ដោយ៖ យ៉ន លីណេត
ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចាប់ផ្តើមកែប្រែផ្នត់គំនិតរបស់ខ្លួនដោយផ្លាស់ប្តូរការគិត
ឲ្យទៅជាវិជ្ជមាន រៀនគិតពីការអភិវឌ្ឍន៍ ការរីកចម្រើនសម្រាប់ទាំងអស់គ្នា និងសម្រាប់សង្គមជាតិទាំងមូលផងដែរ
។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក
ផ្ទាល់របស់លោកថា ពីសម័យកាលមួយ ទៅសម័យកាលមួយ ការវិវត្តន៍នៃផ្នត់គំនិត តែងតែមានទៅតាមកាលៈទេសៈ
តាមប្រព័ន្ធផ្សព្វផ្សាយ តាមគ្រួសារ សាលា សាសនា និងសង្គម ។
លោកបន្តថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ន មានការរីកចម្រើនជឿនលឿន
យ៉ាងឆាប់រហ័ស ជាពិសេស ទៅលើការផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញសង្គម ហើយអ្នកប្រើប្រាស់បណ្តាញសង្គម
មានគោលបំណងចង់លើកពីបញ្ហាដែលគេជួបប្រទះ ពីចំណាប់អារម្មណ៍ទៅលើបញ្ហាអ្វីមួយ ដែលពួកគេចង់ឲ្យក្រុមដឹកនាំរកដំណោះស្រាយជូនពួកគេ
។
ជាងនេះទៅទៀត វាជាមធ្យោបាយ ទំនាក់ទំនងផ្លាស់ប្តូរទស្សនៈ ជំនឿ
យោបល់ ដែលជាលំហូរព័ត៌មានមួយ ដ៏មានប្រសិទ្ធភាពផងដែរ ។ លោកបានបន្តទៀតថា ប្រជាពលរដ្ឋដែលមានអាយុតិចជាង៣០ឆ្នាំ
មានចំនួនប្រមាណជា៦៥% នៃចំនួនប្រជាពលរដ្ឋខ្មែរសរុប ហើយវាជាយុគសម័យមួយ ដែលយុវជនមានជំនាញ
មានមធ្យោបាយ ក្នុងការប្រើប្រាស់បណ្តាញសង្គម ដែលគេទទួលស្គាល់ថា ឥទ្ធិពលនៃបណ្តាញសង្គម
នឹងអាចនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមាន ដល់ប្រជាជាតិយើងទាំងមូល ។
លោក យ៉ែម បុញ្ញឬទ្ធិ បានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាមូលដ្ឋានគ្រឹះ
ដោយចាប់ផ្តើមពីការផ្លាស់ប្តូរព័ត៌មាន ចាប់ផ្តើមយកចិត្តទុកដាក់ពីបញ្ហាសង្គម សេដ្ឋកិច្ច
និងនយោបាយ ។
ដូចនេះ ការទទួលបានព័ត៌មានឆាប់រហ័ស ព័ត៌មានពិត និងព័ត៌មានគ្រប់ជ្រុងជ្រោយ
នោះនឹង
ផ្តល់ឱកាសដល់ប្រជាពលរដ្ឋ អាចធ្វើសេចក្តីសម្រេចចិត្ត ប្រកបដោយ
វិចារណញ្ញាណ និង
ការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ ហើយប្រព័ន្ធផ្សព្វផ្សាយមានការទទួលខុសត្រូវ
ក្នុងការចូលរួមចំណែកអប់រំ និងរៀបចំសង្គមឲ្យបានល្អប្រសើរ តាមរយៈអ្នកផ្តល់ព័ត៌មានដែលមានសីលធម៌
និងមានវិជ្ជាជីវៈពិតប្រាកដ ទាំងអស់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន ចង់ឲ្យមានការផ្លាស់ប្ដូរមួយដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន
រុងរឿង ។
គួរជម្រាបផងដែរថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ តែងតែចុះជួប
ពង្រឹង និងផ្សព្វផ្សាយព័ត៌មានពិត នៅតាមបណ្ដាខេត្តនានា ដើម្បីបណ្ដុះគំនិត អប់រំ អនុវត្តន៍
ឲ្យមានប្រសិទ្ធភាព ដល់យុវជន ឲ្យមានចំណេះដឹង ពីព្រោះគុណតម្លៃនៃចំណេះដឹង នាំមកនូវការចេះគិតពិចារណា
ដឹងខុសត្រូវ ព្រមទាំងនាំមកនូវការសម្រេចចិត្ត មួយប្រកបដោយសីលធម៌ និងគុណធម៌ ក្នុងនាមជាពលរដ្ឋថ្លៃថ្នូរ
៕
No comments:
Post a Comment
yes