សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 9, 2014

CPPនិងCNRPបន្ត​កិច្ច​ពិភាក្សា​លើ​បញ្ហា​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោតនៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​​

គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ នឹង​បន្ត​កិច្ច​ពិភាក្សា​របស់​ខ្លួន​តា​ម​ការគ្រោងទុក​។​
​កាលពី​ថ្ងៃ​ទី៣ ខែ​មីនា គណៈកម្មការ​ចម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឯកភាពគ្នា​ក្នុង​ការកែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ច្បាប់​ស្តីពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស ប៉ុន្តែ​បញ្ហា​មួយចំនួន​មិនទាន់​ឯកភាព​គ្នា​ទេ​។ ក្នុង​កិច្ចប្រជុំ​ស្អែក​នេះ គណបក្ស​ទាំង​ពីរ នឹង​ពិភាក្សា​បញ្ហា​ដែល​នៅ​សេសសល់​រួមមាន កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត កំណែទម្រង់​រចនាសម្ព័ន្ធ ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត កំណែ​ទម្រង់ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួនាទី​ត្រឹមត្រូវ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មានប្រសាសន៍ថា ថ្ងៃស្អែក​នេះ​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលប្រជុំ​តាម​ការគ្រោងទុក​។ លោក បន្តថា នឹង​យក​អនុសាសន៍​របស់​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) អំពី​ការ​កែទម្រង់​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​បែប​ទំនើប និង​បង្ហាញ​តម្លាភាព​ហិរញ្ញវត្ថុ​របស់​គណបក្ស នយោបាយ ដើម្បី​ដាក់​ជា​របៀបវារៈ​ក្នុង​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ចំណែក​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ប្រាប់ VOD​ថា ក្រុមការងារ​របស់​ខ្លួន បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ចូលរួម​ពិភាក្សា​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ លើ​បញ្ហា​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។​
កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​នៅ វេលា​ម៉ោង​៩​ព្រឹក  នៅ​ព្រឹទ្ធសភា ដោយ​មាន​សមាសភាព​គណៈកម្មការ​កែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​សមាជិក​រួមមាន លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក ហូរ វ៉ាន់​។​
​ចំណែក​ក្រុមការងារ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដឹកនាំ​ដោយ​លោក ប៊ិន ឈិន និង​សមាជិក​លោក​ព្រុំ សុខា លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​លោកស្រី គ្រួច សំអាន​។​

No comments:

Post a Comment

yes