ដោយៈ សស៊ីណា
វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ខ្លួនឯង
និងប្រទេសជាតិ ហើយក៏គ្មាន ការ អភិវឌ្ឍន៍ប្រទេសណាមួយ ដែលមិនមានការចូលរួមចំណែក ពីការអប់រំដែរ
ហេតុនេះហើយ ទើបរដ្ឋទំនើបៗ និងអ្នកដឹកនាំជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ និង ជំរុញឲ្យប្រជាពលរដ្ឋ
របស់ខ្លួន បង្កើតវប្បធម៌នៃការអានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីបង្កើននូវចំណេះ
ដឹងឲ្យបានទូលំទូលាយ ជាពិសេសបណ្ដុះនូវផ្នត់គំនិតមនុស្សគ្រប់ជំនាន់ ឲ្យចេះស្រលាញ់
ជាតិ និងចូលរួមសកម្មភាពសង្គម ប្រកបដោយឧត្ដមគតិ មនសិការតាមបែបប្រជាធិបតេយ្យ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈទី៧ នៃរដ្ឋសភា អប់រំ យុវជនកីឡា
ធម្មការ កិច្ចការ សាសនា វប្បធម៌ និងទេសចរណ៍ បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសបុកផ្លូវការ
របស់លោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ថា ប្រទេសកម្ពុជាយើង ធ្លាប់ឆ្លងកាត់សម័យអន្ដរកាល
រងនូវការឈឺចាប់ ទុក្ខលំបាក ដោយសារតែការបាត់បង់នូវធនធានមនុស្ស វប្បធម៌ ទំនាមទំលាប់
ប្រពៃណី សាសនា និងប្រព័ន្ធរដ្ឋបាលគ្រប់គ្រងប្រទេសមួយចំនួនធំ ដែលទាំងអស់នេះ បានជះឥទ្ធិពលជាអវិជ្ជមាន
និងជួបប្រទះនូវបញ្ហាស្មុគស្មាញជាច្រើន ដូចដែលយើងទាំងអស់គ្នាបានដឹង បានឃើញ នាពេលបច្ចុប្បន្ននេះ។
ដោយសារប្រទេសកម្ពុជា ជួបប្រទះនូវបញ្ហាធនធានមនុស្សនេះហើយ ទើបលោក
យ៉ែម បុញ្ញឫទ្ធិ បានបន្ដជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយប្រមុខរាជរដ្ឋាភិបាល
បង្កើនការយកចិត្ដទុកដាក់លើវិស័យអប់រំ និងយុវជន ដែលជាអ្នកបន្ដវេនបន្ថែមទៀតគ្រប់ជំនាញ
ទោះបីជាកន្លងមក ក្រសួងអប់រំ ទទួលបាននូវភាពវិជ្ជមានពីការធ្វើកំណែទម្រង់នេះហើយក្ដី
ប៉ុន្ដែការអប់រំ និងការបណ្ដុះទំលាប់នៃការអាន ដោយឈរលើគោលជំហរនៃភាពត្រឹមត្រូវ និងប្រាកដនិយម
ប្រកដដោយសីលធម៌ នៅតែជាចំណុចអាទិភាព ដើម្បីជំរុញឲ្យយុវជន និងប្រជាពលរដ្ឋ ចូលរួមការអភិវឌ្ឃន៍ជាតិ
តាមបែបលទ្ធិប្រជាធិបតេយ្យ និងបញ្ជ្រាបនូវចំណេះដឹងសាកលដល់ពួកគេ ។
គួរជម្រាបផងដែរថា ចំណេះដឹង និងជំនាញនេះហើយ ជាការបញ្ជាក់ពីលទ្ធផលផ្លែផ្កានៃវប្បធម៌អានសៀវភៅគ្រប់ទីកន្លែង
ទៅតាមពេលវេលា និងការរៀបចំឲ្យមានព្រឹត្ដិការណ៍ជាតិធំៗស្ដីពីការអប់រំ ដូចជា កម្មវិធីពិពណ៌សៀវភៅគ្រប់ជំនាញ
គ្រប់វិស័យ កាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៥ នៅបណ្ណាល័យជាតិ ក្រោមប្រធានបទ “អានខ្ញុំថ្ងៃនេះ
ដើម្បីជោគជ័យថ្ងៃស្អែក” គឺជាគំរូល្អមួយ ក្នុងការបំផុសស្មារតីដល់យុវជន សិស្ស និស្សិត
និងប្រជាពលរដ្ឋខ្មែរ ឲ្យចាប់យកការអានសៀវភៅ ព្រោះវប្បធម៌នៃការអាន ជាមាគ៌ាដឹកនាំជីវិតមនុស្ស
ឲ្យរីកចម្រើនរុងរឿង ប្រកបដោយភាពថ្លៃថ្នូរក្នុងគ្រួសារ និងប្រទេសជាតិ ហើយជាពិសេសការអប់រំបែបនេះ
ក៏បានផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍន៍ បែបលទ្ធិប្រជាធិបតេយ្យផងដែរ ៕
No comments:
Post a Comment
yes