ដោយ៖វីរជន
អ្ននយោបាយដែលឆ្លាត
គឺជាអ្នកនយោបាយ សង្គ្រោះ បម្រើ ការពារ និងគិតពីផលប្រយោជន៏របស់ជាតិ ព្រមទាំងប្រជាពលរដ្ឋម្ចាស់អំណាចជាធំ
មិនមែនគិតតែពីអំណាចបុគ្គលរបស់ខ្លួន ហើយបង្កើតអោយមានអស្ថេរភាពនយោបាយ
និងបញ្ហាសង្គមមិនអំណោយផលនោះឡើយ ។
យ៉ាងណាម៉ិញ
សម្រាប់ស្ថានការណ៏នយោបាយនៅកម្ពុជាមួយរយៈពេលចុងក្រោយនេះ ក្រោយ ពីការរាំងខ្ទប់លោកប្រធាន សម រង្សី ដោយតុលាការ ការរងឥទ្ធិពលនយោបាយ ដែលបានកាយគាស់រឿងបណ្តឹង
ដែលបានផុតរលត់ដោយព្រះរាជទានលើកលែងទោសទៅហើយ ត្រូវគេគិតថាជាបំណងធ្វើអោយលោកប្រធាន
សម រង្ស៊ី នឹងមិនហ៊ានចូលស្រុក ជាអ្នកដឹកនាំកំសាក និងធ្វើអោយបក្សសង្គ្រោះជាតិ
មានការចុះខ្សោយ ឬបែកបាក់ ។ល។ និង ។ល។ ដែលគណបក្សប្រជាជន ចង់បានក្នុងគូបដិបក្សនយោបាយ
ប៉ុន្តែធាតុពិត វាមិនតាមតែបំណងប្រាថ្នា
ដែលលោក ហ៊ុន សែន ចង់បានដូចយុទ្ធសាស្រ្តចេ្រះស៊ីដែក ឬ Defeated បំបែកនិងកំទិច Funcipec និងខ្មែរក្រហម
ក្នុងពាក់កណ្តាលទស្សវត្តឆ្នាំ៩០នោះទេ ។
ផ្ទុយទៅវិញលោក
ហ៊ុន សែន ត្រូវរងការរិះគន់ពីទង្វើរនៃការដឹកនាំបែបហឹង្សា ដោយសហគមន៏ជាតិ ពិសេសសំពាធពីអន្តរជាតិ
មិនថាអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក អូស្រ្តាលី និងសហគមន៏អឺរ៉ុប
ដែលបានប្រតិកម្ម ចំពោះករណី លោកប្រធាន សម រង្សី និងមន្រ្តី សកម្មជនបក្សសង្រ្គោះជាតិ
ដោយអោយរដ្ឋាភិបាលលោក ហ៊ុន សែន គិតគូរពីការទម្លាក់ចោល ចំណាត់ការនេះ ដើម្បីអោយស្ថានការណ៏ត្រឡប់ទៅរកប្រក្រតីភាពដើមឡើងវិញ
។
ចំណោទបញ្ហានេះ
តើលោក ហ៊ុន សែន គិតដើរទៅមុខទៀតដោយរបៀបណា ពីស្នៀតយុទ្ធ សាស្រ្តនយោបាយរបស់ខ្លួន ជាមួយសហគមន៏អន្តរជាតិ
ថាតើលោក ហ៊ុន សែន អាចរឹងរួសឬផ្គើនជាមួយប្រទេសម្ចាស់ជំនួយ និង
ប្រទេសដែលអោយកម្ពុជារួចពន្ធនាំទំនិញចូល ។ បើលោក ហ៊ុន សែន ថាមិនខ្វល់នឹងជំនួយ អោយឬមិនអោយ
ដែលដាក់លក្ខខ័ណ្ឌ ដោយមានមហាមិត្តចិនជួយ ព្រោះបានឈ្នះគូប្រកួតនយោបាយ លោកប្រធាន
សម រង្សី រីឯការដកលោក អនុប្រធាន កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ក៏បានសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន
ក្រោយពីការគំរាមដក៣ដងរួចមក និង ការចាប់មន្រ្តី សកម្មជនបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារជាចំណាប់ខ្មាំងនយោបាយ ក៏បានហើយដែរ
ទោះតាមរូបភាពបាតុកម្មបែបហឹង្សា តាមកងកម្លាំងប្រដាប់អាវុធក្តី
និងតាមប្រពន្ធ័តុលាការជាដើម ដើម្បីបង្ហាញឥទ្ធិពលជាព្រះឥន្ធ នៃជំរុំទេវតា ក្នុងការគៀបសង្កត់
ទៅលើជំរុំព្រះអាទិត្យ អោយចុះយ៉ម និងធ្វើតាមខ្លួនចង់បាននោះ តើការធ្វើទង្វើរ
ហឹង្សានយោបាយយកប្រៀបរបស់លោក ហ៊ុន សែន នឹងចេះតែជោគជ័យជារៀងរហូតដែរទេ? ដែលនេះជាបញ្ហានៃសំនួរ
។
សូមរំលឹកថា
រាស្រ្តខ្មែរចាញ់ ព្រោះគេមិនអោយអំណាច សហគមន៏អន្តរជាតិ បានសន្យាផ្តល់ជំនួយដោយអនុឡោម
តាមកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១
ដែលកម្ពុជា ត្រូវបានធានា និងការការពារ ផ្នែកសិទិ្ធសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
ជាមួយការចូលរួម ការកសាងអភិវឌ្ឍន៏កម្ពុជា នៃប្រទេសចុះហត្ថលេខី ដោយមានការ ដាក់តាមដាន
និងឃ្លាំមើលដោយតំណាងពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា
ផងដែរ ។ ដូច្នេះហើយចាប់តាំងពីក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ កម្ពុជាបានទទួលជំនួយ
ពីប្រទេសចុះហត្ថលេខី រាប់រយលានដុល្លាក្នុងមួយឆ្នាំៗ សំរាប់ការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័
និងកំណែទម្រង់អភិបាលកិច្ចល្អជាដើម ។
បែរត្រឡប់មកវិញ
នៅរដូវត្រីមាសទី៤ ឆ្នាំ២០១៤ ស្ថានការណ៏នយោបាយ ដែលបានប្តូរទិសពីវប្បធម៌សន្ទនា
ទៅជាវប្បធម៌សងសឹក តាមរយះការប្រើអំណាចហួសព្រំដែន រំលោភទៅលើអំណាចនីតិបញ្ញត្តិ
និងនីតិតុលាការ ដោយអំណាចប្រមូលផ្តុំទៅលើព្រះឥន្ធ មកពីជំរុំទេវតា រុកគួនទៅគណបក្សសង្គ្រោះជាតិ
ដែលជាការធ្វើអោយផុយស្រួយ ស្រុតចុះដល់គោលការណ៏ប្រជាធិបតេយ្យ
ងាយនឹងធ្លាក់ចូលទៅរកការដឹកនាំរដ្ឋដោយឯកបក្ស ។
ការព្រួយបារម្ភនេះ
វាកើតមានតាំងពីក្រោយព្រឹត្តិការណ៏រដ្ឋប្រហារបង្ហូរឈាមគ្នា រវាងកងកម្លាំងប្រដាប់អាវុធ
ដែលស្មោះស្ម័គ្រលោក ហ៊ុន សែន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ កាលពី១៨ឆ្នាំមុន
ដែលអំណាចលោក ហ៊ុន សែន ចេះតែបង្កបញ្ហាដោយរបៀបនេះ ទៅលើគូប្រឆាំងនយោបាយ អ្នកតស៊ូមតិ
អ្នកប្រជាធិបតេយ្យ និងគណបក្សប្រឆាំង តាមរយះការគំរាមកំហែងដោយ សម្លាប់
និងចាប់ដាក់គុកជាដើម ។
ដើមចមជាហេតុបច្ច័យនេះហើយ
ដែលធ្វើអោយកំដៅនយោបាយ ជម្លោះរវាងលោក ហ៊ុន សែន និង លោកប្រធាន សម រង្សី ចុងក្រោយនេះ ត្រូវធ្លាក់ដល់ដៃនៃសហគមន៏អន្តរជាតិ
ដែលជាប្រទេស ម្ចាស់ផ្តល់ជំនួយអោយកម្ពុជា មានការបារម្ភយ៉ាងខ្លាំង ពីគ្រោះថ្នាក់របស់កម្ពុជា
នូវរាល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទើបពួកគេចេញមុខ មកធ្វើការព្រមាន
ដាក់សំពាធ និងថ្កោលទោសរដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន សែន អោយងាកទៅរកតុចរចាដោយសន្តិវិធីតាមរយះវប្បធម៌សន្ទនា
ដែលគណបក្សទាំងពីរ មាន អសនះក្នុងរដ្ឋសភាបានព្រមព្រៀងចាប់ដៃគ្នាជជែកកន្លងមក ដើម្បីប៉ះពៅស្ថានការណ៏
ដែលឡើងកំដៅនេះ អោយវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញ ។
មួយវិញទៀត
បើសិនជំនួយត្រូវបានកាត់ផ្តាច់មែន គឺលោក ហ៊ុន សែន ឈ្នះ រាស្រ្តជាអ្នកចាញ់ រដ្ឋាភិបាលលោក
ហ៊ុន សែន អាចមិនដើរទៅមុខ ព្រោះកង្វះថវិកាជាតិ ដែលមួយឆ្នាំៗត្រូវការប្រាក់បំពេញ
ជាងមួយពានលានដុល្លារអាមេរិក ហើយសង្គមអាចចលាចល ដោយប្រការផ្សេងៗ អ្នកវិនិយោគទុន ផ្អាកសកម្មភាពរកស៊ី
ឬមិនចូលមកដាក់ទុនធ្វើជំនួញ ជាដើម ។
តើលោក
ហ៊ុន សែន អាចពឹងពាក់លើចិនដោយសង្ឃឹមថា ចិនជួយកំដរដៃខ្លួន អោយដឹកនាំបន្តទៅមុខក្នុងភាពអាម៉ាស់
នៅលើឆាកអន្តរជាតិ ជាមួយកម្ពុជាបានទេ បើចិន ត្រូវការទីផ្សារអឺរ៉ុប អាមេរិក
និងអូស្រ្តាលី សំរាប់សេដ្ឋកិច្ចរបស់ខ្លួនដែរនោះ ។
កាលណា
បើឈានទៅដល់ការផ្តាច់ជំនួយហើយ វាក៏អាចឈានបន្តទៅរកការកាត់ផ្តាច់កូតា រួចពន្ធទំនិញចូលសហគមន៏អឺរ៉ុបផងដែរ
ហើយក៏នឹងរីករាលដាលដល់សហរដ្ឋអាមេរិក ក៏នឹងអាចបញ្ឈប់កូតា នាំចូលសម្លៀកបំពាក់ពីកម្ពុជាក៏ថាបាន
។ តើហេតុអីទៅ បើធ្វើយ៉ានេះ វាមិនស្លាប់ខ្មែរមួយនគរហើយទេ
ទៅនឹងផលប៉ះពាល់ជីវភាព រស់នៅផ្ទាល់ ឬជាប្រយោលតាមកម្មវិធីអភិវឌ្ឍន៏ជនបទរបស់រដ្ឋ
ឬអង្គការនានា តាមការផ្តាច់ជំនួយនោះ ។
គួរជំរាបថា
ព្រះរាជាណាចក្រកម្ពុជាថ្មី ដ៏អភព្ធ័ក្រីក្រនៅអាស៊ីមួយនេះ ដែលបានរើសបំរ៉ាស់ ចេញពីនឹមត្រួតត្រា
អាណានិគមន៏កុម្មុយនីស៏ ជាច្រើនទស្សវត្ត ដោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស
ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្រោមការបោះឆ្នោត រៀបចំឡើងដោយ UNTAC នៅឆ្នាំ១៩៩៣ ដែលជ្រើសរើសយករបបប្រជាធិបតេយ្យ សេរីពហុបក្ស
ផ្តល់សិទ្ធិ និងសេរីភាពអោយពលរដ្ឋ ជាម្ចាស់អំណាច ជ្រើសរើសអ្នកដឹកនាំអោយបំរើរាស្រ្ត
។
សហគមន៏អន្តរជាតិ
ប្រទេសហត្ថលេខី ម្ចាស់ជំនួយ នឹងមិនឈរអោបដៃមើល ដោយគ្មានវិធានការណ៏ណា
ហើយចេះតែទុកអោយលោក ហ៊ុន សែន ដឹកនាំរបៀបជិះសេះលេង ដៃតាមតែអំពើចិត្ត ជិះជាន់នោះទេ ព្រោះកម្ពុជា
បានទទួលជំនួយកសាងសង្គមជាតិរបស់ខ្លួន ពីសហគមន៏អន្តរជាតិ តាំងពីឆ្នាំ១៩៩៣ មកដល់សព្វថ្ងៃ
មានទំហំទឹកប្រាក់រាប់ម៉ឺន លានដុល្លារហើយ ដូច្នេះប្រទេសម្ចាស់ជំនួយ គេមិនអោយថវិកា
សេរីភាពរបស់ពួកគេ បាត់អាសារបង់ជាមួយការផុតរលត់ប្រជាធិបតេយ្យសូន្យឈឹងពីកម្ពុជានោះទេ
ព្រោះវាជាជំនួយប្រកបដោយគុណធម៌ បែបមនុស្សធម៌ សំរាប់ជីវិតខ្មែរក្រីក្រ ។
សរុបមកវិញ
គឺអ្វីៗនិងវិលទៅរកស្ថានការណ៏ដើម ដោយឈរលើគោលការណ៏វប្បធម៌សន្ទនា វាអាស្រ័យលើលោក ហ៊ុន
សែន ប្រសិនបើរូបលោកមានឆន្ទះនយោបាយ គិតប្រយោជន៏ជាតិ និងពលរដ្ឋ ពិតប្រាកដ មាននយោបាយឈ្នះៗ
រាស្រ្តមិនស្លាប់ ហើយគណបក្សប្រឆាំង មិនរងគ្រោះតាមល្បែងប្រជាធិបតេយ្យ
ដែលជាផ្លូវកណ្តាលមិនបាក់មុខមាត់ ឬអាម៉ាស់អ្វីឡើយ បើអ្នកដឹកនាំត្រូវគ្នា ឯកភាពកសាងជាតិ តាមមាគ៌ា
ចាប់យកបញ្ញាដោះបញ្ហា ក្នុងការនាំផ្លូវសេរីភាព
ដែលជាផ្លូវដ៏ល្អបំផុតឆ្ពោះទៅរកការរីកចំរើន ដោយងាកទៅរកកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ឡើងវិញ ហើយបង្ហាញស្មារតីជាតិ នោះការដោះស្រាយ ពិតជាអាចបញ្ចប់បានទាំងហេតុផលនយោបាយ
ហេតុផលតុលាការក្តី ព្រោះបញ្ហា វាកើតចេញពីទំនាស់នយោបាយ ទើបនាំទៅដល់អង្គតុលាការ
តាមរយះបណ្តឹងអាជ្ញា ដែលរដ្ឋ ឬបុគ្គលប្តឹងប្តល់ អាចបញ្ចប់ទៅបានតាមនីតិវិធី
ដោយភាពស្មោះត្រង់នឹងគ្នា ដែលលោកប្រធាន សម រង្សី លោកអនុប្រធាន កឹម សុខា នឹងត្រឡប់ទៅរដ្ឋសភាវិញ
ព្រោះការដកហូតតំណែង និងអភ័យឯកសិទ្ធិ ចំពោះរូបលោកទាំងពីរ វាជារឿងខុសនីតិវិធី ដែលរំលោភច្បាប់រដ្ឋធម្មនុញ
ហើយមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលជាប់ពន្ធនាគារ ក៏នឹងត្រូវដោះលែង តាមផ្លូវលើកលែងទោសពីព្រះមហាក្សត្រដោយគ្មានការំលោភអំណាចនីតិតុលាការឡើយ
តាមរយះការសម្បទានស្នើសុំពីលោក ហ៊ុន សែន ។
ដូច្នេះ
ទិដ្ឋភាពខាងលើនេះ នឹងឆ្លុះបញ្ចាំងអោយពលរដ្ឋខ្មែរមើលឃើញ ហើយលែងបង្ហូរទឹកភ្នែកពីការរងទុក្ខបុកម្នេញ
នៃវិបត្តិសង្គម ហើយពលរដ្ឋដែលជាម្ចាស់អំណាច នឹងចាំដាក់ពិន្ទុះអោយតាមរយះសន្លឹកឆ្នោត
ចំណែកឯប្រទេសផ្តល់ជំនួយក៏សប្បាយចិត្ត នឹងបន្តការជួយជំនួយតទៅមុខទៀត
នៅពេលដែលកម្ពុជាមាននីតិរដ្ឋពិតប្រាកដ ទាំងនេះ គឺជាអ្វីដែលគណបក្សសង្គ្រោះជាតិ
កំពុងបំពេញ និងតស៊ូពុះពាររហូតមក ដើម្បីស្ថេរភាពសង្គម និងនយោបាយនៅកម្ពុជា
សម្រាប់ជាប្រយោជន៏ជាតិ និងពលរដ្ឋ គោរពតាមស្មារតី និងឆន្ទៈរបស់ពលរដ្ឋជាម្ចាស់អំណាច
ដោយការធ្វើដំណើរទៅរកការបោះឆ្នោត ដើម្បីផ្លាស់ប្តូរ ដោយសន្តិវិធី និងអហិង្សា ៕
No comments:
Post a Comment
yes