ទីលានប្រជាធិបតេយ្យ ត្រូវបានយាមកាមដោយសមត្ថកិច្ច (រូបថត៖ តាត ឧត្តម)
ជាការបើកទំព័រថ្មីនៃឆ្នាំ២០១៤
រដ្ឋាភិបាលបង្ក្រាបជាបន្តបន្ទាប់លើក្រុមអ្នកតវ៉ាដែលនាំឲ្យ
បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិចុះផ្សាយ
ពីស្ថានការណ៍នយោបាយនៅកម្ពុជា។
នៅថ្ងៃទី០២ ខែមករា
សមត្ថកិច្ចបង្ក្រាបកម្មករនៅរោងចក្រយ៉ាកជីង ថ្ងៃទី០៣
បង្ក្រាបកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ា និងថ្ងៃទី៤
បង្ក្រាបបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិតេយ្យ។
ការបង្ក្រាបផ្ទួនៗនេះ បានបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់
និងជិត៤០នាក់រងរបួសធ្ងន់ និងស្រាល ចំណែក២៣នាក់ត្រូវចាប់ខ្លួន។
នៅថ្ងៃទី០៤
ចំថ្ងៃដែលសមត្ថកិច្ចចុះបំបែកបាតុករនៅទីលានប្រជាពលរដ្ឋធិបតេយ្យ
ក្រសួងមហាផ្ទៃបានចេញបំរាមហាមការប្រមូលផ្តុំតវ៉ានានា
ដើម្បីស្តារស្ថានភាពសន្តិសុខឡើងវិញ។
ក្រោយការចេញបំរាមរបស់ក្រសួងមហាផ្ទៃ
អភិបាលរាជធានីភ្នំពេញលោកប៉ាសុជាតិវង្ស
បានកោះប្រជុំមន្ត្រីនៅតាមខណ្ឌនានាឲ្យពង្រឹងសន្តិសុខ
ហាមការជួបជុំមនុស្សឆាប់ពី១០នាក់ឡើងទៅ។
បើទោះជាមានបំរាមពីក្រសួងមហាផ្ទៃ
និងការចាត់វិធានការតឹងរឹងក៏ដោយក៏ការតវ៉ានៅតែបន្តកើតមាន។
ក្រោយការប្រកាសរបស់ក្រសួងមហាផ្ទៃប្រជាសហគមន៍បឹងកក់ ចេញមុខតវ៉ា លោក
រ៉ុង ឈុន ប្រធានសមាគមន៍គ្រួបង្ក្រៀនកម្ពុជាឯករាជ្យ
កម្មករតវ៉ាដឹកនាំដោយក្រុមលោក អាត់ ធន់ លោក ម៉ម សូណង់ដូ
ដឹកនាំប្រជាពលរដ្ឋរាប់ពាន់នាក់តវ៉ាទាមទារបង្កើតទូរទស្សន៍
និងពង្រីកការផ្សាយវិទ្យុសំបុកឃ្មុំជាដើម។
រាល់ពេលប្រជុំតវ៉ាទាំងនោះសុទ្ធតែរងការវាយបំបែកពីកម្លាំង
សមត្ថកិច្ច និងមានការចាប់ខ្លួនតំណាងក្រុមអ្នកតវ៉ាដើម្បីយកទៅណែនាំ
និងឲ្យចុះកិច្ចសន្យាឈប់ប្រមូលផ្តុំតវ៉ា។
បើទោះជាមានការវាយបំបែកក៏ដោយ ក៏មិនអាចបញ្ឈប់កម្លាំងតវ៉ាដែរ។
នៅដើមខែមេសានេះ លោកស្រី មូរ សុខហួរ
បេក្ខជនជាប់ឆ្នោតតំណាងគណបក្សសង្គ្រោះជាតិ
បានទៅកាន់ទីលានប្រជាធិបតេយ្យស្ទើររាល់ថ្ងៃ
ដើម្បីសម្តែងពីការទាមទារសិទ្ធិសេរីភាពខាងការបញ្ចេញមតិ
និងការជួបប្រជុំ។
បើប្រជាពលរដ្ឋត្រូវការតវ៉ា
ត្រូវការសម្តែងពីទុក្ខលំបាករបស់ខ្លួននោះ
ហេតុអ្វីក៏រដ្ឋាភិបាលមិនបើកសិទ្ធិឲ្យមានការប្រមូលផ្តុំនៅទីលាន
នោះ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងហើយថា
បានជារដ្ឋាភិបាលរបស់លោកបញ្ជាឲ្យផ្អាកការតវ៉ានោះ
ដោយសារការតវ៉ារបស់គណបក្សសង្គ្រោះជាតិ
ហែជាក្បួននៅរាជធានីភ្នំពេញកន្លងមក បានបង្កឲ្យចរាចរណ៍កកស្ទះ
ដែលឈានដល់ការបង្កអសន្តិសុខដល់សង្គមទាំងមូល។
លោក ហ៊ុន សែន
ក៏បារម្ភថា ប្រសិនបើប្រជាពលរដ្ឋគាំទ្រគណបក្សរបស់លោក
ចេញមុខតវ៉ាប្រឆាំង និងក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិនោះ
នឹងមានហិង្សាផ្ទុះឡើងមិនខាន។
ចំណែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា
ការសម្រេចផ្អាកការប្រមូលផ្តុំតវ៉ានោះ
ដោយសាររាល់ការតវ៉ាកន្លងមកមានលក្ខណៈបម្រើផលប្រយោជន៍នយោបាយ
ញុះញង់ឲ្យមានអំពើហិង្សាកើតឡើង។
សម្រាប់អនុប្រធានផ្នែកស៊ើបអង្កេត
នៃសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវេត យល់ឃើញថា
ស្ថាននយោបាយបច្ចុប្បន្នគឺមិនដល់ថ្នាក់ហាមប្រាមការប្រមូលផ្តុំ
នោះទេ។ លោក ចាន់ សុវេត យល់ឃើញថា ការហាមប្រមូលផ្តុំនេះ
មិនមែនតំណាងឲ្យរដ្ឋាភិបាលការប្រយោជន៍សង្គមនោះ
គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍បក្សតែប៉ុណ្ណោះ។
តើហាមការប្រមូលផ្តុំរបស់រដ្ឋាភិបាល ពិតជាអាចដោះស្រាយបញ្ហាដែលកំពុងកើតមានបានដែរឬទេ?
ចំណុចនេះ លោក ចាន់ សុវេត បញ្ជាក់ថា មិនអាចបញ្ចប់បញ្ហាបានទេ
ដោយសារមូលហេតុនៃបញ្ហាមិនបានដោះស្រាយ ហើយម្យ៉ាងទៀត
គណបក្សប្រជាជនកម្ពុជាបង្កឲ្យប្រជាពលរដ្ឋខឹងសម្បារទៅវិញ
ព្រោះពេលមានការតវ៉ាគឺប្រជាពលរដ្ឋតែងតែរងរបួស។
សាលារាជធានីភ្នំពេញ បានបង្កើតទីលានប្រជាធិបតេយ្យ
មានទីតាំងនៅក្បែរវត្តភ្នំ ដែលលាតសន្ធឹងលើផ្ទៃដីដែលមានទំហំទទឹង
៥៥ម៉ែត្រ និងបណ្ដោយ១៩៨ម៉ែត្រ។
ទីលាននោះត្រូវប្រកាសអោយប្រើប្រាស់កាលពីថ្ងៃទី៤ ខែវិច្ឆិកា
ឆ្នាំ២០១០ ដោយលោក កែប ជុតិមា ដែលកាលនោះលោកជាអភិបាលក្រុងភ្នំពេញ។
ការបង្កើតទីលានប្រជាធិបតេយ្យឡើងក្នុងគោលបំណង
បង្កភាពងាយស្រួលដល់ក្រុមដែលមានបញ្ហាតវ៉ា
លើកឡើងពីទុក្ខកង្វល់របស់ខ្លួន ឲ្យស្ថានប័នពាក់ព័ន្ធជួយដោះស្រាយ។
ម្យ៉ាងទៀតទីលានប្រជាធិបតេយ្យក៏ជួយកុំឲ្យការតវ៉ាធ្វើនៅកន្លែង
ផ្សេងៗ មានលក្ខណៈអនាធិបតេយ្យផងដែរ។
ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តកម្ម
លោក សួន ប៊ុនស័ក្តិ លើកឡើងថា
ការបិទទីលានប្រជាធិបតេយ្យមិនអាចដោះស្រាយបញ្ហាបានទេ
ផ្ទុយទៅវិញលោកថា មានតែការបើកឲ្យមានការតវ៉ាពេញលេញទេ
ទើបអាចជៀសវាងភាពអនាធិបតេយ្យនៅក្នុងសង្គមបាន។
ការបិទទីលានប្រជាធិបតេយ្យ
នាំឲ្យអង្គការស៊ីវិលមួយចំនួននិងគណបក្សប្រឆាំង
ប្តូរឈ្មោះទីនោះទៅជាទីលានផ្តាច់ការ
ដោយពួកគេបង្ហាញភាពងឿងឆ្ងល់ថា
កន្លែងនោះជាកន្លែងបញ្ចេញមតិរបស់អ្នកមានទុក្ខ
តែបើមិនអាចបង្ហាញមតិបាន កន្លែងនោះលែងប្រជាធិបតេយ្យហើយ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ក៏ធ្លាប់ជំរុញឲ្យរដ្ឋាភិបាលលុបបំរាមហាមការប្រមូលផ្តុំនោះចេញ
ដើម្បីសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ និងសម្តែងមតិ
ដល់ប្រជាពលរដ្ឋដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។
នៅបណ្តាប្រទេសមួយចំនួន ក៏មានទីលានប្រជាធិបតេយ្យ
ឬហៅកន្លែងសម្តែងមតិនេះ
ដើម្បីងាយស្រាយដល់អ្នកតវ៉ាផ្ញើសារដល់សា្ថប័នពាក់ព័ន្ធ
និងងាយស្រួលដល់អាជ្ញាធរគ្រប់គ្រងសណ្តាប់ធ្លាប់ដូចជា ប្រទេសថៃ
ហ្វីលីពីន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិកជាដើម។
ក្រោយការប្រកាសហាមប្រមូលផ្តុំ របស់ក្រសួងមហាផ្ទៃមក
ទីលានប្រជាធិបតេយ្យមាន ដាក់របាំង
និងមានកម្លាំងសមត្ថកិច្ចយាមនៅទីនោះជាប្រចាំ។
ទន្ទឹមនឹងការរឹតបន្តឹងនៅទីលានប្រជាធិបតេយ្យនេះ
ការតវ៉ានៅបន្តកើតមាន ហើយរាល់ការតវ៉ាតែងមានហិង្សា និងការឃាត់ខ្លួន
ដោយអ្នកខ្លះបែកក្បាល របួសដៃជើង និងដងខ្លួនជាដើម
មិនមែនតែបាតុករទេដែលរបួសសូម្បីតែអ្នកសារព័ត៌មាន
និងមន្ត្រីសង្គមស៊ីវិលដែលទៅតាមដានព្រឹត្តការណ៍នោះក៏រងរបួសដែរ។
ទោះជាយ៉ាងណារហូតដល់ចុងខែមេសារនេះ
រដ្ឋាភិបាលនៅមិនទាន់បញ្ជាក់ថា
តើបំរាមហាមប្រមូលផ្តុំនឹងដកវិញនៅពេលណា ហើយទីលានប្រជាធិបតេយ្យ
និងអាចក្លាយជាកន្លែងប្រជាធិបតេយ្យ
ដែលអ្នកមានបញ្ហាអាចសម្តែងពីទុក្ខកង្វល់របស់ខ្លួន
បានដូចមុននោះទេ៕
No comments:
Post a Comment
yes