សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 30, 2015

សាលាឧទ្ធរណ៍ សម្រេចបដិសេធបណ្តឹងរបស់មេធាវី លោក ហុង សុខហួរ ដែលប្តឹង​ប្រឆាំងសាលក្រមរបៀប របស់សាលាដំបូងរាជធានីភ្នំពេញ


ដោយ៖សត្យា ភារក្ស

សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃ ចន្ទ ទី៣០ ខែវិច្ឆិកានេះ សម្រេចបដិសេធ ចោលបណ្ដឹងឧទ្ធរណ៍ របស់មេធាវីការពារក្ដី សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពាក់ព័ន្ធ​នឹង​សាលក្រមរបៀប របស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្រូវឲ្យ លោក ហុង សុខហួរ ផ្តល់​កុំ​ព្យូទ័រដែលប្រើប្រាស់ក្នុងការស្រាវជ្រាវ សន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម កាលពីជិត១០​ឆ្នាំ​មុន ដល់តុលាការ រួមនិងតម្រូវឲ្យមេធាវីការពារក្ដី ផ្ដល់ភស្តុតាងដល់តុលាការមុនសវនាការ ។

ការសម្រេចបដិសេធចោលបណ្ដឹងរបស់មេធាវីការពារក្ដី លោក ហុង សុខហួរ ពីសំណាក់សាលា​ឧទ្ធរណ៍ដូចនេះ ត្រូវបានមេធាវីការពារក្ដី រួមនិងមន្រ្តីអង្គការសង្គមស៊ីវិល សម្ដែងនូវការ​សោក​ស្ដាយ ដោយចាត់ទុកថា ការសម្រេចនោះ គឺជារឿងអយុត្តិធម៌ ខុសនីតិវិធីច្បាប់ រួមនិងប៉ះ​ពាល់​ធ្ងន់​ធ្ងរទៅដល់សិទ្ធិជនជាប់ចោទ រួមនិងសិទ្ធិរបស់មេធាវីការពារក្ដីជនជាប់ចោទផងដែរ ។


មេធាវីការពារក្ដីរបស់លោក ហុង សុខហួរ គឺលោក ជួង ជុងី មានប្រសាសន៍ក្រោយការ​សម្រេច​របស់​សាលាឧទ្ធរណ៍ថា សាលាឧទ្ធរណ៍បានសម្រេចបដិសេធចោល បណ្ដឹងឧទ្ធរណ៍របស់លោក ទៅលើសាលក្រៀមរបៀប តុលាការក្រុងភ្នំពេញ ប៉ុន្តែមិនបានបញ្ជាក់ថា តើសាលក្រមរបៀប​របស់សាលាដំបូងរាជធានីភ្នំពេញនោះ ត្រឹមត្រូវ ឬយ៉ាងណានោះទេ ដែលលោកចាត់ទុកថានេះ គឺហាក់ដូចជាចាក់ខ្សែកណ្ដាល ។

លោកបន្តថា ជាគោលការណ៍ច្បាប់ ភាគីមានសិទ្ធិប្ដឹងឧទ្ធរណ៍ ចំពោះការសម្រេចរបស់តុលាការ ដែលប៉ះពាល់សិទ្ធិរបស់ភាគីផ្ទាល់ ប៉ុន្តែនេះ សាលាឧទ្ធរណ៏ បានសម្រេចបដិសេធចោល​បណ្ដឹង​ឧទ្ធរណ៍ របស់មេធាវីជនជាប់ចោទ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ដែលហាក់​ដូច​ជាបដិសេធសិទ្ធិរបស់ជនជាប់ចោទ ដែលព្យាយាមការពារខ្លួនទៅតាមនីតិវិធីច្បាប់ ។

លោកបន្ថែមទៀតថា សាលាឧទ្ធរណ៍ សម្រេចការពារសាលក្រមរបៀប​របស់សាលាដំបូង​រាជ​ធានី​ភ្នំពេញ ទាំងមិនសមហេតុផលទាល់តែសោះ ព្រោះ ការតម្រូវឲ្យ លោក ហុង សុខហួរ ប្រ​គល់​កុំព្យូទ័រ ដែលបានប្រើប្រាស់ក្នុងការស្រាវជ្រាវពីសន្ធិសញ្ញាព្រំដែន កម្ពុជា វៀតណាម នោះ គឺមិនអាចទៅរួច ព្រោះខណពេលនេះ លោកកំពុងជាប់ក្នុងមន្ទីរឃុំឃាំង ហើយកុំព្យូទ័រនោះ បាន​ប្រើប្រាស់តាំងពីជាង១០ឆ្នាំមកម្ល៉េះ តើធ្វើម្ដេចអាចប្រគល់ជូនតុលាការបាន ? ម្យ៉ាងវិញទៀត សាលក្រមរបៀបដ៏ដែលនេះ បានតម្រូវឲ្យរូបលោកជាមេធាវី ត្រូវប្រគល់ភស្តុតាងទៅតុលាការ មុនសវនាការ ដែលរូបលោកយល់ថា ការធ្វើបែបនេះ នឹងប៉ះពាល់ដល់ប្រសិទ្ធិភាពភស្តុតាងរបស់​លោក ក្នុងការការពារកូនក្ដី ។

ដូចនេះ រូបលោកស្នើសុំធ្វើការបង្ហាញភស្តុតាងនៅពេលសាវនាការតែម្ដង ដែលនេះ រូបលោក​មាន​សិទ្ធិស្នើសុំ ទៅតាមនីតិវិធីច្បាប់ ដើម្បីការពារផលប្រយជន៍របស់កូនក្ដី ប៉ុន្តែអ្វីៗត្រូវបាន​បដិ​សេធ​នៅពេលនេះ ។ ទោះជាយ៉ាងនេះក្ដី លោកមេធាវី ជួង ជុងី បញ្ជាក់ថា រូបលោកនឹង​ធ្វើ​ការ​ពិ​ភាក្សាជាមួយកូនក្ដីរបស់លោក គឺលោក ហុង សុខ ហួរផ្ទាល់ ថាត្រូវធ្វើយ៉ាងណាជាបន្តទៀត​ចំពោះ​ករណីនេះ ហើយលោកថា ក្នុងករណីដែលកូនក្ដីលោក មិនសុខចិត្តចំពោះករណីនេះ រូប​លោក​នឹងរៀបចំបណ្ដឹងសារទុក្ខក្នុងករណីដ៏ដែលនេះ ទៅតុលាការកំពូលជាបន្តទៀត ហើយរូប​លោកផ្ទាល់ជាមេធាវី ក៏ចង់ដឹងដែរថា តុលាការកំពូល ដែលជាតុលាការចុងក្រោយនោះ នឹង​សម្រេច​យ៉ាងណាចំពោះករណីដដែលនេះ ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានចូលតាមដានផ្ទាល់នៅសាលាឧទ្ធរណ៍ បានសម្ដែងការសោកស្ដាយ ចំពោះការសម្រេច​របស់សាលាឧទ្ធរណ៍ ដោយលោកចាត់ទុកថា បានប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិជនជាប់ចោទ។

លោកចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺជាករណីនយោបាយច្រើនជាង ហើយ​ហាក់ដូចជាការរុញទៅ រុញមក រវាងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដែលប្រៀប​ដូច​ជាល្បែងនយោបាយមួយប៉ុណ្ណោះ។

គួរជំរាបថា សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហូរ ត្រូវបានចាប់ខ្លួន​នៅថ្ងៃ​ទី១៨ ខែសីហា ឆ្នាំ២០១៥ គឺប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញ​បញ្ជា​ឱ្យចាប់ខ្លួន និងចោទលោកថា ជាជនក្បត់ជាតិ ដោយគ្រាន់តែលោកបានធ្វើការបកស្រាយ ទៅ​លើ​សិទ្ធិសញ្ញាព្រំដែនកម្ពុជា យួន ឆ្នាំ១៩៧៩ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែល​លោក ហេង សំរិន ជាប្រមុខរដ្ឋនោះ ។


ទាក់ទិនសំនុំរឿងរបស់លោក ហុង សុខហួរ នេះដែរ លោកប្រធាន សម រង្ស៊ី ប្រធានគណ​បក្ស​សង្រ្គោះជាតិ ក៏ត្រូវបានសាលាដំបូងចេញដីកាឱ្យចូលខ្លួនមកបំភ្លឺករណីនេះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២​០​១៥ ខាងមុខនេះផងដែរ ហើយដែលករណីនេះ ត្រូវបានសាធារណៈមតិ ចាត់ទុកថា​ជារឿង​នយោបាយ ដែលមានគោលដៅ បំបាក់ស្មារតីបក្សប្រឆាំងនៅកម្ពុជា ពីសំណាក់បក្សកាន់​អំ​ណាច សព្វថ្ងៃនេះប៉ុណ្ណោះ ៕

No comments:

Post a Comment

yes