គ្រោះទឹកជំនន់បំផ្លាញផ្ទៃដី៣០០ហិកតា
នៅស្រុកបន្ទាយមាស
ខេត្តកំពត ៖ ផ្ទៃដីបង្កបង្កើនផល ដែលពលរដ្ឋបានស្ទូងហើយ មានចំនួន៥ឃុំ នៅស្រុកបន្ទាយមាស រងការប៉ះពាល់ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់តាំងពីថ្ងៃទី២៧ សីហា ២០១១ រហូតមកដល់ថ្ងៃទី៣១ សីហា ២០១១ ស្របពេលនិងទំនប់ទឹកស្ទឹងនៅស្រុកជុំគីរី ត្រូវបានបាក់ ធ្វើឱ្យទឹកទាំងនោះហូរសាយភាយមកដល់ស្រុកបន្ទាយមាស។
ពលរដ្ឋនៅភូមិចំលងជ្រៃ ឃុំស្តេចគង់ បានឱ្យដឹងថា ឥឡូវនេះសន្ទូងរបស់គាត់ដែលទើបតែស្ទូងហើយថ្មីៗបានរលួយអស់ ហើយចំណែកឯផ្ទះសម្បែងក៏បានលិចអស់ដែរ ។
លោកម៉ម សាន់ មេភូមិចំលងជ្រៃបានប្រាប់ឱ្យកោះសន្តិភាពដឹងថា ផ្ទៃដីប្រជាពលរដ្ឋរងការប៉ះពាល់មានចំនួន៥០ហិកតា ពលរដ្ឋខ្លះក៏បានស្ទូងស្រូវចំនួន២លើករួចទៅហើយ នៅតែរលួយខូចខាតអស់ដដែល។
លោកវ៉ាយ សាវ៉ាន់ ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយមាស បានថ្លែងប្រាប់ឱ្យដឹងថានៅស្រុកបន្ទាយមាស មានឃុំចំនួន៥គឺ ឃុំស្តេចគង់ខាងលិច ឃុំទូកមាសខាងលិច ឃុំទូកមាសខាងកើត ឃុំវត្តអង្គខាងត្បូង និងឃុំសំរោងក្រោម សរុបទាំងអស់ចំនួន៥ឃុំ និងមានផ្ទៃដី៣០០ហិកតា ដែលរងការប៉ះពាល់ដោយសារទឹកភ្លៀង និងបាក់ទំនប់ទឹកស្ទឹង។ ការលិចលង់យូរថ្ងៃបែបនេះ បណ្តាលមកពីផ្លូវរថភ្លើងធ្វើឱ្យទឹកស្ទះ មិនអាចឱ្យទឹកហូរលឿនបាន។
ចំណែកឯលោកជា ចាន់លី អភិបាលស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា ទួលទឹកនៅព្រៃទន្លេ បានបើកទាំងអស់ ដើម្បីបញ្ចៀសនូវការខូចខាតផលដំណាំស្រូវ របស់ពលរដ្ឋ ។ ការខូចខាតដំណាំ និងសន្ទូងពលរដ្ឋ ទើបតែស្ទូងហើយមិនទាន់ដឹងពីចំនួននៃការខូចខាតនោះទេ៕
ពីគេហទំព័រ៖ កោះសន្តិភាព

No comments:
Post a Comment
yes