​ផ្ទៃ​ទឹក​ប្រចាំ​ថ្ងៃ បណ្ដាល​ឲ្យ​បរិស្ថាន ជាពិសេស​ទឹក​ទន្លេ​មាន​ការ​បំពុល​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​អប់រំ​ពី​អនាម័យ និង​ហាម​ឃាត់​រាល់​សកម្មភាព​ផលិត ឬ​ការ​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទឹក​ជា​រៀង​រាល់​១​សប្ដាហ៍​ ម្ដង៖ «ព្រោះ​អា​ការ​រស់​នៅ​សំណល់​ហ្នឹង គាត់​អត់​មាន​យក​ទៅ​ណា​ទេ គឺ​គាត់​បោះ​ចោល​ក្នុង​ទឹក​គ្មាន​ធុង​សំរាម​គ្មាន​អី​ទេ អា​ហ្នឹង​ជា​បញ្ហា។ យើង​ប្រជុំ​ក្នុង​សន្និបាត​ប្រចាំ​ខែ​ប្រចាំ​អី ឯកឧត្ដម​អភិបាល​ខេត្ត​គាត់​តែង​តែ​លើក​ទី​១ យើង​ត្រូវ​រក​ទីតាំង​គាត់​នៅ​ខាង​លើ។ ទី​២ នៅ​បាន​លុះត្រា​តែ​មាន​លក្ខខណ្ឌ​តាម​ច្បាប់ អ្នក​ឯង​ត្រូវ​ធ្វើ​ស្អី​ត្រូវ​មាន​ធុង​សំរាម បង្គន់​ហ្នឹង​ត្រូវ​ធ្វើ​របៀប​ម៉េច​អី​របៀប​ម៉េច ត្រូវ​ចំណាយ​បង់​សេវា​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច អា​ហ្នឹង​ទើប​អាច​នៅ​បាន»
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្រោម (KKKHRA) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ជនជាតិ​វៀតណាម តិចតួច​ណាស់​ដែល​ចង់​ទៅ​រស់​នៅ​លើ​ដី​គោក ហើយ​ក្នុង​ករណី​ដែល​អាជ្ញាធរ​មាន​វិធាន​ការ​បណ្ដេញ​ចេញ ឬ​មាន​គោលការណ៍​ឲ្យ​ពួក​គាត់​ឡើង​ទៅ​រស់​នៅ​លើ​គោក​នោះ ភាគ​ច្រើន​ពួក​គាត់​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។
បញ្ហា​អន្តោប្រវេសន៍ និង​ផល​ប៉ះពាល់​នៃ​ការ​រស់​នៅ​លើ​ទឹក​ទន្លេ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ឈឺ​ក្បាល ហើយ​គណបក្ស​ប្រឆាំង​តែង​តែ​លើក​យក​បញ្ហា​នេះ​មក​និយាយ។ តើ​រដ្ឋាភិបាល និង​អាជ្ញាធរ គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​បញ្ឈប់​ឲ្យ​មាន​ការ​ហូរ​ចូល​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា?
មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ចគា ថ្លែង​ថា មនុស្ស​គ្រប់​ជាតិ​សាសន៍​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ និង​តាំង​ទីលំនៅ ក៏ប៉ុន្តែ​ការ​ខុស​ឆ្គង​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់​ អន្តោប្រវេសន៍​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​មាន​ការ​រស់​នៅ​លើ​ទឹក និង​ការ​ហូរ​ចូល​ជនជាតិ​វៀតណាម ខុស​ច្បាប់។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ចំពោះ​មុខ​នេះ រដ្ឋាភិបាល​គប្បី​ផ្ដល់ ឬ​ជួល​ដី​សម្រាប់​គ្រួសារ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ទាំង​នោះ​សម្រាប់​ស្នាក់ ​នៅ ដើម្បី​បញ្ចៀស​នូវ​ការ​បំពុល​ទឹក​ក្នុង​បឹង​ទន្លេសាប​ជា​បន្ត​ទៅ​ទៀត៖ «ខ្ញុំ ​យល់​ថា វា​មិន​មាន​ការ​ថ្កោលទោស​ណា​មួយ គ្រាន់​តែ​ផ្ដល់​សិទ្ធិ​នូវ​ការ​ជ្រក​កោន​ជា​អន្តោប្រវេសន៍​ហ្នឹង​ទេ។ កាល​ណា​ឲ្យ​គាត់​រស់​នៅ​តំបន់​មួយ​ច្បាស់​លាស់ អាជ្ញាធរ​ងាយ​គ្រប់គ្រង​ទី​១ ហើយ​ទី​២ ជៀសវាង​នូវ​ការ​បំពុល​ទឹក»
នៅ​ខេត្ត​កំពង់ឆ្នាំង គេ​ឃើញ​មាន​គ្រួសារ​ជនជាតិ​វៀតណាម តាំង​ទីលំនៅ​ច្រើន​ចំនួន ២​តំបន់ គឺ​នៅ​ឃុំ​ឆ្នុកទ្រូ នៃ​ស្រុក​បរិបូរណ៍ និង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។ យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ​២០១៣ របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បង្ហាញ​ថា ស្ថិតិ​ប្រជាជន​វៀតណាម នៅ​សង្កាត់​ផ្សារឆ្នាំង និង​សង្កាត់​ខ្សាម មាន​ចំនួន ៩៤៥​គ្រួសារ ក្នុង​នោះ​មាន​ចំនួន​មនុស្ស ៤.៨១៧​នាក់ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​មាន​ចំនួន ២.៨៧៥​នាក់។
កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៩៩ អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ូ ភិរិន្ទ ធ្លាប់​ចេញ​ផែនការ​ណែនាំ​អនុវត្ត​ស្ដីពី​ការ​រៀបរយ ពង្រឹង​សណ្ដាប់​ធ្នាប់​មាត់​ទន្លេ និង​លើ​ផ្ទៃ​ទឹក​ទន្លេ​ផ្សារ​ក្រោម។ នៅ​ក្នុង​សេចក្ដី​ណែនាំ​នោះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ចុង​ថ្នល់​ដាច់​លើ​មាត់​ច្រាំង និង​ល្បាក់​ច្រាំង រហូត​ដល់​ម៉ាស៊ីន​ទឹក​ខាង​ត្បូង​ដើម​ពោធិ៍ ជា​តំបន់​រក្សា​ភាព​ទំនេរ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​ដូរ​ទំនិញ​គ្រប់​ប្រភេទ គិត​ទាំង​ការ​ធ្វើ​រោង​ស្នាក់​នៅ និង​បោះ​ទីតាំង​ប្រកប​មុខ​របរ​ផ្សេងៗ។
ចំណែក​ការ​រៀបរយ​សណ្ដាប់​ធ្លាប់​លើ​ផ្ទៃ​ទឹក​ទន្លេ​វិញ គឺ​ចាប់​ពី​ជណ្ដើរ​ដើម​ពោធិ៍ ទៅ​ខាង​ត្បូង​ចម្ងាយ ៤០០​ម៉ែត្រ ត្រូវ​ហាម​លក់​ដូរ ការ​ស្នាក់​នៅ ការ​ឈប់​សំចត​រយៈពេល​យូរ និង​ការ​បោះ​ទីតាំង​ធ្វើ​អាជីវកម្ម​ផ្សេងៗ។ ចំពោះ​ជនជាតិ​វៀតណាម ត្រូវ​បោះ​ទីតាំង​ស្នាក់​នៅ​ចាប់​ពី​វត្ត​លោក​យួន ទៅ​ត្បូង​ក្នុង​កម្រិត ២៥​ម៉ែត្រ ចាប់​ពី​មាត់​ច្រាំង​តាម​ការ​រៀបរយ​របស់​អាជ្ញាធរ​ស្រុក៕

No comments:

Post a Comment

yes