ក្រុមសន្តិសុខ ដែលយាមកាមនៅវត្តសាមគ្គីរង្ស៊ីនៅព្រឹកថ្ងៃ
ព្រហស្បតិ៍នេះ(រូបថតដោយប្រែង សត្យាភិរក្ស)
ពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ ស្នាក់នៅវត្តសាមគ្គីរង្ស៊ី
ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ និងកងរាជអាវុធហត្ថ ប្រមាណជា៥០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយាមកាមនៅវត្តសាមគ្គីរង្ស៊ី ស្ទឹងមានជ័យ ខណៈពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តក្រចេះ នឹងជួបជាមួយអាជ្ញាធរ ដើម្បីរកដំណោះស្រាយ។
ពលរដ្ឋមានជម្លោះដីធ្លីដែលស្នាក់នៅវត្ត ឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អភិបាលខេត្តក្រចេះ និងអភិបាលខណ្ឌ នឹងចុះមកវត្តដើម្បីរកដំណោះស្រាយជូនពលរដ្ឋ។
កម្លាំងសន្តិសុខ ឲ្យដឹងថា ការដាក់កម្លាំងនេះ គឺដើម្បីយាមកាមការមករបស់អភិបាលខេត្ត និងខណ្ឌ។
ប្រជាពលរដ្ឋ ឲ្យដឹងថា កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០១៤ អាជ្ញាធរខេត្តក្រចេះ បានសហការជាមួយក្រុមហ៊ុនវៀតណាមឈ្មោះ ប៊ិញភឿក២ ដោយយកគ្រឿងចក្រឈូសកម្ទេចផ្ទះពួកគេ៤០៥ខ្នងនៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ដើម្បីយកដី២០២៥ហិកតាឲ្យក្រុមហ៊ុនវៀតណាម។ ពលរដ្ឋបន្តថា អាជ្ញាធរបានចោទពួកគាត់ថាមករស់នៅលើដីរដ្ឋខុសច្បាប់។
កន្លងទៅ ពលរដ្ឋដែលមានជម្លោះដីធ្លី បានឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសូមអន្តរាគមន៍នៅតាមស្ថាប័នរដ្ឋធំៗ និងអង្គទូតនានាប្រចាំកម្ពុជា ឲ្យជួយដោះស្រាយបញ្ហាដីធ្លី។ ដោយឡែក កាលពីព្រឹកថ្ងៃពុធ ទី២១ខែឧសភា ប្រជាពលរដ្ឋទាំងនោះ គ្រោងហែក្បួនទៅកាន់ទីស្នាក់ការកាកបាទក្រហមកម្ពុជា ដើម្បីសូមកិច្ចអន្តរាគមន៍លើករណីនេះ ប៉ុន្តែត្រូវបានរារាំងដោយក្រុមសន្តិសុខចម្រុះរបស់សាលារាជធានីភ្នំពេញ៕
No comments:
Post a Comment
yes