ម៉ុងឫទ្ធីរិះគន់អ្នកបណ្តេញប្រជាពលរដ្ឋ
ភ្នំពេញ : កាលពីម្សិលមិញ ឧកញ៉ាដ៏ល្បីល្បាញម្នាក់ក្នុង ប្រទេសកម្ពុជាបានថ្លែងសុន្ទរកថាឥតព្រាងទុកជាមុនទៅកាន់ ព្រឹទ្ធសមាជិក និងសមាជិករដ្ឋសភា ដែលមានខ្លឹមសារគួរឲ្យភ្ញាក់ផ្អើលក្នុងអង្គសិក្ខាសាលា ។
ថ្លែងនៅចុងសិក្ខាសាលាដែលមានរយៈពេល ៤ ម៉ោងស្តីពីការសម្របនឹងការប្រែប្រួលអាកាសធាតុ នៅវិមានរដ្ឋសភា លោក ម៉ុង ឫទ្ធី បានរិះគន់អ្នកវិនិយោគដែលបណ្តេញប្រជាជនចេញពីតំបន់ដែលស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលផ្តល់ដោយរដ្ឋាភិបាល។
លោកបានថ្លែងថា៖ «អ្នកវិនិយោគមួយចំនួនបានអះអាងថា ពួកគេត្រូវ បណ្តេញប្រជាជនចេញ ដើម្បីអភិវឌ្ឍដីសម្បទានរបស់ពួកគេ។ ប៉ុន្តែខ្ញុំមិនឯកភាព ចំពោះយុទ្ធសាស្រ្តនេះទេ។ គាត់រស់នៅកន្លែងនោះតាំងពីដូនតា ម៉ាកុងមក តើឲ្យគាត់ ទៅនៅឯណា ពេលបណ្តេញគាត់ចេញ?»
លោក ម៉ុង ឫទ្ធី ជាពាណិជ្ជករ ព្រឹទ្ធសមាជិកម្នាក់ លោកក៏បានជំរុញឲ្យអ្នកវិនិយោគផ្តល់ការងារដល់ប្រជាជនមូល ដ្ឋានលើដីសម្បទានជាជាងជួលពីខាងក្រៅ។
ដីសម្បទានសេដ្ឋកិច្ច ពិសេសដីទាំងឡាយដែលផ្តល់ឲ្យប្រជាជន និងក្រុមហ៊ុនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងគណបក្សកាន់អំណាច បានរងការរិះគន់យ៉ាងខ្លាំងពីតំណាងរាស្រ្តមកពីគណបក្ស ប្រឆាំងអ្នកបរិស្ថាននិងអង្គការសិទិ្ធមនុស្ស។ ផលបត្ររបស់លោក ម៉ុង ឫទ្ធី មានក្នុងវិស័យដឹកជញ្ជូន កសិ-ឧស្សាហកម្ម និង សំណង់។ លោកត្រូវបានដាក់ងារថា៖ «មេលុយរបស់ហ៊ុនសែន» ក្នុងសារទូរលេខទូត ពីសា្ថនទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលចុះផ្សាយដោយ វីគីលីគ កាលពីដើមខែនេះ។ សារទូរលេខទូត ដែលសរសេរកាលពីឆ្នាំ ២០០៧ បានអះអាងថា ដីសម្បទានរបស់លោកក្នុងខេត្តស្ទឹងត្រែងមានទំហំធំជាងទំហំកំណត់ដោយច្បាប់ ដល់ទៅ១០ដង។
បន្ទាប់ពីសារទូរលេខទូតបានចុះផ្សាយ លោក ម៉ុង ឫទ្ធី បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា សកម្មភាពពាណិជ្ជកម្មទាំងអស់របស់លោកជាសកម្មភាពស្របច្បាប់។ លោកបានបញ្ជាក់ថា ការផ្តល់អំណោយរបស់លោកធ្វើឡើងក្នុងគោលបំណង«ជួយប្រជាជននិង ជាតិ» មិនមែន ដើម្បីផ្តល់លទ្ធភាពឲ្យលោកធ្វើហួសពីច្បាប់ឡើយ។
ថ្លែងនៅសិក្ខាសាលាកាលពី ម្សិលមិញ លោកក៏បានស្នើសុំរដ្ឋាភិបាល «បង្កើតគណៈកម្មាធិការមួយដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់ថា តើក្រុមហ៊ុនដែលទទួលដីសម្បទានពីរដ្ឋាភិបាល ឧទាហរណ៍ក្រុមហ៊ុន [ក] ហ្នឹងបានវិនិយោគក្នុងភូមិហ្នឹងប្រាកដមែន ឬអត់ តើមានការរំលោភបំពានសិទិ្ធស្រ្តី និងកុមារទេ បានផ្តល់ការងារដល់ប្រជាជនត្រឹមត្រូវតាមលក្ខខណ្ឌរបស់រដ្ឋទេ»។
លោកបន្ថែមថា គណៈកម្មាធិការនឹងដំណើរការល្អ ប្រសិនបើ«មានការគាំទ្រពីវិស័យឯកជន»។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូបានលើកទឹកចិត្តលោក ម៉ុង ឫទ្ធី ជំរុញឲ្យមានការកំណែទម្រង់ដែលលោកបានលើកឡើង។ លោកស្រីបានសរសេរតាមអ៊ីមែលថា៖ «ប្រសិនបើលោកត្រង់នោះទាល់តែលោកពិតជាជឿជាក់លើសេចក្តីថ្លែងរបស់ លោក ហើយនឹងជំរុញរដ្ឋាភិបាលឲ្យធ្វើកំណែទម្រង់បែប នេះ វាជាជំហានល្អមួយឆ្ពោះទៅយុតិ្តធម៌បន្ថែមទៀត ដើម្បីដោះស្រាយជម្លោះដីធ្លីដ៏ច្រើន។ វានឹងបើកចំហឲ្យមានការអភិវឌ្ឍដែល មានតុល្យភាពនិងចុះសម្រុងគ្នា»។ «ចេញពីលោក... សេចក្តីថ្លែងនេះ មានសក្តានុពលបង្កើតស្តង់ដារថ្មីសម្រាប់ផ្តល់ដីសម្បទានដល់ ក្រុមហ៊ុនធំៗ និងគ្រប់គ្រងរបៀបដែលក្រុមហ៊ុនអនុវត្តកិច្ចសន្យារបស់ខ្លួន និងគោរពតាមច្បាប់ការងារជាតិ»។«គណៈកម្មាធិការប្រសិនបើឯករាជ្យ មិនត្រឹមតែធ្វើរឿងអស្ចារ្យដោះស្រាយបញ្ហាធនធានដីនិងជម្លោះ ជាច្រើន ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺវាថែមទាំងជាវិធីល្អ ដើម្បីឲ្យមានកិច្ចសន្ទនាកាន់តែល្អប្រសើរនិងភាពតានតឹងតិច តួចក្នុងសង្គម»។
លោក ម៉ុង ឫទ្ធី ត្រូវបានស្នើឲ្យថ្លែងសុន្ទរកថា ក្នុងអង្គសិក្ខាសាលា បន្ទាប់អ្នកសម្របសម្រួលបានសម្រេចលុបចោលវគ្គ សំណួរ និងចម្លើយលើកម្មវិធីសិក្ខាសាលាក្រោមប្រធានបទស្តីពីសេដ្ឋ កិច្ច និងការសម្របនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ីអាគេ្នយ៍៕ TK
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes