បុគ្គលិកក្រុមហ៊ុនកាល់តិចទាំង១៨ស្ថានីយក្នុងរាជធានីភ្នំពេញ បានចូលធ្វើការវិញហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីក្រុមហ៊ុនសម្រេចដំឡើងប្រាក់ខែដល់បុគ្គលិក២០ដុល្លារ។
នៅក្នុងការចរចាកាលពីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុនកាល់តិច បានសម្រេចដំឡើងឲ្យបុគ្គលិកគ្រប់ផ្នែកចំនួន២០ដុល្លារ គឺក្រុមអនាម័យ នឹងទទួលបានប្រាក់ខែ១២០ដុល្លារ ក្រុមចាក់សាំងចំនួន១៣០ដុល្លារ ក្រុមដូរប្រេង១២០ដុល្លារ បេឡា១៥០ដុល្លារ និងអ្នកឆុងកាហ្វេ១៥០ដុល្លារ។ ប៉ុន្តែក្រុមហ៊ុនបដិសេធការផ្តល់ប្រាក់ខែទី១៣ និងប្រាក់ជប់លៀងសម្រាប់បុគ្គលិក។ ប្រាក់ខែដែលត្រូវដំឡើងនោះ បុគ្គលិកនឹងទទួលបានចាប់ផ្តើមពីថ្ងៃទី០១ខែមិថុនា ហើយការធ្វើកូដកម្ម នឹងមិនត្រូវបានកាត់ប្រាក់ខែទេ។
តំណាងបុគ្គលិកក្រុមហ៊ុនកាល់តិចសាខាស្តុបបូកគោ លោក យស់ ពិសិដ្ឋ ប្រាប់ VOD ថា បុគ្គលិកក្រុមហ៊ុនកាល់តិចទាំងអស់ បានចូលធ្វើការវិញហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះបុគ្គលិកស្ថានីយមួយចំនួន កំពុងតែបោសសំអាតស្ថានីយ ដើម្បីត្រៀមនឹងបើកឲ្យដំណើរការឡើងវិញ។
ចំណែកឯបុគ្គលិកក្រុមហ៊ុនម្នាក់ទៀត លោកម៉េង ស្រ៊ាង បន្ថែមថា សម្រាប់ស្ថានីយប្រេងឥទ្ធនៈកាល់តិចមួយចំនួន នឹងប្រជុំជាមួយបុគ្គលិក ដើម្បីប្រាប់ពីលទ្ធផលនៃការចរចា ដោយបុគ្គលិកដែលធ្វើការវេនថ្ងៃ ប្រជុំនៅម៉ោង៧ព្រឹក ហើយបុគ្គលិកវេនយប់ នឹងប្រជុំនៅម៉ោង១២ថ្ងៃត្រង់នេះ។
បុគ្គលិកក្រុមហ៊ុនកាល់តិច បានធ្វើកូដកម្មតាំងពីថ្ងៃទី១២ខែឧសភាមក ដោយទាមទារប្រាក់ឈ្នួល១៦០ដុល្លារ ប្រាក់ខែទី១៣ និងលក្ខខណ្ឌមួយចំនួនទៀត។ ក្រុមហ៊ុនកាល់តិច មាន២៦ស្ថានីយទូទាំងរាជធានីខេត្ត។ បើតាមការបញ្ជាក់របស់ប្រធានសហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បុគ្គលិកដែលធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោល១៦០ដុល្លារ និងប្រាក់ខែទី១៣ ចាប់តាំងពីថ្ងៃចន្ទ ទី១២ ខែឧសភាមកនោះ គឺមានតែបុគ្គលិកធ្វើការនៅរាជធានីភ្នំពេញ ទាំង១៨ស្ថានីយប៉ុណ្ណោះ។ ដោយឡែកស្ថានីយនៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង កំពង់ចាម និងព្រះសីហនុ បើកដំណើរការជាធម្មតា៕
No comments:
Post a Comment
yes