ដោយ៖ ទេព សស៊ីណា
ប្រធានគណៈកម្មការអប់រំ
យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ
មណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា យុវ ជន គួរត្រៀមខ្លួនរៀបចំផែនការណ៏អនាគតរបស់ខ្លួន ប្រកបដោយគុណភាព ដើម្បីក្លាយពលរដ្ឋសកម្ម
និងជាអ្នកបន្ដវេនដឹកនាំប្រទេសជាតិ។
ថ្លែងក្នុងកិច្ចសន្ទនារវាងយុវជន
និងតំណាងគណបក្សនយោបាយ ក្រោមប្រធានបទ គុណភាពអប់រំ និងភាពជាពលរដ្ឋសកម្មរបស់យុវជន កាលពីថ្ងៃទី២០
ខែកញ្ញា ឆ្នាំ២០១៥ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា យុវជននឹងក្លាយជាជនសកម្ម ដរាបណាពួកគេទទួលបានព័ត៌មានពិតពីសង្គម
ដោយផ្ដោតសំខាន់លើប្រព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងមានភាពត្រឹមត្រូវ រួមជាមួយនឹងការអប់រំប្រកបដោយគុណភាព
ហើយរាល់ការបញ្ចេញមតិ និងសកម្មភាពទាំងឡាយរបស់យុវជន ត្រូវបានលើកទឹកចិត្ត ឲ្យមានភាពសកម្ម
ក្នុងក្របខ័ណ្ឌច្បាប់ និងមិនត្រូវបានរារាំង ដោយអំណាចអ្នកនយោបាយណាមួយឡើយ។
ពាក់ព័ន្ធនឹងកត្ដាអប់រំនេះ
លោកបន្ដថា ប្រទេសកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជន បានធ្វើកំណែទម្រង់ក្នុងនីតិកាលទី៥នេះ
ប៉ុន្ដែបន្ទាប់ពីការធ្វើកំណែទម្រង់ភ្លាម ទើបយើងសង្កេតឃើញថា ប្រព័ន្ធអប់រំនៅកម្ពុជា
នៅមានកម្រិតខ្សោយនៅឡើយ ពីព្រោះមានសិស្សជាច្រើនម៉ឺននាក់ប្រលងធ្លាក់មធ្យមសិក្សាទុតិយភូមិ។
កត្តានេះសបញ្ជាក់ឲ្យឃើញថា
ប្រព័ន្ធអប់រំ និងគុណភាពអប់រំនៅមានកម្រិត ហើយរាជរដ្ឋាភិបាល និងក្រសួងសាមី ត្រូវហ៊ានទទួលស្គាល់ការពិតទាំងអស់គ្នា
ដើម្បីការកែប្រែ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។ គុណភាពអប់រំ និងការផ្សព្វផ្សាយព័ត៌មានសង្គមគ្រប់ជ្រុងជ្រោយ
ជាចលករ ជំរុញឲ្យយុវជនក្លាយជាពលរដ្ឋសកម្ម ។
ជុំវិញករណីនេះ
លោក យ៉ែម បុញ្ញឫទ្ធិ បានសម្ដែងការសោកស្ដាយ ចំពោះអាជ្ញាធរកម្ពុជា ដោយសារកន្លងទៅថ្មីៗនេះ
សមត្ថកិច្ចបានចាប់យុវជនការពារបរិស្ថាន ការពារធនធានធម្មជាតិ និងសកម្មជនដីធ្លីជាដើម
ដាក់ពន្ធនាគារ ដែលនេះបង្ហាញឲ្យកាន់តែច្បាស់ថា រាជរដ្ឋាភិបាលមិនបានលើកទឹកចិត្តដល់យុវជននោះទេ
បែរទៅជាបំបាក់ស្មារតីយុវជនក្នុងការចូលរួមសកម្មភាពសង្គមទៅវិញ ហើយប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយ
រាជរដ្ឋាភិបាលគួរតែចាត់វិធានអប់រំណែនាំ ដើម្បីកែប្រែជាជាងចាប់ដាក់គុក ។
គួរបញ្ជាក់ថា
គណបក្សសង្រ្គោះជាតិមានគោលនយោបាយច្បាស់លាស់ស្ដីពីការអប់រំ និងការវិនិយោគលើវិស័យអប់រំ
រួមជាមួយមធ្យោបាយនានា ដើម្បីធានាគុណភាពអប់រំនៅកម្ពុជា និងជំរុញលើកទឹកចិត្តចំពោះយុវជនសកម្ម
ដើម្បីចូលរួមក្នុងសង្គមប្រកបដោយសុភវិនិច្ឆ័យ និងក្លាយខ្លួនជាអ្នកបន្ដវេនដ៏មានសក្ដានុពលក្នុងការដឹកនាំប្រទេសជាតិ
៕
No comments:
Post a Comment
yes