ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ ជា ព្រះឧបជ្ឈាយ៍ និងជាព្រះចៅអធិការ វត្តចុឡាមុនី ចេតិយ (ចេតីយ៍) ឋិតនៅក្នុងថ្កូវ ខេត្តព្រះត្រពាំង បានទទួលអនិច្ចធម្មក្នុង ព្រះជន្មាយុ ៧៥ ព្រះវស្សា ។ នៅថ្ងៃអង្គារ៍ទី ០៨ ខែវិច្ឆិកា នេះ ជាថ្ងៃទី ២នៃពិធី បុណ្យ ឈានកិច្ចរបស់ព្រះអង្គ ដែលកំពុងតែប្រារព្ធ នៅវត្តចុឡាមុនីចេតិយ (ចេតីយ៍) ។
ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ បានទទួលអនិច្ចធម្មនៅវេលាម៉ោង១២ : ២០ នាទី អធ្រាត្រ ថ្ងៃអាទិត្យ ១១ កើត ខែកត្ដិក ឆ្នាំថោះ ត្រីស័ក ព. ស. ២៥៥៥ ត្រូវ នឹងថ្ងៃទី ០៦ ខែវិច្ឆិកា គ. ស. ២០១១ ដោយជរាពាធ។ នេះបើយោងតាមថេរដីកា របស់ព្រះតេជព្រះគុណ ថាច់ ញ៉ឹក ព្រះសង្ឃ ដែលបានចូលរួមក្នុងការរៀបចំកម្មវិធី បុណ្យឈាបនកិច្ចនេះ បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃនេះ ។
ព្រះតេជព្រះគុណ ថាច់ ញ៉ឹក មានថេរកាថា ពិធីបុណ្យឈាបនកិច្ចនេះ មានការចូលរួម ពីសំណាក់ពុទ្ធបរិស័ទ ព្រះចៅអធិការវត្ត និងមន្ត្រីសង្ឃខ្មែរក្រោមនៅខេត្តព្រះត្រពាំង យ៉ាងច្រើនកុះករ ។ ព្រះ អង្គបាន បន្តទៀតថា ពិធីបូជាព្រះភ្លើងព្រះសពនឹងប្រព្រឹត្តទៅ នៅរាត្រីអកអំបុកសំពះព្រះ គឺចំថ្ងៃ ១៥ កើត ខែ កក្ដិក ឆ្នាំ ថោះត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ខាងមុខនេះ ។
ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ ប្រសូត ក្នុង ឆ្នាំ ជូត អដ្ឋស័ក ព. ស. ២៤៨០ គ. ស. ១៩៣៦ នៅភូមិព្រែកទុង ស្រុកកញ្ចោង ឬ ស្រុកទីវកឹង ខេត្តព្រះត្រពាំង និង បាន បួសរៀន នៅវត្តសុវណ្ណនិរោធ (ជ្រៃភេ) ស្រុកកញ្ចោង ខេត្តព្រះត្រពាំង ។ ក្រោយមក ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ ត្រូវបានពុទ្ធបរិស័ទ ចំណុះជើងវត្តចុឡាមុនីចេតិយ(ចេតីយ៍) តែងតាំងជា ព្រះចៅអធិការវត្ត និងរហូត មកដល់ឆ្នាំ ១៩៧៥ ទើបព្រះអង្គ បានទទួលតួនាទី ជាព្រះឧបជ្ឈាយ៍ ដើម្បីបំបួស ភិក្ខុសាមណេរ នៅក្នុងវត្តរបស់ ព្រះអង្គ និងវត្តនានា នៅក្នុងតំបន់ចំណុះអុប (ឧបជ្ឈាយ៍) របស់ ព្រះអង្គឋិតនៅក្នុងស្រុកថ្កូវ ។
ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីកាថា កាលព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ នៅមានព្រះជន្មនៅឡើយ ព្រះអង្គកសាងសមិទ្ធិផលជាច្រើន សម្រាប់វត្តចុឡមុនីចេតិយ (ចេតីយ៍) ដើម្បី ទុកជាសម្បត្តិរួមរបស់ជាតិនិងព្រះពុទ្ធ សាសនាខ្មែរនៅកម្ពុជាក្រោម ដូចជាការ កសាងកុដិព្រះវិហារ សាលា រៀន ជាដើម ។
ផ្នែកប្រាជ្ញាស្មារតី ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ តែងតែងអប់រំ បង្រៀនអក្សរ សាស្ត្រខ្មែរ និងធម៌អាថ៌វិន័យដល់ព្រះសង្ឃ ព្រមទាំងតែងតែសម្ដែង ព្រះធម៌ទេសនា ទូន្មានដល់ ពុទ្ធបរិស័ទឲ្យយល់អំពីមាគ៌ា ព្រះពុទ្ធសាសនាជា និច្ចកាល ៕
ប្រភព័ត៌មាន៖ សារព័ត៌មានព្រៃនគរ
No comments:
Post a Comment
yes