អ្នកបើករថយន្តក្រុងភ្នំពេញសូរិយា ធ្វើកូដកម្មមិនចេញទៅដឹកភ្ញៀវ (រូបភាព៖ ញឹម សុខន)
អ្នកបើករថយន្តក្រុង របស់ក្រុមហ៊ុន ភ្នំពេញ សូរិយា យ៉ាងតិច ក្នុងទីតាំង ៧រាជធានី-ខេត្ត នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើកូដកម្ម មិនចេញទៅដឹកភ្ញៀវ ដូចធម្មតា ដើម្បីដាក់សម្ពាធ ឲ្យភាគីថៅគោរពច្បាប់ការងារ និងយកតំណាងពួកគេ៣នាក់ចូលធ្វើការវិញ។
លោក សម្បត្តិ វន ឲ្យVODដឹងថា ការផ្ទុះកូដកម្មព្រមគ្នានេះ ដោយសារ បង្ខំឲ្យធ្វើការលើសម៉ោង ធ្វើការថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាក់ ដោយមិនគិតលុយបន្ថែម ពេលរថយន្តខូចតម្រូវឲ្យ អ្នកបើកបរចេញលុយជួសជុល ខ្លួនឯងជាដើម។ លោកថា រឿងមួយវិញទៀត ក្រុមហ៊ុនបានបញ្ឈប់តំណាងសហជីព៣នាក់ ដោយរំលោភច្បាប់ការងារ និងរើសអើងសហជីព «ពីដំបូងឡើយ គេហៅខ្ញុំមកគំរាមតែម្តង គំរាមឲ្យខ្ញុំលុបឈ្មោះចេញពីសហជីព គេនឹងឲ្យធ្វើការធម្មតា ពេលបន្ទាប់មកទៀត គេលួងពួកខ្ញុំ លួងថា ឥឡូវបើឯងមិនពេញចិត្តធ្វើការនៅសូរិយាទេ ឯងឈប់ទៅ ឯងដក់ឈ្មោះពីសហជីពទៅ អញបើកប្រាក់ខែឲ្យឯងពីរខែ ហើយនឹងគុណឆ្នាំ ឲ្យលុយកក់វិញ ហើយខ្ញុំអត់ព្រម គេដកឡានបណ្តោយ»។
លោក សម្បត្តិ វន ឲ្យដឹងទៀតថា កូដកម្មនៅថ្ងៃនេះ បានធ្វើឡើងនៅក្រុងព្រះសីហនុ ខេត្តកោះកុង ឧត្តរមានជ័យ មណ្ឌលគីរី ក្រចេះ បាត់ដំបង សៀមរាម និងខេត្តមួយចំនួនទៀត។
លោក ពេជ្យ គឹមហួន អ្នកបើកបរឲ្យក្រុមនេះ នៅខេត្តសៀមរាប ឲ្យដឹងថា កូដកម្មព្រឹកនេះមាន រថយន្ត៦គ្រឿងមិនចេញដឹកភ្ញៀវ ទៅរាជធានីភ្នំពេញដូចកាគ្រោងទុកទេ ដើម្បីដាក់សម្ពាធឲ្យក្រុមហ៊ុន ភ្នំពេញ សូរិយានេះ គោរពច្បាប់ការងារ និងយកតំណាងពួកគេ៣នាក់ចូលធ្វើការវិញ «ខ្ញុំចង់ឲ្យមានភាពយុត្តិធម៌ មួយនៅក្នុងក្រុមហ៊ុន ហើយច្បាប់ការងារត្រឹមត្រូវ មិនអាចមានឈប់ពេលណាបានទេ ក្នុងសមាជិកតៃកុងឡានទាំងអស់»។
នាយកក្រុមហ៊ុន ភ្នំពេញ សូរិយា លោក ចាន់ សុផាន់ណា បានច្រានចោលនូវការចោទប្រកាន់នេះ ដោយអះអាងថា ការបញ្ឈប់បុគ្គលិកទាំង៣នាក់នោះ ដោយសារពួកគេបានជាប់ កិច្ចសន្យា។ លោកថាករណីនេះ ក្រុមហ៊ុនកំពុងទូទាត់ប្រាក់ ជូនបុគ្គលិកទាំងនោះតាមច្បាប់ស្តីពីការងារ «តៃកុងដែលខ្ញុំបញ្ឈប់នេះ សុទ្ធតែយើងហៅមកនិយាយ គាត់និយាយលែងបាន ដោយសារគាត់មានកំហុសពីកន្លងឡើយ វាច្រើន យើងមានព្រមានជាលើកទី១ ទី២ អ្នកខ្លះមានលើសពី៣ដងទៀត»។
លោក ចាន់ សុផាន់ណា យល់ថា បើមិនចាត់វិធានការនេះទេ មនុស្ស៤០០នាក់ផ្សេងទៀតនឹងបាត់បង់ការងារតាមរយៈ កូដកម្មនេះ។
មន្ត្រីចងក្រងសមាគម និងដោះស្រាយវិវាទនៅសហភាពការងារកម្ពុជា លោក ហៀង គឹមហ៊ុន ដែលតាមដានករណីនេះ យល់ថា ក្រុមហ៊ុនដឹកអ្នកដំណើរមួយនេះ បានរំលោភច្បាប់ការងារស្តីពីការបង្កើតសហជីព។ លោកអំពាវនាវឲ្យ អង្គការដៃគូរ និងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាល ជួយអន្តរាគមន៍ ដើម្បីធានាថាច្បាប់ស្តីពីការងារត្រូវបានគោរព ។
អ្នកតវ៉ា ឲ្យដឹងថា បុគ្គលិកផ្នែកបើបបរ ៣នាក់ដែលក្រុមបញ្ឈប់នោះ មានលោក សម្បត្តិ វន លោក ញឹម គុយបា និង លោក ឃុន សៅនី ពួកគេមានតួនាទីជាប្រធាន និងអនុប្រធាន សហជីពដែលទើបបង្កើតថ្មី ក្រោយធ្វើកូដកម្ម កាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០១៤៕
No comments:
Post a Comment
yes