លោក ស៊ូប៊ែឌី (កណ្តាល) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ចូលរួមជាអធិបតីក្នុងសិក្ខាសាលាដែលរៀបចំឡើងដោយ ERA (រូបថត៖ តាំង វីដា)
សិក្ខាសាលាដែលប្រព្រឹត្តិនៅថ្ងៃទី២៤ ខែមិថុនានេះ នឹងផ្តោតសំខាន់ទៅលើសេចក្តីស្នើវិសោធនកម្មក្របខណ្ឌច្បាប់ ទាក់ទងស្ថាប័នគ្រប់គ្រងការបោះឆ្នោត យន្តការដោះស្រាយវិវាទការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដោយឡែក កិច្ចពិភាក្សានេះ មិនមានតំណាងគណបក្សប្រជាជនកម្ពុជាចូលរួមឡើយ។
លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក មានប្រសាសន៍ថា អនុសាសន៍ដែលជាសំយោគកើតចេញពីកិច្ចពិភាក្សានេះ នឹងត្រូវដាក់ជូនគណបក្សនយោបាយទាំងពីរ ដើម្បីពិចារណារកដំណោះស្រាយ។ លោកសង្ឃឹមថា របបគំហើញនៃកំណែទម្រង់ការបោះឆ្នោត ដែលសង្គមស៊ីវិលផ្តួចផ្តើមនៅពេលនេះ អាចជាវិធីសាស្ត្រមួយ ដើម្បីឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ អាចទទួលយកបាន និងចៀសវាងនូវការរាំងស្ទះចំពោះការសម្រេចចិត្ត «ស្នើឲ្យមានគណៈកម្មការជ្រើសរើស។
ហើយឲ្យគណៈកម្មការជ្រើសរើសលោកស្នើបេក្ខភាពទៅ ហើយគណៈកម្មការជ្រើសរើសលោកមានតំណាងគណបក្ស ដែលមានកៅអីក្នុងសភា មានអង្គការសង្គមស៊ីវិលជាដើម ហើយនិងមានអ្នកតំណាងស្ថាប័នព្រះមហាក្សត្រ ឲ្យមានការជជែកដេញដោលនៅក្នុងសង្គមទាំងមូលតែម្តង ហើយបានលើកស្នើទៅសភា ដើម្បីអនុម័ត ហើយសភាអនុម័តនេះយើងស្នើឲ្យមាន២ភាគ៣ ដើម្បីឲ្យមានការឯកភាពគ្នា នៅក្នុងបក្សទាំងពីរហ្នឹង។ នេះនៅក្នុងគោលការណ៍ដែលយើងដាក់ស្នើនេះ»។
ចំណែក នាយកប្រតិបត្តិរបស់អង្គការខុមហ្វ្រែល លោក គល់ បញ្ញា គិតថា ដើម្បីធានាឲ្យបាននូវឯករាជ្យភាពរបស់ស្ថាប័ន គជប ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំខាន់គឺសមាសភាពរបស់មន្ត្រីមុខតំណែង ដែលមិនមែនកើតចេញមកពីគណបក្សនយោបាយ ដែលនាំឲ្យការអនុវត្តការងាររងនូវឥទ្ធិពល «ចំជាគោលការណ៍ ឬដាក់ក្នុងច្បាប់ហ្នឹងឲ្យច្បាស់ គាត់មិនមែនជាមន្ត្រីគណបក្សនយោបាយ។ មន្ត្រីគណបក្សនយោបាយមានន័យថា គាត់ជាសមាជិកសកម្មរបស់គណបក្សនយោបាយ មានតួនាទីទទួលខុសត្រូវ នៅក្នុងរចនាសម្ព័ន្ធរបស់គណបក្ស គ្រប់លំដាប់ថ្នាក់។ អ៊ីចឹងយើងចង់គំនត់ឲ្យច្បាស់ពីបញ្ហាហ្នឹង ដើម្បីពង្រឹងអព្យាក្រឹតភាពឲ្យពួកគាត់ បើមិនអ៊ីចឹងទេ វាធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតមានបញ្ហា ទៅមុខទៀត»។
ថ្លែងក្នុងសិក្ខាសាលានេះដែរ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី មានប្រសាសន៍តាមអ្នកបកប្រែថា ស្ថាប័នបោះឆ្នោតនៅកម្ពុជា រងការរិះគន់ និងមានភាពខ្ទេចខ្ទាំរួចទៅហើយ ហើយលោកតំណាងឲ្យUN គឺគ្រាន់តែជាសំឡេងមួយតែប៉ុណ្ណោះ ដែលទាមទារសង្គមស៊ីវិលចូលរួម ក្នុងការស្នើទៅកាន់រដ្ឋាភិបាល និងភាគីគណបក្សនយោបាយ ដើម្បីធ្វើកំណែទម្រង់ពិតប្រាកដ ផ្អែកលើបញ្ហា និងភាពមិនប្រក្រតីដែលត្រូវបានរកឃើញ «នៅក្នុងប្រទេសកម្ពុជា ត្រូវតែមានភាពសេរី និងយុត្តិធម៌ និងធ្វើឡើងដោយភាពមិនមានហិង្សា។ អ្វីដែលខ្ញុំដាក់នូវរបាយការណ៍របស់ខ្ញុំ ខ្ញុំគឺជាអ្នកសិក្សាម្នាក់ ខ្ញុំគិតថា ខ្ញុំត្រូវមានការវិភាគ បែបប្រៀបធៀបជាមួយហ្នឹង ប្រទេសដទៃទៀត។ មុននឹងខ្ញុំលើកឡើងនូវចំនុចអ្វីមួយ ដែលមានអត្ថន័យសម្រាប់ប្រទេសកម្ពុជា»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា គណបក្សនេះ តែងពិនិត្យលើរាល់អនុសាសន៍របស់សង្គមស៊ីវិល ចំពោះកំណែទម្រង់ការបោះឆ្នោត ដើម្បីឈានទៅរកប្រសិទ្ធិភាពនៃប្រព័ន្ធបោះឆ្នោត ឆ្លើយតបនឹងម្ចាស់ឆ្នោត។ តែលោកថា គណបក្សនេះ នៅតែប្រកាន់ជំហរថា ការជ្រើសរើសតាំងសមាសភាព គជប ដោយសំឡេង២ភាគ៣ គឺជាដំណោះស្រាយតែមួយគត់ ដែលអាចឲ្យស្ថាប័ននេះ មានឯករាជ្យភាពពេញលេញ។
សម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងថា គណបក្សនេះ ស្វាគមន៍នូវរាល់អនុសាសន៍ ដែលធានាបានូវការទទួលយករបស់បក្សទាំងពីរ គោរពតាមច្បាប់ជាតិ និងធានាថាស្ថាប័នរដ្ឋមិនជាប់គាំង ក្រោយការអនុវត្តនូវគោលការណ៍ទាំងនោះ។
កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមឲ្យដាក់ គជប ទៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរការផ្លាស់ប្តូរសមាសភាព គជប តាមរូបមន្ត៥០បូក១ ខណៈគណបក្សសង្គ្រោះជាតិ ទាមទារសំឡេង២/៣នៃរដ្ឋសភា ដែលធ្វើឲ្យការចរចានៅមិនទាន់រកច្រកចេញរួច៕
No comments:
Post a Comment
yes