ម្ចាស់កម្មវិធីអាមីតាប បាចចាននិងស៊ូស៊ីល គូម៉ា ដែលបានក្លាយ
ជាមនុស្សដំបូងគេដែលឈ្នះរង្វាន់១លានដុល្លារ
របាយការណ៍ទូរទស្សន៍ក្នុងស្រុកកាលពីថ្ងៃសុក្របានអោយដឹងថា បុគ្គលិករដ្ឋដ៏ក្រីក្រវ័យ២៧ឆ្នាំម្នាក់ ដែលកើតនៅក្នុងភូមិក្រីក្រមួយក្នុងរដ្ឋប៊ីហា ប្រទេសឥណ្ឌាភាគខាងកើត បានក្លាយជាអ្នកឈ្នះទឹកប្រាក់៥០លានរូពី (មួយលានដុល្លារសហរដ្ឋអាមេរិច) ដំបូងគេរបស់ប្រទេសនេះ នៅក្នុងកម្មវិធីឆ្លើយសំណួរទូរទស្សន៍។
ស៊ូស៊ីល គូម៉ា បានឆ្លើយសំណួរចុងក្រោយយ៉ាងត្រឹមត្រូវ ដើម្បីឈ្នះរង្វាន់ធំបំផុតរបស់កម្មវិធីទូរទស្សន៍ "តើនរណាចង់ក្លាយជាសេដ្ឋី" ក្នុងស្រុកដ៏ពេញនិយម របស់ KBC ដែលបានបង្កើតឡើងដោយតារាភាពយន្តល្បីឈ្មោះរបស់ឥណ្ឌា អាមីតាប បាចចាន។
លោកគូម៉ា ដែលសំដែងនូវសេចក្តីរីករាយខ្លាំង បានប្រាប់សារព័ត៌មានបន្ទាប់ពីការរកឃើញចម្លើយដើម្បីឈ្នះរង្វាន់ធំនៅល្ងាចថ្ងៃអង្គារថា "អ្វីៗគ្រប់យ៉ាងហាក់បីដូចជាខុសប្លែកទាំងស្រុង។ រហូតមកទល់ពេលនេះ អារម្មណ៍កំពុងតែចាប់ផ្តើមមានការជឿជាក់។ ខ្ញុំពុំធ្លាប់គិតសោះថា ខ្ញុំអាចនឹងឈ្នះទឹកប្រាក់៥០លានរូពី"។
គូម៉ា ដែលការឈ្នះរបស់គាត់បានធ្វើអោយនឹកឃើញដល់សាច់រឿងនៃខ្សែភាពយន្តល្បីល្បាញឈ្មោះ "Slumdog Millionaire" ជាបុគ្គលិករដ្ឋដែលមានប្រាក់ខែ៦.៥០០រូពី (១៥០ដុល្លារសហរដ្ឋអាមេរិច) និងបានរៀបការកាលពី៥ខែមុននេះ។ គាត់ធ្វើការងារជាការីកុំព្យូទ័រជាមួយរដ្ឋាភិបាលរដ្ឋប៊ីហា។
បងប្អូនប្រុសរបស់គាត់ឈ្មោះ ស៊ូនីល បានបន្ថែមថា៖ វាជាថ្ងៃដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីសិល្បៈ KBC! បុរសវ័យក្មេងម្នាក់មកពីតំបន់ខាងក្នុងរដ្ឋប៊ីហា ដែលកើតចេញពីគ្រួសារមានប្រវត្តិតូចទាបបំផុត ហើយដែលរកចំណូលពីប្រាក់ខែបានត្រឹមតែ៦.៥០០រូពី ក្នុងមួយខែនោះ អាចឆ្លងទៅដល់វគ្គកំពូល និងទទួលបានរង្វាន់ខ្ពស់ចំផុតចំនួន៥០លានរូពី! វាជារឿងពិបាកនឹងជឿមួយ!"។
KBC គឺជាកម្មវិធីសំណួរចម្លើយទូរទស្សន៍មួយ ក្នុងចំណោមកម្មវិធីសំណួរចម្លើយទូរទស្សន៍ដ៏មានប្រជាប្រិយភាពខ្លាំងបំផុតរបស់ប្រទេសឥណ្ឌា ហើយបានផ្តល់នូវប្រាក់រង្វាន់ដែលកើនចំនួនយ៉ាងច្រើននៅរដូវនេះ៕
No comments:
Post a Comment
yes