លោកស្រី មូរ សុខហួរ ពេលធ្វើការតវ៉ានៅទីលានប្រជាធិប
តេយ្យកន្លងមក។ រូបថត លីណា
ខណៈដែលគូស្វាមីភរិយាខ្មែរជាច្រើននៅតែមាននិន្នាការនយោបាយខុស
គ្នា រហូតដល់គូស្វាមីភរិយាខ្លះកើតមានជម្លោះហិង្សា
ដោយសារតែនិន្នាការនយោបាយខុសគ្នានេះ
អ្នកនយោបាយស្ត្រីដ៏សកម្មម្នាក់របស់គណបក្សប្រឆាំង
បែរជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីស្វាមីជនជាតិ អាមេរិកាំង
ក្នុងការធ្វើនយោបាយ។ នយោបាយដែលស្ត្រីរូបនេះ
តែងតែធ្វើឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរួមទាំងលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ក្តៅស្លឹកត្រចៀកមិនតិចឡើយ។
កើតក្នុងគ្រួសារមានឪពុក ជាខ្មែរកម្ពុជាក្រោម ម្តាយកាត់ ចិន
មានស្រុកកំណើតនៅក្នុង ខេត្តតាកែវ ប៉ុន្តែបានប្រសូតឡើង
និងធំដឹងក្តី នៅម្តុំផ្សារថ្មីក្នុង ក្រុងភ្នំពេញ លោកស្រី មូរ
សុខហួរ ចង់ឲ្យឆាកជីវិតរបស់លោកស្រីមានន័យមានកេរ្តិ៍ឈ្មោះល្អ
តាមរយៈការធ្វើនយោបាយដើម្បីការពារទឹកដី
ប្រឆាំងនឹងការឈ្លានពានពីបរទេស។ លោកស្រី មូរ សុខហួរ កើតនៅក្នុង
ឆ្នាំ១៩៥៤
នៅក្នុងគ្រួសារដែលមានជីវភាពធូរធារមួយដោយឪពុករបស់លោកស្រីជា
អ្នកជំនួញធំម្នាក់។
លោកស្រីមានបងប្អូន ៤ នាក់
ស្រីពីរនាក់បច្ចុប្បន្នរស់នៅស្រុកខ្មែរ និងបងប្រុសម្នាក់នៅ
អាមេរិក ប្អូនប្រុសម្នាក់នៅ ប្រទេសបារាំង។ លោកស្រីមានប្រសាសន៍ថា៖
«ឪពុកម្តាយខ្ញុំ គឺជាអ្នករកទទួលទាន។ នៅក្នុង ឆ្នាំ១៩៧០
បន្ទាប់ពីមានសង្គ្រាមហើយ ឪពុករបស់ខ្ញុំ
មានក្រុមហ៊ុនកប៉ាល់ហោះមួយហៅថា ខេមរា។ ប៉ុន្តែឪពុក ម្តាយខ្ញុំ
គាត់បានស្លាប់នៅក្នុងសម័យ ប៉ុល ពត»។ កុមារី សុខហួរ ដែលបានរៀនភាសា
បារាំង ចាប់តាំងពីអាយុ ៥ឆ្នាំ រហូតដល់អាយុ ១៨ឆ្នាំ
នៅសាលាមួយក្នុង ក្រុងភ្នំពេញ មិនបានរស់នៅឆ្លងកាត់របបខ្មែរក្រហម
ដ៏សែនខ្លោចផ្សា ដែលបានសម្លាប់មនុស្សជិតពីរលាននាក់នោះទេ
ដោយសារលោកស្រី បានចេញទៅបន្តការសិក្សានៅ ប្រទេសបារាំង ក្នុង
ឆ្នាំ១៩៧២ បន្ទាប់ពីបានប្រឡងជាប់សញ្ញាបត្រ បាក់ឌុប។
លោកស្រីបន្តថា៖ «ខ្ញុំបានរស់នៅក្នុង ប្រទេសបារាំង ពី ឆ្នាំ១៩៧២
ដល់ ឆ្នាំ១៩៧៤ ហើយពី ៧៤ ទៅខ្ញុំបានរស់នៅ សហរដ្ឋអាមេរិក រហូតដល់
ឆ្នាំ១៩៨១។ នៅ អាមេរិក ខ្ញុំរៀនបានបរិញ្ញាបត្រខាងចិត្តសាស្ត្រ
ហើយអនុបណ្ឌិត
ខ្ញុំបានរៀនខាងសង្គមវិទ្យានៅសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅ
អាមេរិក»។ ពី ឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៨៦ លោកស្រី មូរ សុខហួរ
មកធ្វើការនៅជំរំជនភៀសខ្លួនតាមព្រំដែន ខ្មែរ ថៃ
ក្នុងនាមអង្គការសហប្រជាជាតិ ដើម្បីជួយដល់ជនភៀសខ្លួនខ្មែរ។
ពេលនោះហើយ គឺក្នុង ឆ្នាំ១៩៨៤ ដែលលោកស្រី
បានរៀបការជាមួយស្វាមីជនជាតិ អាមេរិកាំង។ «ខ្ញុំនិងស្វាមី អាមេរិក
មានកូនស្រីបីនាក់ កូនស្រីពីរនាក់មានអាយុ ២២ និង ២៤ ឆ្នាំ
រស់នៅស្រុកខ្មែរ។ ចំណែកកូនស្រីច្បងមានអាយុ ២៧ ឆ្នាំ
នៅឯសហរដ្ឋអាមេរិក»។
បើទោះបីជាបានរៀបការជាមួយស្វាមីជនជាតិ អាមេរិក
អស់រយៈពេលប្រមាណ ៣០ឆ្នាំ មកហើយក៏ដោយ
ក៏ស្រ្តីដែលមានសំណាងបានទៅរៀនសូត្រ និងរស់នៅឯក្រៅប្រទេសរូបនេះ
ហាក់បីដូចជាអ្នកដែលអភិរក្សបានយ៉ាងល្អ នូវប្រពៃណីទំនៀមទម្លាប់
និងវប្បធម៌ខ្មែរ ព្រមទាំងភាពរុងរឿងនៃអតីតកាលរបស់ចក្រភពខ្មែរ។
ស្ត្រីវ័យ ៦០ឆ្នាំ ដែលមានសក់ល្បាយអាចម៍ខ្លារូបនេះ
បច្ចុប្បន្នរស់នៅក្នុងភូមិគ្រឹះតូចច្រឡឹងមួយដែលមានរុក្ខជាតិ
ចម្រុះ ដុះព័ទ្ធពេនគ្របពីខាងលើច្រកទ្វាររបងចូលផ្ទះនៅក្នុង
សង្កាត់បឹងត្របែក ខណ្ឌចំការមន។ នៅពេលចូលទៅដល់ក្នុងផ្ទះ
ដែលក្រាលឈើជំនួសឥដ្ឋការ៉ូ បើគ្រាន់តែមើលពីបន្ទប់ទទួលភ្ញៀវ
គេឃើញមានដាក់តាំងរូបពុទ្ធបដិមាយ៉ាងហោចណាស់ ៦ អង្គ
នៅតាមទីកន្លែងផ្សេងៗគ្នា រូបចម្លាក់ព្រះបាទជ័យវរ្ម័ន ទី៧ ចំនួន ១
រូបចម្លាក់មនុស្សសត្វ តុ ទូ
និងវត្ថុបែបបុរាណរបស់ខ្មែរជាច្រើនផ្សេងទៀតនៃអតីតកាលដ៏រុងរឿង
របស់ចក្រភពខ្មែរ។
លោកស្រី មូរ សុខហួរ បានចូលប្រឡូកក្នុងឆាកនយោបាយជាមួយគណបក្ស
ហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុង
ឆ្នាំ១៩៩៥ ហើយបានជាប់ជាតំណាងរាស្ត្រ នៅមណ្ឌល បាត់ដំបង ក្នុង
ឆ្នាំ១៩៩៨។ ជាមួយគ្នានោះ លោកស្រី ក៏បានធ្វើជារដ្ឋមន្ត្រីក្រសួង
កិច្ចការនារី ពី ឆ្នាំ១៩៩៨ ដល់ដើម ឆ្នាំ២០០៤ ផងដែរ។
«ខ្ញុំបានទៅចូលរួមជាមួយគណបក្ស សម រង្ស៊ី នៅថ្ងៃ ទី២២ ខែមករា
ឆ្នាំ២០០៤ ជាថ្ងៃដែលគេបាញ់សម្លាប់លោក ជា វិជ្ជា នៅហូរឈាមសស្រាក់
កូនប្រពន្ធនៅស្រែកយំទាំងអស់គ្នា។
ពេលនោះ ខ្ញុំសុំទៅជួបលោក សម
រង្ស៊ី និងអ្នកបង ជូឡុង ស៊ូមូរ៉ា ដើម្បីចូលជាមួយគណបក្ស សម រង្ស៊ី
ពីព្រោះខ្ញុំឃើញថា គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី មានជំហររឹងមាំណាស់
ជំហរអ្នកការពារព្រលឹងប្រជាធិបតេយ្យ»។ ការចាកចេញនេះ
គឺបន្ទាប់ពីលោកស្រី បានរួមរស់ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច
អស់រយៈពេល ៩ ឆ្នាំ។
ការសម្រេចចិត្តទៅចូលរួមជាមួយគណបក្ស សម រង្ស៊ី
គឺដោយសារតែគណបក្ស ហ៊្វុនស៊ិនប៉ិច
«បាត់បង់អស់នូវព្រលឹងប្រជាធិបតេយ្យ»។ ទោះយ៉ាងណា លោកស្រី មូរ សុខហួរ
ដែលកាលពីនៅក្មេងមិនដែលនឹកស្រមៃ
ចង់ធ្វើជាអ្នកនយោបាយសូម្បីតែបន្តិចនោះ បានឲ្យដឹងថា៖
«ឪពុករបស់ខ្ញុំ
គាត់បានហាមជាដាច់ខាតមិនឲ្យខ្ញុំចូលទៅពាក់ព័ន្ធនៅក្នុងវិស័យ
នយោបាយទេពីព្រោះឪពុក ខ្ញុំគាត់ចាស់ហើយ
គាត់បានឆ្លងកាត់ជាច្រើនជំនាន់មកហើយ
គាត់បានឆ្លងកាត់ភាពជូរចត់មានសង្គ្រាម ដូច្នេះគាត់ខ្លាច។
ប៉ុន្តែសម្រាប់ខ្ញុំ នយោបាយជាអ្វី?
នយោបាយគឺការដែលយើងទៅរកដំណោះស្រាយជូនជាតិ
ហើយបើសិនយើងជាអ្នកល្អ
យើងមានគោលការណ៍ប្រជាធិបតេយ្យយើងជាអ្នកស្អាតស្អំ...នយោបាយទៅជា
នយោបាយស្អាតស្អំ ទៅជានយោបាយប្រជាធិបតេយ្យ»។
លោកស្រី មូរ សុខហួរ ដែលនៅពេលនេះ ជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌល
បាត់ដំបង របស់គណបក្សសង្គ្រោះជាតិ
ជាគណបក្សដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និង
គណបក្ស សិទ្ធិមនុស្ស នោះ
បានផាត់ចោលមួយឡែកនូវការភ័យខ្លាចចំពោះបញ្ហាសន្តិសុខផ្ទាល់
ខ្លួន។
ប៉ុន្តែអ្វីដែលលោកស្រីភ័យខ្លាចរហូតដល់មិនព្រមរស់នៅសម្ងំសុខ
យករួចខ្លួននៅលើទឹកដីសហរដ្ឋអាមេរិកនោះ គឺ «ការបាត់បង់ទឹកដី
បាត់បង់ធនធានធម្មជាតិ ដែលកើតមានរាល់ថ្ងៃ» របស់ ប្រទេសកម្ពុជា
ដែលកាន់តែរួមតូចទៅៗនេះ។ លោកស្រីបញ្ជាក់ថា៖
«យើងដឹងហើយដើម្បីតស៊ូសម្រាប់ជាតិ ជីវិតយើងបើស្លាប់
គឺស្លាប់ឲ្យមានតម្លៃ ដូច្នេះបើស្លាប់ទៅក៏អត់មានបញ្ហាដែរ។
ប៉ុន្តែយើងមិនមែនរត់ចូលក្នុងរណ្តៅស្លាប់ទេ
យើងត្រូវធ្វើយ៉ាងម៉េច ឲ្យមានល្បិចដែរ យើងត្រូវធ្វើយ៉ាងម៉េច
ឲ្យមានការប្រុងប្រយ័ត្នដែរ
បើសិនជាយើងឃើញកន្លែងហ្នឹងគ្រោះថ្នាក់ហើយ យើងត្រូវតែចៀស»។ ស្ត្រី
ដែលជាអ្នកនយោបាយច្រើនអាណត្តិរូបនេះបានលើកឡើងថា៖
«ជំហររបស់យើងជាអ្នកប្រជាធិបតេយ្យ ដូចដែលលោកប្រធាន សម រង្ស៊ី
និងលោកអនុប្រធាន កឹម សុខា បានមានប្រសាសន៍ គឺជាជំហរអ្នកស្រឡាញ់ជាតិ
ហើយសន្តិភាព អហិង្សា»។
ខណៈដែលស្វាមីរបស់លោកស្រី
នៅតែបន្តធ្វើការឲ្យកម្មវិធីមួយរបស់អង្គការសហប្រជាជាតិ លោកស្រី
សុខហួរ មិនមានពេលវេលា ទៅប្រកបមុខរបរអ្វីផ្សេងឡើយ
ដោយលោកស្រីបញ្ជាក់ថា៖ «ទៅរកស៊ីអីកើត បើធ្វើនយោបាយស្ទើរតែ ២៤
ម៉ោងទៅហើយ...ខ្ញុំនឹងនៅតែធ្វើនយោបាយ
ដើម្បីជួយជាតិរហូតហើយប្តីខ្ញុំកូនខ្ញុំគាំទ្រខ្ញុំ ១០០ ភាគរយ
ប៉ុន្តែប្តីខ្ញុំគាត់សុំតែម្យ៉ាងទេ
គឺពេលខ្លះសូមឲ្យខ្ញុំមកផ្ទះផង»។
សកម្មភាពរបស់លោកស្រី មូរ សុខហួរ ដែលកាលពីអំឡុង ឆ្នាំ២០០៩
រហូតដល់ទៅហ៊ានចេញមុខប្តឹងប្តល់ប្រឆាំងនឹងលោក ហ៊ុន សែន
ហើយនៅតែប្តេជ្ញាធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន
ចុះចេញពីតំណែងឲ្យទាល់តែបាននោះ ចង់មិនចង់
វាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ស្រ្តី មិនមែនជាអ្នក
«បង្វិលចង្ក្រានមិនជុំ» ដូចពាក្យទំនៀមបុរាណមួយឃ្លានោះទេ
ដោយសារលោកស្រី បានធ្វើការងារជាច្រើន
ដែលសូម្បីតែបុរសជាច្រើនមិនហ៊ានធ្វើ៕
No comments:
Post a Comment
yes