ដោយ៖សស៊ីណា
របត់នយោបាយរបស់ប្រទេសសេរីនិយម
កំពុងតែមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ និងបានផ្ដល់ ឱកាស សម្រាប់មេដឹកនាំគណបក្សប្រឆាំង
ដើម្បីឈានទៅរកការផ្លាស់ប្ដូរសមាសភាព ថ្នាក់ដឹក នាំរដ្ឋពិតប្រាកដនៅក្នុងសង្គម ។ ជាក់ស្ដែងគណបក្សសេរីនិយម ដែលជាគណបក្សប្រឆាំងធំមួយនៅកាណាដា
ដឹកនាំដោយលោក Justin Trudeau បានក្លាយជានាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតនៅក្នុងប្រទេសរបស់ខ្លួន។
ក្រោយទទួលបានលទ្ធផលជោគជ័យ
លោក Justin Trudeau បានថ្លែងសារនយោបាយច្បាស់ៗថា
នេះជាពេលវេលានៃការផ្លាស់ប្ដូរ ហើយលោកឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកាណាដា
ដែលបានបោះឆ្នោតគាំទ្ររូបលោក ឲ្យក្លាយជានាយករដ្ឋមន្រ្ដីកាណាដាផងដែរ។
ស្របពេលដែលលោក
Justin Trudeau ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្ដីថ្មីរបស់កាណាដា អតីតនាយករដ្ឋមន្រ្ដីនិងជាគណបក្សដៃគូរប្រកួតប្រជែង
លោក Stephen Harper បានអបអរសាទរចំពោះជោគជ័យ
និងគោរពការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកាណាដាដែលបានបោះឆ្នោតជូនគណបក្សប្រឆាំងដែលដឹកនាំដោយលោក
Justin Trudeau។
ទាក់ទិននឹងការឈ្នះឆ្នោតរបស់គណបក្សប្រឆាំងនៅកាណាដានេះ
គឺជាសញ្ញាណថ្មីនៃរបត់នយោបាយ សម្រាប់ចលនារបស់គណបក្សប្រឆាំង និងជាគំរូសម្រាប់គណបក្សប្រឆាំងនានានៅលើពិភពលោក
សម្រាប់ការផ្លាស់ប្ដូរ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
បើសិនជាយើងក្រលេកមើលទិដ្ឋភាពទូទៅ
និងសកម្មភាពនានានៃការតស៊ូប្រយុទ្ធប្រឆាំងទាមទារឲ្យអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ របស់មេដឹកនាំគណបក្សប្រឆាំងអាស៊ីអាគ្នេយ៍
យើងនឹងឃើញពីសំទុះ និងចលនាគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ ជាក់ស្ដែងប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ
ដែលជាគណបក្សប្រឆាំងធំបំផុតនៅមីយ៉ាន់ម៉ាគឺលោកស្រី អ៊ុងសាន ស៊ូជី បានប្រឹងប្រែងឲ្យប្រទេសរបស់ខ្លួនគោរព
និងអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីឈានដល់ការដឹកនាំជាតិសម្រាប់ពេលខាងមុខ។
ជុំវិញករណីនេះដែរ
ចលនាគណបក្សប្រឆាំងនៅប្រទេសកម្ពុជា គណបក្សសង្គ្រោះជាតិដែលមានលោកប្រធាន សម រង្ស៊ី
និងអនុប្រធាន កឹម សុខា ក៏បានធ្វើឲ្យមានសំទុះចលនាយ៉ាងខ្លាំងក្លាដឹកនាំប្រជាពលរដ្ឋខ្មែរតស៊ូ
ដើម្បីការផ្លាស់ប្ដូរនៅក្នុងសង្គមកាលពីឆ្នាំ២០១៣ ហើយចលនានេះនឹងបន្ដរហូតដល់មានការផ្លាស់ប្ដូរមួយពិតប្រាកដតាមរយៈការបោះឆ្នោតបែបប្រជាធិបតេយ្យ
ដូចនៅប្រទេសកាណាដាពេលនេះផងដែរ។
គួរជម្រាបថា
បច្ចុប្បន្នចលនាគណបក្សប្រឆាំងជាច្រើនប្រទេសនៅលើពិភពលោកនេះកំពុងតែមានសំទុះយ៉ាងខ្លាំងក្លា
និងទទួលបានជោគជ័យជាបន្ដបន្ទាប់ ដើម្បីចូលខ្លួនជាប្រមុខដឹកនាំរដ្ឋ ដែលជំរុញឲ្យមានការផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំរដ្ឋ
ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរី ៕
No comments:
Post a Comment
yes