សកម្មជនគណបក្ស សម រង្ស៊ី ម្នាក់ ក្នុងឃុំត្បែង២ នៃស្រុកគូលែន ខេត្តព្រះវិហារ បានសំដែងការព្រួយបារម្ភចំពោះសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីបានអះអាងថា មានមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលម្នាក់ បានគំរាមរូបគាត់ឱ្យចុះហត្ថលេខាប្រគល់ដីនៅក្នុងឃុំជាច្រើនពាន់ហិកតារទៅឱ្យក្រុមហ៊ុនឯកជនមួយ ដើម្បីធ្វើជាដីសម្បទានសេដ្ឋកិច្ចមិនបានសម្រេចមក។
លោក ប៉ោយ ទុំ ជាមេឃុំត្បែង២ របស់ស្រុកគូលែន។ លោកបានអះអាងកាលពីល្ងាចថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ថា មានមន្ត្រីនៃគណៈកម្មការគ្រប់គ្រងដីធ្លីរបស់រដ្ឋថ្នាក់ជាតិម្នាក់ដែលលោកមិនបានស្គាល់ឈ្មោះ បានគំរាម និងបង្ខំរូបលោកកាលពីព្រឹកថ្ងៃដដែល ឱ្យចុះហត្ថលេខាប្រគល់ដីជាង ៣.០០០ហិកតារនៅក្នុងឃុំរបស់លោកទៅឱ្យក្រុមហ៊ុនមួយឈ្មោះ ភីភី ម៉ាឡេស៊ី (PP Malaysia) ដើម្បីធ្វើវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ។
លោក ប៉ោយ ទុំ បានមានប្រសាសន៍ទៀតថា លោកបានបដិសេធមិនព្រមចុះហត្ថលេខាទេ បើទោះបីជាមានការគាបសង្កត់លើរូបលោកក៏ដោយ៖ «មន្ត្រីជំនាញចុះមកកំណត់ដីក្រុមហ៊ុនឱ្យខ្ញុំចុះហត្ថលេខា បើថា លោកមិនចុះហត្ថលេខាទេ ដីនេះទុកជាសម្បត្តិរបស់រដ្ឋ។ ឱ្យខ្ញុំផ្ទេរសិទ្ធិឱ្យជំទប់ទី២ ចុះហត្ថលេខា ប៉ុន្តែខ្ញុំបញ្ជាក់ហេតុផលថា ខ្ញុំមិនអាចផ្ទេរសិទ្ធិបានទេ ព្រោះអីខ្ញុំមិនបានទៅណា បើសិនជាខ្ញុំទៅណា ៣ថ្ងៃបានអាចផ្ទេរសិទ្ធិបាន។ ផ្ទេរសិទ្ធិក៏មិនអាចផ្ទេរទៅជំទប់ទី២ដែរ ផ្ទេរសិទ្ធិទៅជំទប់ទី១។ កង្វល់របស់ខ្ញុំបើបាត់បង់ដីលំនៅឋានរបស់ប្រជាពលរដ្ឋបានខ្ញុំមិនចុះហត្ថលេខា ហើយខ្ញុំព្រួយបារម្ភមួយទៀត ទាក់ទងនឹងខ្ញុំមិនចុះហត្ថលេខាក្រែងគេធ្វើបាបខ្ញុំយ៉ាងណា?»។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចស្វែងរកការបំភ្លឺពីមន្ត្រីរដ្ឋាភិបាលដែលកំពុងទទួលរងការចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយទេ។ ក៏ប៉ុន្តែមន្ត្រីសាលាស្រុកគូលែន បានច្រានចោលការចោទប្រកាន់នោះថា គឺជារឿងមិនពិត។
លោក ជុំ ពុយ ជាអភិបាលស្រុកគូលែន។ លោកបានមានប្រសាសន៍ថា មិនមានការគំរាមកំហែងបង្ខំឱ្យមេឃុំចុះហត្ថលេខាប្រគល់ដីឃុំទៅឱ្យក្រុមហ៊ុនឯកជនដូចការចោទប្រកាន់នោះទេ។
លោកបានមានប្រសាសន៍ថា តាមពិតដំណាក់កាលនេះ គឺមន្ត្រីរដ្ឋាភិបាលទើបតែចុះធ្វើការកំណត់អត្តសញ្ញាណកម្មលើផលប៉ះពាល់ប៉ុណ្ណោះ មុននឹងប្រគល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ដើម្បីឱ្យក្រុមហ៊ុនកាត់ចេញនូវដីស្រែ និងចំការរបស់ប្រជាពលរដ្ឋដែលនឹងប៉ះពាល់ទាំងឡាយនោះ។
ចំណែកឯការឱ្យមេឃុំចុះហត្ថលេខានោះ មិនមែនឱ្យប្រគល់ដីទៅឱ្យក្រុមហ៊ុនទេ គឺឱ្យឃុំទទួលស្គាល់ថា នៅក្នុងឃុំរបស់ខ្លួនមានការប៉ះពាល់ដីស្រែ និងចំការចំនួនប៉ុន្មានហិកតារ៖ «គេសុំហត្ថលេខាគាត់ហ្នឹង សុំហត្ថលេខាទទួលស្គាល់ថា ដីប្រជាពលរដ្ឋប្រមាណពាន់ហិកតារដែលត្រូវប៉ះពាល់លើដីហ្នឹងតើមែន ឬអត់? បើគាត់មិនចុះហត្ថលេខា បានសេចក្ដីថា គាត់អត់ទទួលស្គាល់ផលប៉ះពាល់ហ្នឹងទេ»។
លោក ជុំ ពុយ បានឱ្យដឹងទៀតថា តាមឯកសារដែលលោកបានឃើញ គឺក្រុមហ៊ុនម៉ាឡេស៊ីមួយ ត្រូវការដីសម្បទានសេដ្ឋកិច្ចចំនួន ១១.០០០ហិកតារ ដើម្បីដាំកៅស៊ូ ហើយតាមការស្រាវជ្រាវភូមិសាស្ត្រ លោកដឹងថា មានផ្ទៃដីស្រែ និងចំការរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្រយ៉ង់ និងឃុំត្បែង២ នឹងទទួលរងផលប៉ះពាល់ចំនួនជា ២.០០០ហិកតារ។
ទោះយ៉ាងណាលោក ឡោ ច័ន្ទ អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារ បានមានប្រសាសន៍ថា លោកនឹងចុះធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់អំពីភាពពិតនៃរឿងនោះយ៉ាងណា នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា នេះ៕
វិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes