ក្រុមហ៊ុនចិន ឈ្មោះយូញៀនឌីវើលុបភឺមែនគ្រុប (Union Development Group CO.LTD) បានបញ្ជូនត្រាក់ទ័រ ៤គ្រឿង ឈូសឆាយដីប្រជាពលរដ្ឋដែលមិនទាន់មានដំណោះស្រាយជូនពួកគាត់ នៅចំណុចភូមិតានូន ឃុំតានូន ស្រុកបុទមសាគរ ខេត្តកោះកុង។
តំណាងប្រជាពលរដ្ឋលោក សំ ធី ប្រាប់ VOD ថា កាលពីព្រឹកមិញក្រុមហ៊ុនចិន បានបញ្ជូនត្រាក់ទ័រ ២គឿង មកឈូសឆាយដីប្រជាពលរដ្ឋ ហើយនៅម៉ោង ប្រមាណ២រសៀល ក្រុមហ៊ុនចិន បានបន្ថែមត្រាក់ទ័រ២គ្រឿងទៀត ដើម្បីឈូសឆាយឲ្យឆាប់អស់ ដោយមានកងទ័ពឆ័ត្រយោងប្រដាប់ដោយអាវុធ ៤នាក់ និងសន្តិសុខ ២នាក់ទៅការពារត្រាក់ទ័រទាំង៤គ្រឿងនោះផងដែរ។
ប្រជាពលរដ្ឋ បានចោទក្រុមហ៊ុនចិនថា ការឈូសឆាយនេះជាការបំពាន សជណ របស់ឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែកុម្ភៈ ដែលតម្រូវឲ្យក្រុមហ៊ុនចិនផ្អាកការឈូសឆាយបណ្តោះអាសន្នរង់ចាំការដោះស្រាយ។ លោក សំ ធី ក៏បានសើ្នឲ្យសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយស្វែងរកអន្តរាគមន៍តាមផ្លូវច្បាប់ជូនពួកគាត់ផង។
កន្លងទៅ ក្រុមហ៊ុនចិននេះបានដុតផ្ទះប្រជាពលរដ្ឋ និងបង្ខំឲ្យរុះរើចេញពីតំបន់នោះចំនួន ៤៥គ្រួសារ ដោយមិនផ្តល់សំណង ដើម្បីយកដីនោះធ្វើការវិនិយោគរយៈ ៩៩ឆ្នាំ។
ក្រុមហ៊ុនចិន ឈ្មោះ យូញៀនឌីវើលុបភឺមែន គ្រុប ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ទំហំ៣៦០០០ហិកតា កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍនរមណីយដ្ឋានទេសចរណ៍ស្របតាមស្តង់ដារអន្តជាតិ ហៅថាក្បាលនាគ៧ ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រជិត១០០គីឡូម៉ែត្រ គ្របដណ្តប់លើស្រុកគីរីសាគរ និងបុទុមសាគរ ខេត្តកោះកុង។ ប៉ុន្តែ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ១១៦៣គ្រួសារ ខណៈក្រុមហ៊ុននេះទទួលបានដីសម្បទានបន្ថែម ៩១០០ហិកតាទៀត ដើម្បីធ្វើអាងស្តុបទឹក និងវារីអគ្គិសនី៕
No comments:
Post a Comment
yes