ក្នុងមួយខែៗមិនដឹងជាលោក វង្ស សុកសិរី
នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរី ប្រមូលលុយបានប៉ុន្មាននោះទេ
ហើយគាត់ធ្លាប់មានរឿងអាស្រូវ ពុករលួយនៅលើទឹកដីខេត្តស្ទឹងត្រែង
យកទៅរត់ការឡើងតំណែងកាន់តែធំ ពីមួយអាណត្តិទៅមួយអាណត្តិ
តាមរយៈការឃុបឃិតឲ្យក្រុមឈ្មួញ រកស៊ីប្រមូលទិញឈើ
និងស្តុកឈើខុសច្បាប់ ដោយគ្មានក្រែងញញើត ពីច្បាប់ទម្លាប់អ្វីឡើយ
ដូចជា បច្ចុប្បន្ននេះលោក វង្ស សុកសិរី បានឃុបឃិតបើកដៃ
ឲ្យឈ្មួញធំៗចំនួន ៣ក្រុមចាំឈរជើងប្រមូលទិញឈើ
យ៉ាងអនាធិបតេយ្យនៅលើ ទឹកដីខេត្តរតនគិរី គ្មានវិធានការបង្ការបង្ក្រាប
និងទប់ស្កាត់ឲ្យស្របតាម បទបញ្ជាលេខ០០២ ម្តងណាឡើយ។
មន្ត្រីសាលាខេត្តរតនគិរីថ្នាក់ធំម្នាក់ ដែលមិនពេញចិត្តចំពោះ
ភាពអនាធិបតេយ្យនៃការ ដឹកជញ្ជូនឈើខុសច្បាប់
ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល បានបង្ហើបឲ្យដឹងថា
មានឈ្មួញចំនួន ៣ក្រុម ទទួលបានបុព្វសិទ្ធិ ឈរជើងបោះទីតាំង
ចាំប្រមូលទិញឈើ ពីប្រជាពលរដ្ឋដែលចូលព្រៃ
កាប់បំផ្លាញនៅតាមតំបន់អភិរក្ស តំបន់ការពារ
គ្មានក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ហើយការបង្កើតទីតាំង
ប្រមូលទិញឈើខុសច្បាប់បែបនេះ ហាក់ដូចជាកំពុងលើកទឹកចិត្ត
ឲ្យប្រជាពលរដ្ឋទៅកាប់បំផ្លាញព្រៃឈើ កាន់តែអនាធិបតេយ្យ។
ការឃុបឃិតបិទភ្នែកឲ្យឈ្មួញធំៗទាំង ៣ក្រុមនេះឈរជើងចាំប្រមូល
ទិញឈើប្រណីតយ៉ាងអានាធិបតេយ្យ គឺជាការរួមដៃបង្កើតឲ្យមាន
បទឧក្រិដ្ឋកម្មព្រៃឈើផ្ទុយពី បទបញ្ជារបស់រាជរដ្ឋាភិបាល
ដែលទាមទារឲ្យមានការស៊ើបអង្កេត បញ្ហានេះឡើងវិញជាបន្ទាន់។
មានការរៀបរាប់យ៉ាងលម្អិតថា ក្រុមទី១ បានបោះទីតាំង
ប្រមូលទិញឈើប្រណីតៗ យកទៅស្តុកទុកនៅក្នុង ស្រុកអណ្តូងមាស
ស្រុកវ៉ឺនសៃ និងស្រុកអូរជុំ ជារបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព
ហើយនៅទីនោះ មេការសំខាន់ៗដែលឈរជើង ចាំប្រមូលទិញឈើឲ្យលោក ឧកញ៉ា
ទ្រី ភាព សុទ្ធសឹងជាមន្ត្រីរាជការ
ដែលមានមុខមានមាត់ក្នុងខេត្តរតនគិរី ហើយមេការរបស់លោកឧកញ៉ា ទ្រី ភាព
មានសិទ្ធិអំណាចគ្រប់គ្រង ការប្រមូលទិញឈើខុសច្បាប់
និងស្តុកឈើយ៉ាងអនាធិបតេយ្យ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ
សូម្បីតែដើរក្បែរក៏មិនហ៊ានផង។ ក្រុមទី២ គឺជារបស់ឈ្មោះ ឆាយ ហេង
និងឈ្មោះសិទ្ធ បានបោះទីតាំង ចាំប្រមូលទិញឈើ នៅក្នុងស្រុកវ៉ឺនសៃ
យកទៅស្តុកទុកក្នុង តំបន់ដីសម្បទាន របស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ
គ្មាននរណាហ៊ានហើបមាត់នោះទេ។
ចំណែកក្រុមទី៣ គឺជាក្រុមហ៊ុនរបស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា
ដែលបានបោះទីតាំង ឈរជើងប្រមូលទិញឈើ និងស្តុកឈើប្រណីត
នៅចំណុចស្រុកតាវែង និងមួយផ្នែកទៀត នៅក្នុងស្រុកវ៉ឺនសៃ ដោយឧកញ៉ា
លឹម ប៊ុណ្ណា ហៅខ្នា បានចាត់តាំងមេការ ដ៏មានឥទ្ធិពល ២នាក់ គឺឈ្មោះ
ឃុន និងឈ្មោះ សាន ចយ ឲ្យមើលការខុសត្រូវនៅទីនោះ ហើយឈ្មោះ សាន ចយ
នេះគឺជាមនុស្ស សម្បូររឿងអាស្រូវ ធ្លាប់បើករថយន្ត
បុកប្រជាពលដ្ឋស្លាប់តាមដងផ្លូវ និងបំផ្លាញផ្លូវស្ពាន
រាប់សិបកន្លែង ក៏អាជ្ញាធរខេត្តរតនគិរីមិនដែល ហ៊ានហើបមាត់ទាល់តែសោះ។
ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា
ក៏មានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅ ជាមួយសកម្មភាព កាប់បំផ្លាញព្រៃឈើ
នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយជ្រកក្រោមស្លាកស្តារបាតអាង
ទំនប់វារីអគ្គិសនីសេសានក្រោម ២ផងដែរ ហើយរហូតមកដល់ពេលនេះ
សកម្មភាពបំផ្លាញព្រៃឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា
នៅក្នុងស្រុកសេសាន កំពុងស្ថិតក្រោមការស៊ើបសង្កេត។
ឈ្មួញទាំង ៣ក្រុមដែលទទួលបាន បុព្វសិទ្ធិពិសេសពីលោក វង្ស សុកសិរី
ក្នុងការបោះទីតាំង ឈរជើងចាំប្រមូលទិញ
ឈើខុសច្បាប់នៅតាមបណ្តាស្រុកនានា លើទឹកដីខេត្តរតនគិរីនោះ
បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលព្រៃកាប់ឈើប្រណីត
ពីក្នុងតំបន់ព្រៃការពារ និងព្រៃអភិរក្សយកទៅលក់ ឲ្យក្រុមហ៊ុនទាំង
៣នេះ ក្នុងតម្លៃថោកៗដូចជាក្នុង ១ម៉ែត្រគូបលក់បាន តម្លៃត្រឹមតែ
២៥០ដុល្លារ ទៅ៣៥០ដុល្លារប៉ុណ្ណោះ។ តម្លៃនេះសម្រាប់តែប្រភេទ
ឈើប្រណីតៗដូចជាធ្នង់ បេង នាងនួន ហើយក្រុមឈ្មួញតូចតាចមួយចំនួន
បានដឹកឈើតាមរថយន្តកាមរីហើម ឬរថយន្តសាំយ៉ុង យកទៅលក់ដល់ទីតាំង
របស់ក្រុមហ៊ុនទាំង៣នេះ មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធ
និងមន្ត្រីជំនាញសួរនាំនោះទេ។
មិនថាយប់ឬថ្ងៃ ភ្លៀងរអិលពិបាកធ្វើដំណើរ ឬយ៉ាងណានោះទេ
ឲ្យតែប្រជាពលរដ្ឋមានឈើ អាចដឹកយកទៅលក់ ឲ្យក្រុមហ៊ុនទាំង ៣នេះ
គឺគេទទួលទិញគ្រប់ពេលវេលាទាំងអស់ ដើម្បីដឹកជញ្ជូនតាមរថយន្តយីឌុប
យកទៅលក់នៅស្រុកយួន ចេញតាមច្រកអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី
ច្រកត្រពាំងស្រែ នៃខេត្តក្រចេះ ច្រកត្រពាំងផ្លុង នៃខេត្តកំពង់ចាម
ហើយម្តងម្កាល ក៏មានការចេញ តាមច្រកដូង ៧ដើមផងដែរ។ ការប្រមូលទិញឈើ
ប្រណីតរបស់ក្រុមហ៊ុនទាំង ៣នេះ ពីបណ្តាស្រុកនានាយកទៅស្តុកទុក
លើទីតាំងរបស់ពួកគេ ដែលមួយកន្លែងៗមានទំហំជិត ២ហិកតា ដោយជ្រកក្រោម
អាជ្ញាប័ណ្ណនៃការប្រមូលទិញឈើ ដែលជំនាញមេព្រៃ ឬសមត្ថកិច្ចមិនអាច
ចាត់វិធានការបង្ក្រាបបាន។
កន្លងមកលោក វង្ស សុកសិរី ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី
រក្សាភាពស្ងៀមស្ងាត់ចាំអង្គុយតែប្រមូលលុយ
ពីក្រុមឈ្មួញរកស៊ីទិញឈើខុសច្បាប់
គ្មានខ្វល់ខ្វាយពីការបង្ក្រាបម្តងណាឡើយ គឺលោក វង្ស សុកសិរី
បានអនុវត្តន៍តាមរូបមន្តចាស់ ដែលគាត់ធ្លាប់បានធ្វើអំឡុងពេល
កាន់តំណែងជានាយសង្កាត់នៅខេត្តស្ទឹងត្រែង
ដែលសម្បូរដោយរឿងអាស្រូវពុករលួយ តែគាត់មានលុយរត់ការឡើងតំណែងជា
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ក៏យកតួនាទីរបស់ខ្លួន
ទៅប្រមូលលុយស្រង់ដើម ដដែល។ អង្គភាពប្រឆាំងអំពើពុករលួយ
គួរតែមានវិធានការឲ្យបានច្បាស់លាស់ ទៅលើលោក វង្ស សុកសិរី
ដែលកំពុងតែឃុបឃិត ឲ្យមានបទឧក្រិដ្ឋកម្មព្រៃឈើ
នៅលើទឹកដីខេត្តរតនគិរី ផ្ទុយពីបទបញ្ជាលេខ០០២
ដើម្បីប្រមូលលុយច្រកហោប៉ៅ សម្រាប់អភិវឌ្ឍន៍មុខតំណែង ព្រោះលោក វង្ស
សុកសិរី មានមហិច្ឆតាធំណាស់៕
No comments:
Post a Comment
yes