សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

អាស៊ាន​ដើរ​មក​ដល់​របត់​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​

ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង
ទីប្រជុំកោះParacel និងSpratly ក្នុងសមុទ្រចិនខាងត្បូង


ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​លើក​ឡើង​អំពី​ភូមិសាស្រ្ត​នយោបាយ​នៃ​អាស៊ី

​អាគ្នេយ៍​ត​ទៅ​ទៀត ដោយ​សូម​បន្ត​និយាយ​បក​ស្រាយ​ត្រួសៗពី​ប្រវត្តិ​នៃ​ការ​កសាង​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាស៊ាន​ហាក់​បី​បាន​ដើរ​មក​ដល់​របត់​មួយ​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់។ តើ​មក​ពី​មូលហេតុ​អ្វី?

ដូច​បាន​លើក​ឡើង​រួច​ហើយ​ថា តាំង​ពី​ឆ្នាំ​១៩៩៩​មក បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ចាក​ចេញ​រួច​ពី​ភាព​ប្រេះឆា​និង​បាន​ដើរ​មក​ដល់​ទីដៅ​នៃ​ឯកភាព ដើម្បី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ក្រោម​ដំបូល​តែ​មួយ​នៃ​អង្គការ​តំបន់​អាស៊ាន។


ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាស៊ាន​ហាក់​បី​បាន​ដើរ​មក​ដល់​របត់​មួយ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ ដោយ​ហេតុ​តែ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគ​ស្មាញ​មួយ​
ចំនួន។

ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ មាន​ជាពិសេស​ទំនាស់​នៃ​ការ​ដណ្តើម​គ្នា​ក្តោប​ក្តាប់​ទី​ប្រជុំ​កោះ​Paracel និង​Spratly នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។


Paracel និងSpratly ជា​ប្រភព​នៃ​ភាព​តាន​តឹង​ជាង​គេ​បង្អស់​នៅ​ក្នុង​ភូមិភាគ​អាស៊ី​
អាគ្នេយ៍​សព្វ​ថ្ងៃ​រវាង​បណ្តា​ប្រទេស​អាស៊ាន រវាង​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​ ព្រម​ទាំង​តៃវ៉ាន់​ទៀត​ផង។ មូលហេតុ​មាន​ច្រើន​យ៉ាង។ ទី​មួយ គឺ​សិទ្ធិ​នេសាទ​ត្រី​នៅ​ក្នុងដែន​ទឹក​ជុំ​វិញ​ទី​ប្រជុំ​កោះ​ទាំង​ពីរ។ ទី​ពីរ គឺ​សិទ្ធិ​រុក​រក​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ ជាពិសេស​នៅ​ម្តុំ​ទីប្រជុំ​កោះ​Spratly។ និង​ទី​បី គឺ​ការ​ក្តោបក្តាប់​បាន​នូវ​តំបន់​យុទ្ធសាស្រ្ត​មួយ​សែន​សំខាន់។

យោង​ទៅ​តាម​ក្រុម​អ្នក​ជំនាញ​ការ សម្បត្តិ​ធម្មជាតិ​រួម​មាន​ត្រី ប្រេងកាត​និង​ឧស្ម័ន​ដែល​នៅ​ជុំ​វិញ​Paracel និង​Spratly គិត​ជា​ទឹក​ប្រាក់ អាច​កើន​ទៅ​ដល់​១០០​ម៉ឺន​លាន​ដុល្លារ។
សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ទីតាំង​យុទ្ធសាស្រ្ត​នៃ​ទី​ប្រជុំ​កោះ​ទាំង​ពីរ​ដែល​ឋិត​នៅ​ចំ​
កណ្តាល​ផ្លូវ​ទឹក​របស់​នាវា​ដឹក​ប្រេង​កាត​មក​ពី​ភូមិភាគ​ដើម​បូព៌ា​ឆ្ពោះ​ទៅ​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន ដោយ​ឆ្លង​កាត់​តាម​សមុទ្រ​ឥណ្ឌា មក​សមុទ្រ​ចិន កាត់​តាម​ដៃ​សមុទ្រ​Malacca។
ទី​ប្រជុំ​កោះ​ទាំង​ពីរ ជាពិសេស​Spratly ក៏​អាច​ប្រើ​ប្រាស់​ធ្វើ​ជា​ទីតាំង​សម្រាប់​ឃ្លាំ​មើល​ដំណើរ​និង​នាវា​ចម្បាំង​អាមេរិកាំង​នៅ​ក្នុង​តំបន់​ទៀត​ផង។

Paracel ជា​កម្រង​កោះ​តូចៗ​ជា​ច្រើន នៅ​ចន្លោះ​វៀតណាម​និង​ហ្វីលីពីន ហើយ​ឋិត​នៅ​ប្រហែល​ជា​២០០​គ.ម ពី​កោះ​Hainan​ប្រទេស​ចិន។

មាន​តែ​វៀតណាម ចិន​និង​តៃវ៉ាន់​តែ​ប៉ុណ្ណោះ​ដែល​ដណ្តើម​គ្នា​ចង់​បាន​ទី​ប្រជុំ​កោះ​Paracel។ កង​ទ័ព​ចិន​បាន​ឆ្លៀត​ចូល​កាន់​កាប់​ទីប្រជុំ​កោះ​នេះ​ទាំង​ស្រុង នៅ​ឆ្នាំ​១៩៧៤ នៅ​ពេល​ដែល​កាល​ណោះ របប​វៀតណាម​ខាង​ត្បូង​កំពុង​ត្រដរ​ខ្យល់ ក្រោម​ការ​វាយ​លុក​លុយ​ពី​សំណាក់​វៀតណាម​ខាង​ជើង។
ក្រោយ​ពី​ទីក្រុង​Saïgon បាន​ធ្លាក់​នៅ​ខែ​មេសា​ឆ្នាំ​១៩៧៥ និង​ក្រោយ​ពី​វៀតណាម​ខាង​ជើង​និង​វៀតណាម​ខាង​ត្បូង​បាន​បង្រួប​បង្រួម​គ្នា​ជា​ប្រទេស​តែ​មួយ​វិញ​ហើយ របប​ទីក្រុង​Hanoi បាន​ទាមទារ​ជា​ផ្លូវការ​ឱ្យ​ចិន​ដក​ទ័ព​ចេញ​ពី​Paracel​វិញ។ ប៉ុន្តែ ទីក្រុង​ប៉េកាំង​មិន​ព្រម ហើយ​ថែម​ទាំង​បាន​សាង​សង់​មូលដ្ឋាន​មួយ​សម្រាប់​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​ទី​នោះ​ទៀត​ផង។

ចំណែក​Spratly​វិញ គឺ​ជា​កម្រង​កោះ​តូចៗ​ជា​ច្រើន ដែល​ឋិត​នៅ​ប្រមាណ​១៦០០​
គ.ម ពី​ប្រទេស​ចិន តែ​នៅ​ជិត​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​តៃវ៉ាន់​
ជាង។ មាន​តែ​ចិន និង​វៀតណាម​ទេ​ដែល​ទាមទារ​ចង់​កាន់​កាប់​ទីប្រជុំ​កោះ​Spratly ទាំង​ស្រុង។ ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និង​តៃវ់ាន់​វិញ ចង់​បាន​តែ​កោះ​ណា​ដែល​ឋិត​នៅ​កៀក​ជិត​ប្រទេស​របស់​ពួក​គេ​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ មហិច្ចតា​កាន់​តែ​ធំ​និង​ការ​ស្រេក​ឃ្លាន​ទឹក​ដី​កាន់​តែ​ច្បាស់​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​និង​កំពុង​បណ្តាល​ឱ្យ​ភាព​តានតឹង​កើត​ឡើង​ជា​រឿយៗ នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន និង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា។ ការ​មើល​មុខ​គ្នា​មិន​ចំ កើត​ឡើង​ជាពិសេស​រវាង​ចិន វៀតណាម​និង​ហ្វីលីពីន។

ភាព​តានតឹង​ដោយហេតុតែ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង មាន​លក្ខណៈ​កាន់​តែ​ស្រួច​ស្រាល់​ជា​លំដាប់ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មូលហេតុ គឺ​មក​ពី​វត្តមាន​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន-អាមេរិក និង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា។

តាំង​ពី​ឆ្នាំ​២០០៩​មក អាមេរិក​និង​អាស៊ាន​បាន​បើក​ដៃ​រក​គ្នា តាម​រយៈ​ជំនួប​កំពូល​
អា​ស៊ាន-អាមេរិក​មួយ​ឆ្នាំ​ម្តង​តាំង​ពី​ឆ្នាំ​២០០៩​មក ហើយ​នៅ​ឆ្នាំ​២០១១ អាមេរិក​ក៏​ដូច​
រុស្ស៊ី​ដែរ​បាន​ក្លាយ​ជា​សមាជិក​ផ្លូវការ​នៃ​ជំនួប​កំពូល​អាស៊ី​បូព៌ា។

បញ្ហា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​និង​ចិន ជា​
ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការ​លូក​ដៃ​ចូល​មក​ក្នុង​ភូមិភាគ​អាស៊ី​
អាគ្នេយ៍​និយាយ​ដោយ​ឡែក និង​ចូល​មក​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និយាយ​ជា​ទូ​ទៅ។
មែន​ទែន​ទៅ អាមេរិក​ចង់​ឱ្យ​នាវា​របស់​ខ្លួន​បន្ត​មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​នៅ​ម្តុំ​ទី​ប្រជុំ​កោះ​Paracel និង​Spratly ពីព្រោះ​ច្បាប់​អន្តរជាតិ​បញ្ជាក់​ថា ដែន​ទឹក​និង​ទី​ជម្លោះ​ណា​ដែល​មិន​ទាន់​ទទួល​ការ​ដោះ​ស្រាយ​បាន​ជា​ស្ថាពរ​ទេ​នោះ វា​គឺ​ជា​កម្មសិទ្ធិ​របស់​អន្តរជាតិ​នៅ​ឡើយ។
ទំនាក់​ទំនង​ត្រីកោន​ចិន-អាស៊ាន-អាមេរិក​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក និង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា អាច​នឹង​ធ្វើ​ឱ្យ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​តាន​តឹង​ឡើង​ជា​លំដាប់ ប្រសិន​បើ​វៀតណាម​និង​ហ្វីលីពីន​ដែល​អាង​វត្តមាន​សហរដ្ឋ​អាមេរិក ហ៊ាន​ចេញ​មុខ​តតាំង​នឹង​មហាយក្ស​ចិន​កាន់​តែ​ខ្លាំង។
ផ្ទុយ​ទៅ​វិញ ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នឹង​ស្គាល់​ភាព​ធូរស្រាល​រហូត​ដល់​ចេញ​ជា​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ប្រសិន​បើ​ចិន​ដែល​ខ្លាច​អាមេរិក​លូក​ដៃ​ក្នុង​រឿង​រ៉ាវParacel និង​Spratly បន្ទន់​ឥរិយាបថ ហើយ​សុខ​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ឱ្យ​បាន​លឿន​
រហ័ស។
យ៉ាង​ណា​ក៏​ដោយ ក្នុង​ខណៈ​នេះ ចិន​នៅ​តែ​ជំទាស់​មិន​ឱ្យ​ប្រែក្លាយ​អធិករណ៍​នៅ​
សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ជា​បញ្ហា​អន្តរជាតិ​ទេ បាន​ន័យ​ថា​ទីក្រុង​ប៉េកាំង​នៅ​តែ​ចង់​ដោះ​ស្រាយ​ជម្លោះ​Paracel​និង​Spratly ជា​ឧភតោ​ភាគី គឺ​ថា​ជាមួយ​ភាគី​ជម្លោះ​នីមួយៗ​ដាច់​ពី​គ្នា។

មិន​តែ​ប៉ុណ្ណោះ មិន​យូរ​មិន​ឆាប់ វត្តមាន​របស់​អាមេរិក​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក និង​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា​ក៏​នឹង​អាច​បណ្តាល​ឱ្យ​មាន​ការ​ប្រេះឆា​បែក​បាក់​គ្នា​រវាង​ក្រុម​សមាជិក​អាស៊ាន​ដែល​មាន​ទំនោរ​ទៅ​រក​អាមេរិក និង​ក្រុម​សមាជិក​អាស៊ាន​ដែល​មាន​ទំនោរ​ទៅ​រក​ចិន៕

No comments:

Post a Comment

yes