សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 21, 2011


ទំនាក់ទំនងអូបាម៉ា-នេតាន់យ៉ាហ៊ូកំពុងស្ថិត

ក្នុងភាពចម្រូងចម្រាសខ្លាំង



លោក​​នេតាន់យ៉ាហ៊ូ (Netanyahu) នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ត្រូវ​ធ្វើ​ដំណើរទៅ​ជួប​ជាមួយ​លោក​អូបាម៉ា នៅ​សេតវិមាន នៅថ្ងៃ​សុក្រ ២០ ឧសភា ២០១១​នេះ។ ប្រមុខដឹកនាំ​ទាំងពីរ​នេះ​ធ្លាប់​ជួបគ្នា​ ៦លើក​មក​ហើយ​ ចាប់តាំង​ពី​លោក​អូបាម៉ា​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ក៏ប៉ុន្តែ មិនដែល​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ទេ។ នៅពេលនេះ ទំនាក់ទំនង​រវាង​លោក​អូបាម៉ា និង​លោក​នេតាន់យ៉ាហ៊ូ កាន់តែ​មាន​​ភាព​ចម្រូងចម្រាសខ្លាំងឡើង​ថែមទៀត ក្រោយ​ពី​លោក​អូបាម៉ា​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​​ទទួល​យក​ខ្សែបន្ទាត់​ ព្រំដែន​មុនឆ្នាំ​១៩៦៧ ធ្វើ​ជា​គោល ក្នុងការចរចា​ជាមួយ​ប៉ាឡេស្ទីន។

លោកអូបាម៉ាថ្លែងសុន្ទរកថានៅក្រសួងការបរទេសអាមេរិក

ថ្ងៃព្រហស្បតិ៍ ១៩ ឧសភា​២០១១
©REUTERS/Jason Reed


ការដោះស្រាយ​ជម្លោះ​នៅដើមបូព៌ា គឺ​ជា​អាទិភាព​ដ៏​ចម្បង​មួយ​របស់​លោក​អូបាម៉ា ក្រោយ​ពេល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។ ដើម្បី​ជំរុញ​ការចរចានេះ​ឲ្យ​ទៅមុខ លោក​អូបាម៉ា​ធ្លាប់​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នេតាន់

យ៉ាហ៊ូ​ ផ្អាកការ​សាងសង់​លំនៅដ្ឋាន​ឲ្យ​ប្រជាជន​អ៊ីស្រាអែល នៅ​ក្នុង​ទឹកដី​របស់​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​អ៊ីស្រាអែល​មិនបាន​យក​ត្រចៀក​ស្តាប់​ការទាមទារ​របស់​លោក​អូបាម៉ា ​ទេ។ លោក​អូបាម៉ា​ក៏​បាន​បញ្ឈប់​ការ​ទាមទារ​នេះ​វិញ ហើយ​ការចរចា​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ក៏​ត្រូវ​ជាប់គាំង បណ្តាល​ឲ្យលោក​អូបាម៉ា​ត្រូវ​បាក់មុខបាក់មាត់។


នៅថ្ងៃ​ព្រហស្បតិ៍ ១៩ ឧសភា ២០១១​នេះ មួយថ្ងៃ​មុនពេល​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក លោក​អូបាម៉ា​បាន​ទាមទារឲ្យ​អ៊ីស្រាអែល​​​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន មុនឆ្នាំ​១៩៦៧ មកធ្វើ​ជា​គោល ក្នុង​ការ​ចរចាជាមួយ​ប៉ាឡេស្ទីន។ ការទាមទារ​នេះ​ត្រូវ​បាន​ប្រមុខរដ្ឋាភិបាល​អ៊ីស្រាអែល​ច្រាន​ចោល​ភ្លាមៗ។


គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ឈ្នះ​សង្រ្គាម​ជាមួយ​ប្រទេស​អារ៉ាប់ នៅ​ឆ្នាំ១៩៦៧

(សង្រ្គាម៦ថ្ងៃ) អ៊ីស្រាអែល​បាន​កាន់កាប់​ដែនដី​មួយចំនួន ហួស​ពី​ព្រំដែន ដែលទទួល​ស្គាល់​ជា​អន្តរជាតិ ក្នុង​នោះ រួមមាន​ ដែនដី​យេរូសាឡឹម​ខាងកើត ព្រមទាំង​ទីតាំង​មួយចំនួន​ទៀត នៅ​ក្នុង​ដែនដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​បាន​សាងសង់​លំនៅ

ដ្ឋាន​ឲ្យ​ប្រជាជន​របស់​ខ្លួន​រស់នៅ។ រាល់ដែនដី ដែល​អ៊ីស្រាអែល​កាន់កាប់ ហួស​ពីព្រំដែន​មុនឆ្នាំ​១៩៦៧ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការកាន់កាប់​ដោយ​ខុសច្បាប់​ អន្តរជាតិ។


ការ​ដែល​អ៊ីស្រាអែល​ចចេស​ពង្រីក​ការសាងសង់​លំនៅដ្ឋាន​ដោយខុសច្បាប់ ចូល​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​ត្រូវ​ជាប់គាំង​ រហូត​ដល់​ពេលនេះ។ កាល​ពី​ពេលថ្មីៗនេះ ប្រធាន

អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្រកាសថា លោក​នឹង​ព្យាយាម​សុំ​ឲ្យ​អ.ស.ប. អនុម័ត​ទទួល​យក​ប៉ាឡេស្ទីន​ជា​សមាជិក​ពេញសិទ្ធិ នៅ​ក្នុង​ពេល​បើក​ធ្វើ​មហា

សន្និបាត នៅ​ខែ​កញ្ញា ២០១១​ខាង​មុខនេះ។ ការ​សុំចូល​ជា​សមាជិក​អ.ស.ប.​នេះ គឺ​មាន​ន័យ​ថា ប៉ាឡេស្ទីន​​នឹង​​ប្រកាស​បង្កើត​​រដ្ឋ​ឯករាជ​ ជា​ឯកតោ​ភាគី ដោយ​មិន​ចាំបាច់​ចរចា​ជាមួយ​អ៊ីស្រាអែល។


ជាគោលការណ៍ អ.ស.ប.​មិនមាន​សមត្ថកិច្ច​ទទួលស្គាល់​រដ្ឋ​ណាមួយ​ជា​រដ្ឋឯករាជ​នោះទេ។ ការ​ទទួលស្គាល់​រដ្ឋ គឺ​ជា​សមត្ថកិច្ច​របស់​ប្រទេស​ជាសមាជិក ក្នុង​ក្រប ខ័ណ្ឌ​ទ្វេភាគី។ ក៏ប៉ុន្តែ ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ប្រសិន​បើ​រដ្ឋ​ណាមួយ​ ត្រូវ​បាន​អ.ស.ប.​អនុម័ត​ឲ្យ​ចូល​ជា​សមាជិក រដ្ឋនោះ​នឹង​ក្លាយ​ជា​រដ្ឋ​ឯករាជ តាមភាព​ជាក់ស្តែង (de facto)។


នៅពេល​នេះ សហគមន៍​អន្តរជាតិ​ហាក់ដូចជា​កំពុង​តែ​ធុញទ្រាន់​នឹង​ដំណើរការ​ចរចា​សន្តិភាព ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​បាន​បើក​ធ្វើ​រាប់ដង​មិនអស់ ក៏ប៉ុន្តែ ​មិនដែល​ទទួល​បាន​លទ្ធផល​អ្វី។ ដោយ​គេ​មើលឃើញ​ថា បរាជ័យ​នៃ​​ការ​ចរចា​កើតឡើង​ដោយ​ភាព​រឹងចចេស​របស់​អ៊ីស្រាអែល​ផង​នោះ មាន​ប្រទេស​ជាច្រើន​កំពុង​តែ​ពិចារណា​ចង់​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន។ យោងតាម​​ឯកអគ្គរដ្ឋទូត​អេហ្ស៊ីប​ប្រចាំ​អ.ស.ប. រហូត​មកទល់ពេលនេះ មាន​ប្រទេស​ចំនួន ១១២​ហើយ ដែល​បាន​ទទួលស្គាល់​រដ្ឋ​ប៉ាឡេស្ទីន។ ដូច្នេះ ការស្វែងរក​សំឡេង​ ២ភាគ ៣ (១២៨​សំឡេង លើ​១៩២​) ក្នុង​មហាសន្និបាត​អ.ស.ប. ដើម្បី​អនុម័ត​សមាជិកភាព​របស់​ប៉ាឡេស្ទីន​​ទំនង​ជា​អាច​​ទៅរួច។


ក៏ប៉ុន្ត ឧបសគ្គ​ដ៏ធំ​របស់​ប៉ាឡេស្ទីន គឺ​ក្រុមប្រឹក្សា​សន្តិសុខ។ គួរ​បញ្ជាក់​ថា រាល់ការ​ទទួល​សមាជិក​ថ្មី ចាំបាច់​ត្រូវ​តែ​ឆ្លងកាត់​ការ​បោះឆ្នោត​​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ មុន​នឹង​ដាក់​ជូន​មហាសន្និបាត​បោះឆ្នោត​អនុម័ត។ នៅ​ក្នុង​សុន្ទរកថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​អូបាម៉ា​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ទទួល​យក​ខ្សែបន្ទាត់​ព្រំដែន​មុន​ ឆ្នាំ​១៩៦៧ ដើម្បី​ជាគោល​ក្នុង​ការ​ចរចា​ជាមួយ​ប៉ាឡេស្ទីន ក៏ប៉ុន្តែ ក្នុង​ពេលជាមួយ​គ្នា ​លោក​ក៏​បាន​ប្រឆាំង​ផងដែរ​​នឹង ការអនុម័ត​ឲ្យ​ប៉ាឡេស្ទីន​ចូល​ជា​ សមាជិក​អ.ស.ប. នៅ​ខែ​កញ្ញា​ខាងមុខ ដោយ​មិនឆ្លងកាត់​ការចរចា​ជាមួយ​អ៊ីស្រាអែល។ ដូច្នេះ គេ​រំពឹង​ថា អាមេរិក​ប្រាកដ​ជា​ប្រើ​សិទ្ធិវ៉េតូ ប្រឆាំង​នឹង​សមាជិកភាព​របស់​ប៉ាឡេស្ទីន​ជាមិនខាន។


បើ​ទោះជា​អាមេរិក​អាច​រារាំង​ប៉ាឡេស្ទីន​មិនឲ្យ​ចូលជាសមាជិក​អ.ស.ប. តាមរយៈ​ការ​ប្រើសិទ្ធិវ៉េតូ​ ក៏ប៉ុន្តែ អាមេរិក និង​អ៊ីស្រាអែល​អាច​ប្រឈមមុខ​នឹង​ភាព​ឯកោ​ផ្នែក​ការទូត ប្រសិន​បើ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ផ្សេងទៀត ជាពិសេស បារាំង អង់គ្លេស និងអាល្លឺម៉ង់ បោះឆ្នោត​គាំទ្រ​ប៉ាឡេស្ទីន នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ។ នេះ​ហើយ​​ជាក្តី​បារម្ភ​របស់​អ៊ីស្រាអែល និង​អាមេរិក នៅពេលនេះ៕




BY: rfi

No comments:

Post a Comment

yes