សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 10, 2014

កិច្ចពិភាក្សា​គណៈកម្មកា​រ​ចម្រុះCPPនិង​CNRPនៅ​ថ្ងៃ​ចន្ទ​នេះមិនទាន់​មាន​ចំណុច​ឯកភាព​​

គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត មកពីគណបក្សទាំងពីរ 
ធ្វើសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរួច (រូបថត៖ តាំង វីដា)

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ទៅ​លើ​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​បាន​រកឃើញ​នូវ​ចំណុច​ឯកភាព ដោយសារ​របៀបវារៈ​ចំនួន​២  ដែល​បាន​លើកឡើង​ហួស​ដែន​សម្រេច​របស់​ក្រុមការងារ​បក្ស​ទាំងពីរ​។​
​បន្ទាប់​ពី​ជំនួប​លើក​ទី​២ របស់​គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត របស់​គណបក្ស​ទាំងពីរ ដែល​ធ្វើឡើង​រយៈពេល​បី​ម៉ោង នៅ​ព្រឹទ្ធសភា ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា កិច្ចប្រជុំ​នេះ គឺ​មិន​មាន​ជា​សេចក្តីប្រកាស​រួម​ពី​ចំណុច​ឯកភាព ដូច លើក​មុនៗ​ឡើយ ព្រោះ​អំណះអំណាង ដែល​ភាគី​ទាំង​ពីរ​ទាមទារ ហួស​ពី​សមត្ថកិច្ច​នៃ​ការសម្រេច​រៀងៗ​ខ្លួន ដែល​តម្រូវឲ្យ​ថ្នាក់ដឹកនាំ​កំពូល​ជា​អ្នកសម្រេច​។
​ចំណុច​ពីរ​នោះ រួមមាន កំណែទម្រង់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ឯករាជ្យភាព សុចរិត​ភាព​នៃ​អង្គការ​សង្គម​ស៊ីវិល ធ្វើការ​លើ​វិស័យ​បោះឆ្នោត​។​
​ប្រធាន​គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឲ្យដឹងថា កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​រឿង​ស្មុគស្មាញ ក្នុង​កិច្ចពិភាក្សា​លើក​នេះ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការដាក់បញ្ចូល​ច្បាប់​គ្រប់គ្រង​ស្ថាប័ន​នេះ ទៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​កំណត់​លម្អិត​ពី​រចនាសម្ព័ន្ធ​ស្ថាប័ន​នេះ ។
លោក​ថា ការទាមទារ​នេះ គឺ​មិន​អាច​រួច​ទេ ទាល់តែឲ្យ​ថ្នាក់ដឹកនាំ​បក្ស​ទាំង​ពីរ​ជា​អ្នកសម្រេច​ ៖«ព្រោះថា យើងត្រូវធ្វើកិច្ចការ ឲ្យ​បាន​ច្បាស់​លាស់ យើងមិនប្រថុយប្រថានទេ ម៉េចនេះ យើងបានគិតគ្នាទៀត ថាក្នុងកំឡុងពេលនៃកិច្ចពិភាក្សានេះ បើថ្នាក់ដឹកនាំកំពូល លោក​សម្រេច​យ៉ាងនេះ យ៉ាងនោះ ហើយមានឥទ្ធិពលល្អ មកដល់គណៈកម្មការយើង យើងក៏ទទួលយកបញ្ហានោះ។ »
សម្រាប់​របៀបវារៈ​ទី ២ ដែល​ជា​ការស្នើ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឲ្យមាន​ច្បាប់​គ្រប់គ្រង​អង្គការ​នោះ ប្រធាន​គណៈកម្មការ​ចម្រុះ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់ថា ចំណុច​នេះ ជា​រឿង​ថ្មី​មួយ ដែល​មិន​ស្ថិត​ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត ហើយ​ទាមទារ​ឲ្យមាន​ការពិគ្រោះ​យោបល់​លម្អិត ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផងដែរ​ ៖«ហេតុអីបានជាយកបញ្ហាសង្គមស៊ីវិលមក ព្រោះ​ខាង​រដ្ឋាភិបាល ក៏ធ្លាប់បានស្នើច្បាប់ស្តីពីការរៀបចំអង្គការសង្គមស៊ីវិល ហើយក៏កំពុងពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលដែរ ហេតុ​អី​យក​មក​ពាក់ព័ន្ធនឹងការងារបោះឆ្នោត។ ការវិសោធន៍កន្លងទៅ ខាងរដ្ឋាភិបាល គណបក្សប្រជាជន លោកតែងតែចោទប្រកាន់ ចោទ​ប្រកាន់​ថា សង្គមស៊ីវិល កាន់ជើងបក្សប្រឆាំង សំឡេងរបស់សង្គមស៊ីវិលដូចសំឡេងរបស់គណបក្សប្រឆាំង។»
អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច ចាត់ទុក​សំណើ​ដែល​ភាគី​ម្ខាងៗ​លើកឡើង ថា​សុទ្ធតែជា​ចំណុច​ថ្មី ដែល​គប្បី​ជូនដំណឹង​ទៅវិញទៅមក មុន​ជួបពិភាក្សា ដោយ​មិន​ត្រូវ​លើក​ភ្លាមៗ នាំ​ឲ្យ​កិច្ចប្រជុំ​ពេញ​មួយ​ព្រឹក​គ្មាន​លទ្ធផល​នោះ​ទេ​។ លោក​យល់ថា ការអូសបន្លាយ​ពេលនេះ គឺជា​ចេតនា​របស់​អ្នកនយោបាយ ទៅកាន់​សហគមន៍​អន្តរជាតិ និង​ជា​ការ​សំញែង​ពី​ការទាមទារ​គ្នា​ទៅវិញទៅមក​៖«យើងឃើញថានេះគ្រានតែជាការអូសបន្លាយរបស់អ្នកនយោបាយ ដើម្បីបង្ហាញសាធារណជន អន្តរជាតិ ម្ចាស់​ជំនួយ ឬអង្គការក្រៅរដ្ឋាភិបាល ទីមួយ  អ្នកនយោបាយគិតគូរ ហើយបង្ហាញអន្តរជាតិថា កុំលូកដៃ ពីព្រោះ​ឥលូវ​គេ​កំពុង​ដំណើរ​ការ​ហើយ បង្ហាញអង្គការក្រៅរដ្ឋាភិបាល ថាគេកំពុងបន្តសកម្មភាពនៅក្នុងដំណោះស្រាយជាប់គាំងនេះ ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយ អត់​មានបានអ្វីដែលសម្រេចទេ។»
​យ៉ាងណាក៏ដោយ គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​បក្ស​ទាំងពីរ អះអាងថា នឹង​ជួប​គ្នា​ជាថ្មីទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ដើម​សប្តាហ៍​ក្រោយ ដើម្បី​ទុក​ឱកាស​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​លើក​របៀបវារៈ​ទាំង​នេះ ទៅ​ពិចារណា​បន្ត​។​
​កាលពី​ថ្ងៃ​ទី​៣ ខែ​មីនា ក្រុមការងារ​គណៈកម្មកា​រ​ចម្រុះ​បក្ស​ទាំងពីរ បាន​ឯកភាពគ្នា​លើ ការធ្វើ​កំណែ​ទម្រង់ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត រួម​នឹង​ការរៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​គណបក្ស ដោយ​គ្រោង​នឹង​ពិភាក្សា​បន្ត​លើ​ការកែទម្រង់​ស្ថាប័ន​បោះឆ្នោត យន្តការ​ដោះស្រាយ​វិវាទ និង​ការធានា​ភាព​ស្មើ​គ្នា​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ដែល​បាន​ពិភាក្សា ប៉ុន្តែ បញ្ហា​លម្អិត​លើ​ចំណុច​ទាំងបី​នេះ គឺ​មិន​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ទី​២​នេះឡើយ​៕

No comments:

Post a Comment

yes