សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 30, 2011

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ស្នើរ​សុំ​ព្រះ​មហាក្សត្រ​លើក​លែង​ និង​​បន្ធូរ​បន្ថយ​​​ទោស​​​ទណ្ឌិត​​​ចំនួន​​៤៣២​​នាក់​ទូទាំង​​ប្រទេស

ទណ្ឌិត​ទូទាំង​ប្រទេស​កម្ពុជា​ចំនួន​ ​៤៣២​នាក់ ​ត្រូវ​​បាន​​នាយកដ្ឋាន​ពន្ធនា​គារ​​​ធ្វើ​ការ​​ស្នើរ​​សុំ​​ក្រសួង​​​យុត្តិធម៌​ ដើម្បី​លើក​សំណើរ​ទូល​ថ្វាយ​ព្រះ​ករុណា​ប្រទាន​នូវ​ការ​លើក​លែង​ទោស ​និង​​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​នា​ឱកាស​​ព្រះរាជ​​ពិធី​​បុណ្យ​ អុំទូក ​​បណ្តែត​​ប្រទីប ​សំពះព្រះខែ ​និង​​អកអំបុក​​​ ​នា​ពេល​ខាង​មុខនេះ ។


លោក លីវ ម៉ូវ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​បានប្រាប់​អោយ​ដឹងថា ការស្នើរ​សុំ​ក្រសួង​យុតិ្តធម៌​ដើម្បី​ធ្វើ​ការ​លើក​លែង​ទោស​និង​បន្ធូរ​បន្ថយ​ទោស​ គឺមាន​ចំនួន​​សរុប​ ៤៣២នាក់ ​ក្នុង​នោះ​ស្នើរ​សុំលើក​លែង​ទោស​មាន ​ចំនួន៦៨នាក់ ​និង​បន្ធូរ​បន្ថយ​​ទោស​​មាន​ចំនួន ៣៦៤នាក់ ។


លោកលីវម៉ូវបាន​ញ្ជាក់ថា ​បច្ចុប្បន្ន​អ្នក​ទោស​ទូទាំង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ​​ខែ​​​​​តុលា ឆ្នាំ​២០១១​ មាន​ចំនួន​សរុប​១ម៉ឺន៥៣១៧នាក់ ​ស្រី្ត​ចំនួន ​១២១៨ ​នាក់ ​ក្នុង​នោះ​​មាន​ជន​ជាតិ​បរទេស​ចំនួន ​៦៤៩​នាក់ ​ស្រី​ចំនួន ​១៤៨នាក់ ។ ​លោកបន្តថា ​អ្នក​ទោស​​ជា​​អនិតិជន​មាន​ចំនួន ​៣៩៩​នាក់ ​ស្រី​២៥​នាក់ ​ស្រ្តី​មាន​ផ្ទៃ​ពោះ​មាន​ចំនួន ​១៥​នាក់ ។ ​លោក ​លីវ ម៉ូវ​ បាន​អោយ​ដឹង​ទៀត​ថា ប្រភេទ​ទោស​របស់​ជន​ល្មើ​ស​មាន​ចំនួន​ជាង ​៥០ ​ប្រភេទ​​ដូច​ជា​ មនុស្ស​ឃាត ​ប៉ុនប៉ងមនុស្សឃាត ​មនុស្ស​ឃាតដោយ​ចេតនា ​ប្លន់ប្រដាប់​អាវុធ និង​ប្លន់​​សំលាប់​ជាដើម ។​


ទាក់ទង​និង​ករណីខាង​លើ​នេះ​ដែរ ​លោក​ ​ចាន់ ​សុវេត ​មន្ត្រី​​អង្គការ​​សិទ្ធ​មនុស្ស​​អាដហុក​​បាន​​បញ្ជាក់​ថា ​ស្ថាន​ភាព​អ្នក​ទោស​នៅ​តាម​បណ្តា​​ពន្ធនាគារ​ទាំង​២៦​​នៅ​ទូទាំង​ប្រទេស​​គឺ​មាន​សភាព​ចង្អៀត​ណែន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​រស់​នៅ​ក្នុង​ពន្ធនាគារ​របស់​អ្នក​ទោស​​ និង​ប៉ះពាល់​ដល់​ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់​ និង​គ្មាន​អនាម័យ​​អាហារ​គ្មាន​​រស់​ជាតិ​​ និង​របប​​សម្រាប់​​​​​​​​ផ្តល់​ឲ្យ​អ្នកទោស​ពុំ​បាន​ទាន់ពេលវេលា​ ។


គួរបញ្ជាក់​ថា​ ​ការ​ស្នើរ​សុំ​លើក​លែង​ទោស ​និង​បន្ធូរ​​បន្ថយ​ទោស​នេះ ​មាន​ចំនួន​ ៣លើក​ ក្នុង​មួយ​ឆ្នាំ​មាន​ដូច​ជា ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ​បុណ្យ​ពិសាខ​បូជា ​និងព្រះរាជពិធី​​បុណ្យ​អុំទូក​​ បណ្តែត​ប្រទីប សំពះព្រះខែ និងអកអំបុក ៕ 








ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes